ភ្នំពេញៈ កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល ដើម្បីជំរុញការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច ដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គម។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ លោកស ខេង រដ្ឋន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ផ្អែកទៅលើការរីកចម្រើន តម្រូវការសង្គម រួមជាមួយការប្រកួតប្រជែងលើឆាកអន្តរជាតិ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ និងត្រូវតែមានការជំរុញការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច។
ការធ្វើកំណែទម្រង់នេះដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គមផង និងដើម្បីទប់ទល់ទៅនឹងសភាពការណ៍វិវត្តន៍នៃ បរិបទសកលលោក និងហេតុការណ៍នានាដែលកើតចេញពី វិបត្តិពិភពលោកផងដែរ។
លោកថ្លែងថា៖ «ការធ្វើកំណែទម្រង់នេះមានលក្ខណៈជាអន្តរវិស័យមានទំនាក់ទំនងដោយ ផ្ទាល់ផងនិងប្រយោលផងព្រមទាំងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
អាស្រ័យហេតុនេះ ជោគជ័យគឺអាស្រ័យទៅលើការរៀបចំដោយការយកចិត្តទុកដាក់ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក»។
ដើម្បីធានាឱ្យឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពី «សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល» នេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ លោក ស ខេង ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អគ្គលេខាធិការដ្ឋាននិងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង ៤ ផងដែរ។ លោកជំរុញឱ្យបន្តកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរួមឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រមដែលបានកំណត់ក្នុងឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល។
អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង ៤ ត្រូវរៀបចំកិច្ចប្រជុំពិភាក្សាពីយន្តការសម្របសម្រួលការកែទម្រង់ចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម ការកែទម្រង់ ៣ បូក ១ ឱ្យបានទៀងទាត់ ដើម្បីតាមដាន និងត្រួតពិនិត្យពីវឌ្ឍនភាពនិងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
ក្នុងនោះត្រូវពិនិត្យលទ្ធភាពផ្តល់ការគាំទ្រគ្រប់មធ្យោបាយដល់កំណែទម្រង់នីមួយៗឱ្យបានសមស្រប។ លោក ស ខេង បានបញ្ជាក់។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានស្នើដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្តល់ការគាំទ្រ និងបន្តចូលរួមក្នុងកិច្ចដំណើរការនៃកំណែទម្រង់ស្នូលទាំង ៤ របស់រាជរដ្ឋាភិបាលដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម ព្រមទាំងការពង្រឹងគុណភាពអភិបាលកិច្ចដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) បានថ្លែងថា ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ដោយយកសមិទ្ធផល និងបទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍នៃ បរិបទសកលលោក។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និងបទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តន៍នៃបរិបទសកលលោក។
លោកបន្តថា៖ «នៅក្នុងបរិបទសកលលោកបច្ចុប្បន្ននេះ ការកែទម្រង់ផ្នែកអភិបាលកិច្ចមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ព្រោះកម្ពុជាត្រូវពង្រឹងសមត្ថភាព និងភាពរឹងមាំរបស់ស្ថាប័នសាធារណៈក្នុងការឆ្លើយតបតាមរយៈវិធានការបង្ការជាបុរេសកម្ម បានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព»។
លោកអូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ចំពោះវិបត្តិជាច្រើនដែលអាច កើតឡើងដោយមិនអាចស្មានទុកបាន និងកាន់តែពិបាកដោះស្រាយព្រមទាំងមានលក្ខណៈកាន់តែស្រួចស្រាល់ខ្លាំងឡើង ដែលមិនធ្លាប់ ឬកម្រជួបប្រទះ ដូចជាវិបត្តិនៃជំងឺកូវីដ និងវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕