ភ្នំពេញៈ យុវជន​ប្រមាណ ​២០០​ នាក់ ចូលរួម​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​ឆ្នាំ​ ២០២២ ក្រោម​មូលបទ​រួមគ្នា​ប្រយុទ្ធ​​ប្រឆាំង​អំពើពុករលួយ​ដើម្បី​រួមគ្នា​ពិភាក្សា​ស៊ីជម្រៅ​អំពី​បញ្ហា​អំពើពុករលួយ និង​រួមគ្នា​ស្វែង​រក​ដំណោះស្រាយ ខណៈ​សង្គម​ស៊ីវិល​ថា ការចូលរួម​របស់​យុវជន​គឺជា​កត្តារួម​ចំ​​ណែ​ក​កាត់បន្ថយ​អំពើ​ពុក​រលួយ​នៅក្នុង​ប្រទេស​។​

​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​ ២០២២ អង្គការ​តម្លាភាព​កម្ពុ​ជា សហ​ការ​ជាមួយ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៧​ ស្ថាប័ន បានរៀបចំ​វេទិកា «​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ឆ្នាំ​ ២០២២» ដែលមាន​ការចូល​​រួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល សហជីព ជា​ពិសេស​យុវជន​នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី​ភ្នំពេញ​។​

​អង្គការ​តម្លាភាព​កម្ពុ​ជា បានឱ្យដឹងថា វេទិកា​នេះ រៀបចំ​ឡើងជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នាំ​ ២០២២ ក្នុង​គោល​បំណង​កៀរគរ​ភាគី​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​អំពី​អំពើពុករលួយ ផលប៉ះពាល់ និង​ដំណោះ​ស្រាយ និង​អបអរសាទរ​ទិវា​ប្រឆាំង​អំពើពុករលួយ​អន្តរជាតិ​។​

​អង្គការ​តម្លាភាព​កម្ពុ​ជា បាន​បញ្ជាក់ថា​៖ «​នៅ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​ ២០០៣ មហាសន្និបាត នៃ​អង្គ​ការ​សហប្រជាជាតិ បានអនុម័ត​អនុសញ្ញា​ប្រឆាំងនឹង​អំពើ​ពុក​​រលួយ​។ មហាសន្និបាត​ក៏បាន​កំណត់​យក​ថ្ងៃទី​ ៩ ខែធ្នូ ជា​ទិវា​ប្រឆាំង​អំពើពុករលួយ​អន្តរជាតិ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​តួនាទី​នៃ​អនុសញ្ញា​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​អំពី​អំពើពុករលួយ​»​។​

​លោក រ៉ូ វណ្ណៈ តំណាង​អង្គ​ការ​តម្លាភាព​កម្ពុជា និង​ជា​ក្រុម​ការងារ​ប្រឆាំង​អំពើពុករលួយ បាន​និយាយថា អំពើពុករលួយ គឺជា​ការរំលោភ​អំណាច​ដែល​ប្រគល់ឱ្យ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​បាន​បំផ្លាញ​ការ​ជឿទុកចិត្ត​របស់​ពល​រដ្ឋ និង​ធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ​ខ្សោយ ព្រមទាំង​បង្កើតឱ្យមាន​ភាពក្រីក្រ​ផងដែរ​។

​អំពើ​ពុក​​រលួយ ក៏បាន​ធ្វើឱ្យ​អស់ជំនឿ​ជឿទុកចិត្ត​មកលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ពី​សំណាក់​មហាជន ដែល​ទាមទារ​ឱ្យមាន​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ហើយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​យុវជន គឺ​សុទ្ធតែជា​ផ្នែក​សំខាន់​ដើម្បី​ចូលរួម​លុប​​បំបាត់​អំពើពុករលួយ​នៅក្នុង​ប្រ​ទេស​កម្ពុជា​។

​លោក​ថា​៖ «​សេរី​​ភាព​នៃ​ការរាយការណ៍​ពី​អំពើពុករលួយ ជា​កត្តា​ចម្បង​នៃ​ការកាត់បន្ថយ​អំពើពុករលួយ ហើយ​អំពើពុករលួយ​គឺជា​ឧ​ប​​សគ្គ​ចម្បង​ចំពោះ​ការអភិវឌ្ឍ​ប្រទេស​។ ខ្ញុំ​រំពឹងថា ធាតុ​ចូល​ពី​អ្នកពាក់ព័ន្ធ ជា​កត្តា​ចម្បង​ជំរុញ​ការយល់ដឹង និង​ចូលរួមចំណែក​ទប់ស្កាត់​អំពើ​ពុក​រលួយ​»​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅ​ថ្ងៃទី ​៨ ខែធ្នូ នេះ ក៏បាន​រៀបចំ​ពិធី​អបអរសាទរ ទិវា​ជាតិ អន្តរជាតិ ប្រឆាំង​អំពើពុករលួយ ៩​ ធ្នូ នៅក្នុង​សាកល​​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលមាន​សិស្សានុសិស្ស​រាប់រយ​នាក់​ចូលរួម​ផងដែរ​។​

​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា​៖ «​ការគោរព​នីតិ​​រដ្ឋ គឺជា​ការរួមចំណែក​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​»​។

​កញ្ញា ឡាយ ហ្គួ​ច​ស៊ាន ជា​យុវនារី​មកពី​ខេត្តកំពត បាន​និយាយថា ការយល់ដឹង​កាន់​តែ​ច្បាស់​អំពី​អំពើពុករលួយ គឺ​នាំឱ្យ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ កាន់​តែមាន​ប្រសិទ្ធ​ភាព ហើយ​ការជជែក​គ្នា​ក្នុង​ពេលនេះ គឺ​បានផ្តល់​ឱកាស​ដល់​យុវជន​កាន់តែច្រើន បាន​យល់ដឹង និង​ចូលរួម​នៅក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​។​

​កញ្ញា ថ្លែងថា​៖ «​ប្រទេស​កម្ពុ​ជា គឺ​នៅតែមាន​អំពើពុករលួយ​ទៅតាម​បុគ្គល និង​តាម​តំបន់ ដែល​សម្រាប់​យើង​ជា​យុវជន គួរតែ​ចូលរួម​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ ដើម្បីឱ្យ​ប្រទេស​​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍ និង​លែងមាន​អំពើពុករលួយ​។ នៅពេល​យើង​ឃើញ​អំពើ​ពុក​រលួយ យើង​ត្រូវ​ចូលរួម​រាយការណ៍ ហើយ​ផ្តើមចេញពី​យើង មិន​ប្រព្រឹត្ត​អំពើពុករលួយ​»​។

​ការ​​ស្រាវជ្រាវ​នៅ​ឆ្នាំ​ ២០២១ មាន​យុវជន​៣៣​ភាគរយ បាន​និយាយថា អំពើពុករលួយ គឺជា​បញ្ហា​ធំ​សម្រាប់​ប្រទេសជាតិ​៕