ភ្នំពេញៈ ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតលិខិតអនុញ្ញាតពីមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះដើមអង្គ្រង ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ បន្ទាប់ពីបានធ្វេសប្រហែសធ្វើឱ្យស្រី្តម្នាក់ដែលរកសេវារម្លូតគភ៌នៅមន្ទីរនេះរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សេចក្តីសម្រេចដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ថ្ងៃទី ៨ ខែធ្នូបានបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនដើមអង្គ្រង ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «ដោយមូលហេតុប្រើប្រាស់បុគ្គលិកផ្សេងគ្មានការបណ្តុះបណ្តាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងប្តូរទីតាំងដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។ ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង និងអ្នកដែលបានប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេស ក្នុងការពិនិត្យនិងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
សេចក្តីសម្រេច បញ្ជាក់ថា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងលោកស្រីសួស ច័ន្ទរស្មី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង បានសម្តែងការសាទរចំពោះសេចក្តីសម្រេចនេះដែលបានបិទមន្ទីរពេទ្យគ្មានវិជ្ជាជីវៈត្រឹមត្រូវ។ លោកបន្តថា ការបិទនេះ គឺជាការព្រមានទៅដល់គ្លីនិក ឬមន្ទីរពហុព្យាបាល និងមន្ទីរពេទ្យឯកជនដទៃទៀត ដែលមិនមានវិជ្ជាជីវៈ ដើម្បីឱ្យប្រឹងប្រែងកែលម្អគុណភាព និងវិជ្ជាជីវៈរបស់ខ្លួន ចៀសវាងយកជីវិតរបស់ប្រជាពលរដ្ឋមកលេងសើច។
លោកថា៖ «ព្រោះពលរដ្ឋទៅរកពេទ្យដើម្បីសង្គ្រោះជីវិតគេ មិនមែនមករកពេទ្យដើម្បីឱ្យពេទ្យនោះធ្វើឱ្យគេកាន់តែមានភាពលំបាក ជំងឺរ៉ាំរ៉ៃអស់ ១ ជីវិតទេ នេះគឺជាកំហុសឆ្គង ១ ធំ។ ការសម្រេចបិទជាផ្នែក ១ ប៉ុន្តែការផ្តល់សំណងជំងឺចិត្តទៅដល់អ្នកជំងឺជារឿង ១ សំខាន់ចាំបាច់ដែលត្រូវតែធ្វើ ព្រោះគាត់ជនរងគ្រោះក្លាយជាអ្នកជំងឺរ៉ាំរ៉ៃដោយសារភាពគ្មានវិជ្ជាជីវៈរបស់មន្ទីរពេទ្យ»។
បន្ថែមពីនេះ លោកយង់ គិមអេង ក៏បានស្នើទៅក្រសួងសុខាភិបាល ត្រូវតែធ្វើការត្រួតពិនិត្យទៅលើមន្ទីរពេទ្យផ្សេងៗទៀត ហើយការត្រួតពិនិត្យនោះត្រូវតែឈរលើគោលការណ៍តម្លាភាព និងមានវិជ្ជាជីវៈខ្ពស់ និងមានគណនេយ្យភាពចំពោះសុខភាពសាធារណៈ ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកទៅរកសេវាព្យាបាល ដើម្បីឱ្យមាន ការជឿជាក់ទៅលើវិស័យសុខាភិបាលនៅកម្ពុជា។
លោកថា៖ «ក្រសួងត្រូវតែចាត់វិធានការឱ្យបានតឹងរ៉ឹង មិនចាំបាច់ទាល់តែថ្នាក់លើប្រាប់ ឬក៏ថ្នាក់លើចង្អុលបង្ហាញនោះទេ ព្រោះការអនុវត្ត ការកែលម្អវិស័យសុខាភិបាល ជាសិទ្ធិអំណាចដ៏សំខាន់របស់ក្រសួងសុខាភិបាល»។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្ថានភាពរបស់អ្នកជំងឺរូបនេះក៏បានល្អប្រសើរផងដែរ ដោយក្នុងនោះលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រកាសចំណាយថ្លៃព្យាបាលទាំងស្រុងដល់ស្ត្រីរងគ្រោះរូបនេះ។
យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា៖ «មន្ទីរសម្រាកព្យាបាលដើមអង្គ្រងមានការធ្វេសប្រហែសបានអនុញ្ញាតឱ្យឆ្មបរូបនេះ មិនទាន់ទទួលបានការបណ្តុះបណ្ដាលបន្ថែមស្ដីពីការរម្លូតគភ៌នៅឡើយ ដែលការអនុវត្តនេះខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប»។
សូមរំឭកដែរថា ការសម្រេចបិទមន្ទីរពេទ្យនោះ បន្ទាប់ពីមានហេតុការណ៍គួរឱ្យតក់ស្លុតមួយ ដោយស្ត្រីម្នាក់បានទៅរកសេវារម្លូតគភ៌ក្នុងផ្ទៃអាយុ ១៨ សប្តាហ៍ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង។ បន្ទាប់មក ស្ត្រីនោះមានអាការធ្ងន់ធ្ងរ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
លោក ផេង វឿន អាយុ ២៨ ឆ្នាំ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងឱ្យដឹងថា ការរម្លូតគភ៌នោះគឺធ្វើឡើងដោយខុសលក្ខណៈបច្ចេកទេសដោយសារឆ្មបបានច្រឡំកាត់ពោះវៀនថាជាទងសុក ទើបធ្វើឱ្យប្រពន្ធរបស់លោកបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
វីដេអូ៖