ភ្នំពេញៈ ប្រទេសកូឡុំប៊ី ប្តេជ្ញាពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយអាស៊ាន និងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ រវាងតំបន់អាស៊ាន និងអាមេរិកខាងត្បូង ខណៈកម្ពុជា និងកូឡុំប៊ី ឯកភាពគ្នាជំរុញទំនាក់ទំនងទ្វេភាគី និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។
ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ កាលពីថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី រវាងលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Francisco José Coy Granados អនុរដ្ឋមន្ត្រី ការបរទេសនៃប្រទេសកូឡុំប៊ី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនាថ្ងៃទី ៨ ខែធ្នូ បញ្ជាក់ថា ភាគីទាំង ២ ក៏បានពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានសារប្រយោជន៍ទៅវិញទៅមក ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងការគាំទ្រពហុភាគីនិយម និងប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ឯកឧត្តមអ៊ុច បូររិទ្ធ បានកត់សម្គាល់អំពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសកូឡុំប៊ី ក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងតំបន់អាស៊ាន និងអាមេរិក-ខាងត្បូង។ ភាគីទាំង ២ បានឯកភាពជំរុញទំនាក់ទំនងទ្វេភាគី និងបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនទាំង ២»។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា លោក Granados បានកោតសរសើរកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថ្មីៗនេះ នៅរាជធានីភ្នំពេញ ក្នុងអំឡុងពេល ដែលបញ្ហាភូមិសាស្ត្រនយោបាយកំពុងមានភាពតានតឹង។ ភាគីទាំង ២ ក៏បានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងពិធីរំឭកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងកូឡុំប៊ី។ លោក អ៊ុច បូររិទ្ធ ថ្លែងអំណរគុណចំពោះភាគីកូឡុំប៊ី ដែលបានបោះពុម្ពតែមប្រៃសណីយ៍ជានិមិត្តសញ្ញានៃមិត្តភាព រវាងប្រទេសទាំង ២ ក្នុងឱកាសនេះ។
ដោយទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង ២ នៅមានកម្រិត ភាគីទាំង ២ បានឯកភាពធ្វើការរួមគ្នា ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំង ២។
លោកអ៊ុច បូររិទ្ធ ប្រាប់លោក Granados ថា បរិយាកាសធុរកិច្ច និងគោលនយោបាយវិនិយោគនៅកម្ពុជា មានលក្ខខណ្ឌអំណោយផល។ លោកបានស្នើឱ្យមានការរៀបចំវេទិកាធុរកិច្ចអមកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគីបន្ទាប់នៅរាជធានីភ្នំពេញ ដើម្បីពង្រីកសកម្មភាពតភ្ជាប់រវាងធុរកិច្ចនៃប្រទេសទាំង ២។
បើតាមសេចក្តីប្រកាសព័ត៌មាន ភាគីទាំង ២ បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជួយគ្នាទៅវិញទៅមក ក្នុងការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន។ ភាគីកូឡុំប៊ីបានស្នើឱ្យភាគីកម្ពុជា ពិចារណាលើការលើកទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនធម្មតា។
ក្នុងវិស័យអប់រំ ភាគីកូឡុំប៊ីបានស្វាគមន៍ចំពោះសំណើរបស់កម្ពុជា ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានការទូតនៃប្រទេសទាំង ២ ហើយបានប្តេជ្ញាបន្តផ្តល់អាហារូបករណ៍ភាសាអេស្ប៉ាញដល់មន្ត្រីកម្ពុជានៅឆ្នាំខាងមុខ។ ភាគីកូឡុំប៊ីក៏បានសម្រេចផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជាចាប់ពីឆ្នាំ ២០២៣ តទៅផងដែរ។
ចំពោះកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងការរក្សាសន្តិភាព កូឡុំប៊ីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដោះមីនដល់មន្ត្រីកូឡុំប៊ីជាង ១៨០ នាក់ចាប់ពីឆ្នាំ ២០១០។
លោកអ៊ុច បូររិទ្ធ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលមន្ត្រីកូឡុំប៊ី រយៈពេល ៣ ឆ្នាំបន្ថែមទៀតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្រីភាគី កម្ពុជា-ជប៉ុន-កូឡុំប៊ី៕