ភ្នំពេញៈ សាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជាជាង ១ ៨០០ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍកម្ពុជា ខណៈប្រាក់ឥណទានសម្បទានទាំងនេះ ក៏នឹងចូលរួមពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំង ២។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ៨ ខែធ្នូ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ៩ ខែធ្នូ នៅវិមានសន្តិភាព។
ក្នុងពិធីនោះឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាលោក ប៉ាក ហឹងឃ្យុង (PARK Heung-kyeong) នឹងចុះហត្ថលេខាលើកិច្ចសម្របសម្រួល ក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារ។
ក្នុងពេលជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធ មុនីរ័ត្ន និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន ២ ផងដែរ។
គម្រោងទាំងនោះរួមមាន គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។
ក្រសួងការបរទេសកម្ពុជាគូសបញ្ជាក់ថា៖ «ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំង ២»។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ ថ្លែងថា ការផ្តល់ឥណទានសម្បទាននេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ល្អមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការវិនិយោគនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ព្រមទាំងពង្រឹងនូវភាពជាដៃគូទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ។ មួយវិញទៀត ការផ្តល់ឥណទានសម្បទានមានទឹកប្រាក់ដ៏ច្រើននេះ បង្ហាញថា សាធារណរដ្ឋកូរ៉េមានទំនុកចិត្តចំពោះស្ថិរភាពនយោបាយ និងភាពរឹងមាំផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។
លោកបានប្រាប់ថា៖ «នេះបានបង្ហាញថា សាធារណរដ្ឋកូរ៉េ ក៏ដូចជាមជ្ឈដ្ឋានផ្សេងទៀត មានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលកម្ពុជា ទំនុកចិត្តលើស្ថិរភាពនយោបាយ ភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ អ៊ីចឹងទាំងអស់នេះហើយដែលធ្វើឱ្យកូរ៉េ ក៏ដូចជាវិនិយោគិនបរទេសមួយចំនួន ក៏ដូចជាដៃគូផ្សេងទៀតរួមទាំងជប៉ុនហ៊ានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា»។
សូមជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចូលជាធរមាន កាលពីថ្ងៃ ទី ១ ខែធ្នូ ឆ្នាំ ២០២២ ដែល កិច្ចព្រមព្រៀងនេះនឹងពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដ៏ល្អ និងការពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំង ២ ផងដែរ៕