
ភ្នំពេញៈ ក្រុមហ៊ុន China Firm for Global Business (CFGB)មានបំណងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ ដើម្បីជួយគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ការកសាងសមត្ថភាព និងការស្រាវជ្រាវ សំដៅជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Liu Shujuan ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Firm for Global Business (CFGB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែធ្នូ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្រុមហ៊ុន China Firm for Global Business (CFGB) គឺជាក្រុមហ៊ុនដ៏ធំរបស់ចិន ដែលបានវិនិយោគនៅក្នុងវិស័យកសិកម្ម និងចំណីអាហារ ដោយបាននាំចេញ-នាំចូលផលិតផលកសិកម្មពីប្រទេសជាច្រើន ដូចជាប្រទេសអាមេរិក អាស៊ី អឺរ៉ុប និងប្រទេសអូស្ត្រាលី ជាដើម។
លោកបញ្ជាក់ថា៖«គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាស្វែងរកកិច្ចសហការក្នុងការជួយគាំទ្រដល់ការពង្រឹងសមត្ថភាព និងជួយជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន»។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា លោកបានស្នើឱ្យក្រុមហ៊ុនសិក្សាលម្អិតពីតម្រូវការទីផ្សាររបស់ប្រទេសចិន លើផលិតផលកសិកម្មរបស់កម្ពុជា និងរៀបចំជាផែនការច្បាស់លាស់ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រីករាយស្វាគមន៍ក្នុងការជួយសម្របសម្រួល ក៏ដូចជាផ្ដល់កិច្ចសហការនៅពេលអនាគត៕