
អ្នកចូលរួមក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅវិមានព្រឹទ្ធសភានៅថ្ងៃទី៩ធ្នូ។ រូបថត រដ្ឋសភា
ភ្នំពេញៈ ព្រឹទ្ធសភា និងរដ្ឋសភានៅព្រឹកថ្ងៃទី៩ធ្នូ បានរួមគ្នាប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅវិមានព្រឹទ្ធសភា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «ខួបលើកទី៧៤ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស»។
បើយោងតាមផេកហ្វេសប៊ុករដ្ឋសភា អង្គពិធីនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
លោក យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានមានប្រសាសន៍ក្នុងអង្គពិធីថា ថ្ងៃនេះក្នុងនាមគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីអបអរសាទរទិវា សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ និងមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី១ រដ្ឋសភា អង្គការការីតាសកម្ពុជា ក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការរៀបចំកម្មវិធីនេះឡើង។
លោកបានបន្តថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនេះ ជាឧត្តមគតិរួមមួយដែលប្រជាពលរដ្ឋគ្រប់ៗប្រទេសបានសម្រេច ដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ខិតខំប្រឹងប្រែង បណ្តុះបណ្តាល ការគោរពសិទ្ធិ និងសេរីភាព ទាំងនេះតាមរយៈការបង្រៀន និងការអប់រំ ហើយនឹងខិតខំប្រឹងប្រែងធានាឱ្យមានការទទួលស្គាល់ជាសកល ជាក់ស្តែងនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្តរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋ នៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដីដែលស្ថិតនៅក្រោមអំណាចនៃរដ្ឋទាំងនោះផងដែរ។
នៅក្នុងអង្គពិធី លោក ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាម លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា និងរូបលោកផ្ទាល់ សូមចូលរួម អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ និងមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី១ ព្រឹទ្ធសភា រដ្ឋសភា អង្គការការីតាសកម្ពុជា ក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការរៀបចំកម្មវិធីនេះឡើង។
កម្មវិធីនេះ រៀបចំឡើងដើម្បីរំឭកឡើងវិញនៃការអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧ ក្នុងការបង្ហាញពីយុទ្ធនាការជាបន្តបន្ទាប់ នៃការគោរពអនុវត្តជាប្រក្រតីឥត ឈប់ឈរ ក្នុងការគោរពសិទ្ធិ ស្របតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោកជាម យៀប បានលើកឡើងថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិជនមានពិការភាព សិទ្ធិស្ត្រី និងសិទ្ធិកុមារ៕