​ភ្នំពេញៈ បន្ទាប់ពី​មានការ​ចាកចេញ​របស់​សមាជិក​ស្នូល​ ២​ រូប ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) គឺ​លោក​យ៉ង សាំង​កុមារ ជា​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស និង​ជា​សហ​ស្ថាបនិក​សំខាន់​របស់​បក្ស ព្រមទាំង​លោក ​ឡឹ​ក សុធារ អ្នកនាំពាក្យ​គណបក្ស​ទៅ​ចូលរួម​គណបក្ស​ប្រជាជន​​កម្ពុជា ក្រោម​ហេតុផល​ចូល​ជួយ​រដ្ឋាភិបាល លើ​វិស័យ​កសិកម្ម​ក្នុងស្រុក បក្ស GDP ​ត្រូវបាន​មតិ​សាធារណៈ និង​អ្នកតាមដាន​ស្ថាន​ការណ៍​នយោបាយ មើលឃើញ​ពី​ជោគវាសនា​អាក្រក់​របស់​បក្ស​នេះ​អាច​ប្រឈម​នឹង​ការ​រលំ​រំលាយ​។​

​ជុំវិញ​រឿងនេះ លោក​សាម អ៊ី​ន អគ្គលេខាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន បានផ្តល់​បទ​សម្ភាសន៍​ពាក់ព័ន្ធ​នឹង​ដំណើរការ​បន្ត​របស់​គ​ណ​បក្ស ព្រមទាំង​គោលជំហរ​បក្ស​បន្ត​ក្នុង​សង្វៀន​នយោបាយ​កម្ពុជា ខណៈ​គណបក្ស នេះ​មាន​អាយុកាល​ប្រមាណ​ ៧​ ឆ្នាំ​។ បន្ទាប់ពី​ការចាកចេញ​នៃ​បុគ្គល​សំខាន់​ក្នុង​បក្ស​ទៅ​ចូលរួម​ជាមួយ បក្ស​កាន់អំណាច GDP រង​ការ​ទិតៀន​មួយចំនួន​ជុំវិញ​ការចាក​​ចេញ​នេះ​។​

​បន្ទាប់ពី​ការចាកចេញ​របស់លោក​យ៉ង សាំង​កុមារ និង​លោក​ឡឹ​ក សុធារ តើ​ផ្ទៃក្នុង​បក្ស​បាន​រៀបចំ​សេណារីយោ​ដូចម្តេច​ដែរ​?

​យើង​បានបញ្ជាក់​រួចហើយ​ថា ការចាកចេញ​របស់លោក​បណ្ឌិត​យ៉ង សាំង​កុមារ និង​លោក​ឡឹ​ក សុធារ នេះ គឺ​មានការ​ផ្តល់ព័ត៌មាន ជាមុន ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជាពិសេស​ជាមួយ​លោក​ប្រធាន​យ៉េ​ង វីរៈ អ្នកគ្រូ ប្រុ​ប វ​ន្នី ជាមួយ​ខ្លួន​ខ្ញុំ​ផ្ទាល់​។

​បន្ទាប់ពី​ការចាក​ចេញ​នេះ យើង​មាន​វិធានការ​ដើម្បី​ជ្រើសតាំង​សមាសភាព​ជំនួស​លោក​ទាំង​ ២ ​ដែល​យើង​នឹង​ប្រើ​យន្តការ​ផ្ទៃក្នុង​បក្ស​របស់​យើង​ក្នុងការ​ជ្រើសរើស​មនុស្ស​ជំនួស​ផ្ទៃក្នុង​បក្ស​ដែល​យើង​មាន​លក្ខន្តិកៈ និង​យន្តការ​បក្ស​ផ្ទាល់​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​មិន​លើសពី​ ២​ សប្តាហ៍​ទៀត​នោះទេ​។ យើង​ប្រើ​យន្តការ​ប្រជាធិបតេយ្យ ក្នុងនោះ​មានការ​ប្រជុំ​គណៈ​កម្ម​​ការប្រតិបត្តិ និង​គណៈកម្មាធិការ​​នាយក​ជាដើម ក្នុងការ​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​នាយក និង​អគ្គលេខាធិការរង​។​

​បន្ទាប់ពី​ការចាកចេញ​របស់​សហ​ស្ថាបនិក​សំខាន់ តើ​គណបក្ស អាច​នឹងមាន​ការផ្លាស់​ប្តូរ លក្ខន្តិកៈ និង​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​បក្ស ឬទេ​?

​គណបក្ស​ប្រជាធិបតេយ្យ​មូល​​ដ្ឋា​ន នឹង​ពុំមាន​ការផ្លាស់ប្តូរ​លក្ខ​ន្តិ​កៈ ណាមួយ​ឡើយ ព្រមទាំង​រចនាសម្ព័ន្ធ ផ្ទៃក្នុង​បក្ស​ជាដើម ដោយ​យើង​នៅ រក្សា​ការប្រើប្រាស់​យន្តការ ដែល​គណបក្ស​បានកំណត់​ក្នុង​សុពល​​ភាព​រួច​ទៅហើយនោះ​ដដែល ដោយ គ្រាន់តែ​ជ្រើសរើស​មនុស្ស​ថ្មី​មក​ជំនួស​អ្នក​ចាកចេញ​ប៉ុណ្ណោះ​។​

​មានការ​លើកឡើង​ពី​សាធារណ​​មតិ និង​អ្នកវិភាគ​នយោបាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អាចមាន​ជោគវាសនា​អាក្រក់​អ​ស្ថិរ​ភាព​បក្ស បន្ទាប់ពី​ការចាកចេញ​របស់លោក​យ៉ង សាំង​កុមារ តើ​លោ​កមានអ្វី​ជាការ​ឆ្លើយតប​ទេ​?

​ជាធម្មតា អ្នកវិភាគ ពួកគាត់​តែង នៅ​ឈរ​តាម​ទីតាំង​របស់​ពួកគាត់ ដោយ​ធ្វើការ​ប៉ាន់ប្រមាណ​ផ្ទាល់ខ្លួន ដោយ​ពួកគាត់​មិនបាន​យល់ដឹង​ស៊ីជម្រៅ​អំពី​ស្ថានការណ៍​ជាក់ស្តែង របស់​ផ្ទៃក្នុង​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះទេ​។ ពួកគាត់​មាន​សិទ្ធិ​វិភាគ បញ្ចេញយោបល់ ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យើង​មាន​យន្តការ​ផ្ទៃក្នុង​របស់​យើង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ហើយ​យើង​នឹង​ចាត់វិធានការ​ឆាប់ៗ ដោយ​រើសយក​មនុស្ស ដែលមាន​សមត្ថភាព​ម​ក​ជំនួស​លោក​បណ្ឌិត យ៉ង សាំង​កុមារ ដើម្បី​បន្តដំណើរ​របស់​បក្ស​យើង​ជា​បន្តទៀត​។ ដូច្នេះ សូម​អំពាវនាវ​ដល់​អ្ន​ក​វិភាគ​ធ្វើការ តាមដាន​ជា​បន្តទៀត ព្រមទាំង​ទទួល​ព័ត៌មាន​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើការ​វិភាគ​ឱ្យ​កាន់តែ​ត្រឹម​ត្រូវ​ជូន​ដល់​មហាជន​។​

​បន្ទាប់​ពីនេះ តើ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​នឹងធ្វើ​អ្វី​ជា​បន្តទៀត ហើយ​ថា តើ​គណបក្ស​នេះ​នឹង​ប្រកាន់​ជំហរ​មោះមុត​ក្នុង​ឆាកនយោបាយ​ខ្មែរ​ឬ​យ៉ាងណា​?

​ខ្ញុំ​សូម​ធ្វើការ​បញ្ជាក់ថា តាំងពី​ការកកើត​គណបក្ស​ប្រជា​ធិ​ប​​តេ​យ្យ​មូលដ្ឋាន ពីថ្ងៃ​ទី ​២ ខែសីហា ឆ្នាំ​ ២០១៥ រហូតមកដល់​ពេលនេះ គណបក្ស​យើង​បាន​ជួបប្រទះ និង ប្រឈម​ជាមួយនឹង​បញ្ហាលំបាកៗ ជាច្រើន​រួចទៅហើយ​។ រាប់​ចាប់​​តាំងពី​ការជេរប្រមាថ ការ​លាប​ពណ៌ ការមើលស្រាល កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ ការចាកចេញ​ពី​សំណាក់ សមាជិក​បក្ស​មួយចំនួន ជាពិសេស ក្នុង​ឆ្នាំ​ ២០១៦ គឺ​ការបាត់បង់​បិតា​ស្ថាបនិក​គណបក្ស គឺ​លោក​​បណ្ឌិត​កែម ឡី និង​នាពេល​ថ្មីៗ​នេះ​ទៀត ក៏មាន​ការចាកចេញ​ពី​សហ​ស្ថាបនិក​ ១ ​រូប​ទៀត គឺ​លោក​ បណ្ឌិត យ៉ង សាំង​កុមារ​។​

​យើង​ធ្លាប់បាន​ឆ្លងកាត់​ឧបសគ្គ ជាច្រើន​ជំពូក​ទៅហើយ ប៉ុន្តែ​គណ​បក្ស​យើង​នឹង​បន្តដំណើរ​ទៅមុខ​បន្តទៀត ជាមួយ​ភាពស្វាហាប់ និង ប្រកបដោយ​ក្តីសង្ឃឹម​ដើម្បី​ចូល​​រួមចំណែក​លើកស្ទួយ​ល​ទ្ធិ​ប្រជា​​ធិបតេយ្យ​នៅ​កម្ពុជា និង​ដំណើរ​សំដៅ​ទៅរក​គោលដៅ​វែងឆ្ងាយ​របស់​យើង​ដើម្បី​ពលរដ្ឋ​កម្ពុជា​រស់​នៅក្នុង​ជីវភាព​មួយ​ដែល​ថ្លៃថ្នូរ​។ ប្រទេសជាតិ​មាន​អធិបតេយ្យភាព ពេញលេញ ហើយ​យើង​នៅ​បន្ត​គោរព​គោលការណ៍​សាមគ្គី​ជាតិ យុត្តិធម៌ អហិង្សា​ក្នុងការ​បន្តដំណើរ តស៊ូ​នយោបាយ​របស់​យើង​បន្តទៀត ដែល​សូម​អំពាវនាវ​ដល់​សមា​ជិ​ក អ្នកគាំទ្រ​យើង សាធារណជន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន​។​

​សារ​ចុងក្រោយ ខ្ញុំ​សាម អ៊ី​ន សូម បញ្ជាក់ថា ដើមឈើ​ ១ ​ដើម រីក​លូត​លាស់​ចាក់ឫស​រឹងមាំ តែងតែ​ជួប​ប្រទះ​ព្យុះភ្លៀង​ជាច្រើន​ដែល​នេះ​ជា រឿង​ធម្មតា​ក្នុង​ច្បាប់ធម្មជាតិ​៕