
ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ យកស្រូវលក់ឱ្យរោងម៉ាស៊ីនកិនស្រូវ កាលពីខែវិច្ឆិកា។ រូបថត សហការី
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឌិត ទីណា បន្តស្នើឱ្យសារព័ត៌មានអនឡាញ VOD ជាភាសាអង់គ្លេស ដកចេញអត្ថបទចំនួន ៤ ដែលលោកលើកឡើងថា បានចុះផ្សាយមានខ្លឹមសារខុសពីការប្រកាសរបស់ក្រសួង និងចោទប្រកាន់ក្រសួងថា បានគំរាមពលរដ្ឋមិនឱ្យរិះគន់វិធានការដែលក្រសួងដាក់ចេញ។
លោកស្នើដូច្នេះនៅក្នុងជំនួបជាមួយតំណាងស្ថាប័នសារព័ត៌មានចំនួន ៦ កាលពីថ្ងៃទី៦ ខែធ្នូ ព្រមទាំងបានលើកឡើងនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់។
សាវតារនៃការចុះផ្សាយអត្ថបទទាំងនោះ កើតចេញពីក្ដីបារម្ភរបស់ប្រជាកសិករមួយចំនួននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីខែវិច្ឆិកា ពាក់ព័ន្ធនឹងតម្លៃស្រូវចុះថោកនៅរដូវប្រមូលផល។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្មបានចាត់មន្ត្រីជំនាញ ២ រូបឱ្យចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងមុនពេលក្រសួងដាក់ចេញវិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហាចំពោះមុខនៅនឹងកន្លែង។
ស្របពេលជាមួយគ្នានេះ ក្រសួងក៏បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៥ វិច្ឆិកា ដោយបញ្ជាក់ពីវិធានការរបស់ក្រសួង ព្រមទាំងបានអំពាវនាវកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាកសិករ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងកសិកម្មសរសេរថា៖ «ទន្ទឹមគ្នានេះ ក្រសួងសូមអំពាវនាវឱ្យបងប្អូននៅក្នុងបណ្ដាញសង្គម បញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិតដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករដែលមិនទាន់ដល់ពេលប្រមូលផល ឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ដែលកាន់តែធ្វើឱ្យតម្លៃស្រូវចុះថោកថែមទៀត»។
បញ្ហាតម្លៃស្រូវ វិធានការ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង ត្រូវបានសារព័ត៌មានចុះផ្សាយជាច្រើន រួមមានទាំងVODផងដែរ។ យ៉ាងណាក៏ដោយ VODជាភាសាអង់គ្លេស បានចាត់ទុកការអំពាវនាវមិនឱ្យផ្សព្វផ្សាយព័ត៌មានមិនពិតនោះ ថាជាការ«ហាមកុំឱ្យរិះគន់» «គំរាម» «ព្រមាន» និង «គំរាមកំហែង»។
កាលពីថ្ងៃទី ២ ខែធ្នូ ក្រសួងកសិកម្ម ក៏បានផ្ញើលិខិតទៅកាន់និពន្ធនាយកសារព័ត៌មាន VOD ជាភាសាអង់គ្លេស ដោយសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងចាត់ទុកថាជា «កង្វះវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មានខ្មែរនៃសារព័ត៌មាន VOD» និងជាការបំភ្លៃការពិត។
ក្រសួងបន្តថា ពួកគេគួរណាស់តែអាចយល់បានច្បាស់ និងដកស្រង់បានត្រឹមត្រូវនូវសេចក្ដីប្រកាសព័ត៌មានជាភាសាខ្មែរដែលក្រសួងបានប្រើពាក្យពេចន៍យ៉ាងសាមញ្ញបំផុត។
លិខិតដដែលនោះ បានសរសេរថា៖ «សារព័ត៌មាន VOD ជាភាសាអង់គ្លេសគួរតែដកចេញនូវអត្ថបទព័ត៌មានទាំង ៤ ខាងលើ និងបញ្ឈប់ការរាយការណ៍មិនត្រឹមត្រូវ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន»។
ថ្លែងកាលពីថ្ងៃទី៦ ធ្នូ លោករដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា លើកឡើងថា លោកបានពិនិត្យមើលអត្ថបទចុះផ្សាយទាំង៤ របស់VOD រវាងភាសាខ្មែរ និង ភាសាអង់គ្លេស និងឃើញថា អត្ថបទជាភាសាខ្មែរមានខ្លឹមសារអាចទទួលយកបាន ខណៈដែលអត្ថបទជាភាសាអង់គ្លេសដែលប្រើពាក្យពេចន៍មិនត្រឹមត្រូវ។
ភ្នំពេញប៉ុស្តិ៍បានព្យាយាមសុំការបកស្រាយអំពីការប្រើពាក្យពេចន៍ទាំងនោះ ពីសំណាក់អ្នកសរសេរអត្ថបទទាំងនោះ។ ប៉ុន្តែពួកគេបដិសេធអត្ថាធិប្បាយ ហើយបានស្នើឱ្យទៅសួរនិពន្ធនាយក លោក យាង សុធារិន្ទ។
នៅពេលទាក់ទងសុំការអត្ថាធិប្បាយ លោក យាង សុធារិន្ទ បានថ្លែងយ៉ាងខ្លីថា៖ «បាទ សួស្ដីប្អូន! បងសូមមិនធ្វើអត្ថាធិប្បាយអីទេ»។
នៅលើបណ្ដាញសង្គមធ្វីធើរ មានការបញ្ចេញមតិផ្សេងៗគ្នា ពាក់ព័ន្ធនឹងការចុះផ្សាយរបស់ VOD ដោយអ្នកខ្លះក៏ស្នើឱ្យ VOD បន្ថែមថា ការប្រើពាក្យពេចន៍ទាំងនោះ គឺជាមតិយោបល់ផ្ទាល់ខ្លួនរបស់ VOD។
អ្នកប្រើធ្វីធើរ ឈ្មោះ Soneath Bun បានសរសេរថា៖ «យើងសង្ឃឹមថា VOD ជាភាសាអង់គ្លេស កែតម្រូវការបំភ្លៃរបស់ខ្លួននៅលើអនឡាញ ពីព្រោះវាអាចបន្តធ្វើឱ្យមានការយល់ច្រឡំបន្តទៀត»។
អ្នកប្រើធ្វីធើរម្នាក់ទៀតឈ្មោះ ចៅ បុណ្យ បានសរសេរស្រដៀងគ្នាថា៖ «VOD ភាសាអង់គ្លេស តែងតែផ្សាយព័ត៌មានដែលផ្ទុយនឹងការពិត មានបំណងបញ្ឆេះកំហឹងមហាជនទៅលើរដ្ឋាភិបាល»។
លោក មឿន ឈានណារិទ្ធ សាស្ត្រាចារ្យផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា បានថ្លែងថា នៅក្នុងសង្គមប្រជាធិបតេយ្យ តែងមានការរិះគន់ ហើយការផ្សព្វផ្សាយព័ត៌មានក៏តែងមានការខុសឆ្គងផងដែរ តែអ្វីដែលសំខាន់នោះគឺការទទួលស្គាល់កំហុសរបស់ខ្លួន ហើយធ្វើការកែតម្រូវ ដូចករណីក្រសួងកសិកម្មស្នើទៅ VOD។ លោកថា បន្ទាប់ពីកែតម្រូវហើយ ស្ថាប័នសារព័ត៌មានត្រូវតែពង្រឹងវិជ្ជាជីវៈរបស់ខ្លួន។
លោកថ្លែងដូច្នេះថា៖ «អ្នកសារព័ត៌មានយើងត្រូវតែពង្រឹងកាតព្វកិច្ច វិជ្ជាជីវៈ តើព័ត៌មានណាដែលគួរឱ្យសង្ស័យ យើងគួរតែប្រយ័ត្នបំផុត ដើម្បីចៀសវាងទទួលរងបញ្ហាផ្លូវច្បាប់សម្រាប់អ្នកសារព័ត៌មាន ទទួលរងការចោទប្រកាន់ការផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់សន្តិសុខជាតិ ស្ថានភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ ដែលគួរតែចៀសវាង»។
ករណីហាមមិនឱ្យផ្សព្វផ្សាយព័ត៌មានមិនពិតពីសំណាក់ក្រសួងកសិកម្មដែល VODចាត់ទុកថាជាការ «ព្រមាន» ឬ «គំរាមកំហែង» នោះ លោក ឈានណារិទ្ធ បានថ្លែងថា បញ្ហានេះអាចកើតចេញពីការប្រើប្រាស់ពាក្យពេចន៍ធ្ងន់ធ្ងរ។
លោកថា៖ «អ្វីដែលសំខាន់នោះគឺអ្នកសារព័ត៌មានត្រូវជ្រើសរើសកិរិយាស័ព្ទ ឬនាម ឬពាក្យពេចន៍ណាដែលសមស្រប ដូចជាថា ក្រសួងកសិកម្មពន្យល់ ប៉ុន្តែអ្នកសារព័ត៌មានគាត់ថា ក្រសួងកសិកម្មធ្វើការព្រមាន។ អីចឹងកិរិយាស័ព្ទ ធ្វើការព្រមាននេះ ជាពាក្យមួយដែលធ្ងន់ធ្ងរ ដែលធ្វើឱ្យក្រសួងកសិកម្មយល់ថា ពាក្យនេះមិនសមស្រប»។
លោកថា អ្នកសារព័ត៌មានត្រូវប្រើពាក្យពេចន៍កណ្ដាល ដូចជា «ក្រសួងកសិកម្មបានលើកឡើងថា ឬបាននិយាយថា» ហើយកុំប្រើពាក្យថា «ព្រមាន»។
លោកបន្តថា ការចោទប្រកាន់ថា ក្រសួង«គំរាមកំហែង» លុះត្រាតែមានការគំរាមកំហែងផ្នែករាងកាយ ឬ គំរាមកំហែងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកសរសេរអត្ថបទទាំងនោះ។ ការស្នើសុំកុំឱ្យចែកចាយព័ត៌មានមិនពិត មិនមែនជាការគំរាមកំហែងទេ ដោយហេតុថា បច្ចុប្បន្ននេះ អង្គការយូណេស្កូ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើយុទ្ធនាការលុបបំបាត់ការចែកចាយព័ត៌មានមិនពិត។
លោកបន្តថា៖ «ពេលខ្លះការប្រើពាក្យខុសដោយការយល់ច្រឡំ តែវាធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬការយល់ច្រឡំនោះបង្កជាបញ្ហាទៅវិញ»។
លោកថា៖ «ការស្នើសុំកុំឱ្យចែកចាយព័ត៌មានមិនពិត មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែកុំឱ្យបន្តមួយឃ្លាទៀតដូចជាថា ប្រសិនបើនៅបន្តធ្វើដូច្នេះ នឹងទទួលរងនូវទុក្ខទោស ឬបញ្ហាផ្លូវច្បាប់»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រសួងកសិកម្មអាចដាក់ពាក្យបណ្ដឹងទៅតុលាការករណីយល់ឃើញថា ការចុះផ្សាយនោះប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន។
លោកថ្លែងដូច្នេះថា៖ «ជាអង្គភាពក្ដី ជាបុគ្គលក្ដី បើគេមើលឃើញថាការផ្សាយនោះប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន កេរ្តិ៍ឈ្មោះរបស់ខ្លួន ហ្នឹងអាចដាក់ពាក្យបណ្ដឹងទៅតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចទៅ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម ជីវភាពរស់នៅប្រចាំថ្ងៃ និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានគ្មានប្រភពច្បាស់លាស់ ឬព័ត៌មានគ្មានការផ្ទៀងផ្ទាត់ មិនមែនជាការគំរាមកំហែងទៅដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬផ្សព្វផ្សាយព័ត៌មាននោះទេ។
លោកថា៖ «ក្នុងករណីមានក្រុមណាមួយឬអង្គភាពសារព័ត៌មានណាមួយដែលលើកឡើងថា ការអំពាវនាវ ការលើកទឹកចិត្ត ឬ ការស្នើសុំប្រជាពលរដ្ឋ ឬអង្គភាពសារព័ត៌មានកុំឱ្យបន្តផ្សព្វផ្សាយព័ត៌មានមិនពិតនោះថាជាការគំរាមកំហែងនោះ ខ្ញុំយល់ថាក្រុមនោះ ឬ សារព័ត៌មាននោះ មានចេតនា ឬលើកទឹកចិត្តឱ្យសារព័ត៌មានដទៃបន្តផ្សព្វផ្សាយនូវអ្វីដែលជាព័ត៌មានមិនពិតនៅក្នុងសង្គមរបស់យើង ដែលនាំឱ្យសង្គមរបស់យើងមានភាពច្របូកច្របល់ ធ្វើឱ្យពលរដ្ឋមានអារម្មណ៍មិនស្ងប់ ហើយការសម្រេចចិត្តរបស់គាត់ជួបនឹងបញ្ហា»។
លោកស្នើឱ្យអ្នកសារព័ត៌មានគោរពច្បាប់ បទដ្ឋានគតិយុត្តិ និងត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
លោកថា៖ «អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍សច្ចធម៌ និងគោរពសិទ្ធិយល់ដឹងនូវសច្ចធម៌របស់សាធារណជន។ អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយដំណឹងដោយសុចរិត និងធ្វើការអត្ថាធិប្បាយ ឬ រិះគន់ឱ្យបានត្រឹមត្រូវ និងសមស្របតាមគតិយុត្តិ»៕