បើនិយាយជារួម ការអានសៀវភៅនៅកម្ពុជាគឺមិនទាន់ជាទូលំទូលាយនៅឡើយទេ ខណៈអ្នកអានសៀវភៅភាគច្រើនស្ថិតក្នុងវ័យកណ្ដាលទៅហើយ។ ស្របទៅនឹងការរីកចម្រើននៃប្រព័ន្ធឌីជីថលទៀតនោះ ស្រទាប់យុវវ័យ និងក្រុមសិស្សនិស្សិតជាដើម និយមលេងបណ្ដាញសង្គមជាជាងការចំណាយពេលអានសៀវភៅ ឬបង្កើនការសិក្សាតាមអនឡាញ។
ទាំងអស់នេះ បាននាំឱ្យក្មេងៗសិស្សានុសិស្សមិនចេះប្រើប្រាស់ភាសាខ្លួនឱ្យបានត្រឹមត្រូវ និងធំធាត់ឡើងដោយខ្វះចំណេះដឹងផ្នែកអំណាន។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី មួយរយៈពេលចុង ក្រោយនេះ ឥរិយាបថ និងទម្លាប់នៃការអានសៀវភៅ ហាក់បានចាក់ចូលទៅក្នុងគំនិតរបស់ពួកគេ បន្តិចម្ដងៗ ដែលញ៉ាំងឱ្យការតែងនិពន្ធក៏កើនឡើងផងដែរ។
ដោយឡែក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាថ្ងៃបើកពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ក្រោយបានខកខានអស់រយៈ២ឆ្នាំ ដោយសារតែជំងឺកូវីដ១៩។ នៅថ្ងៃពិព័រណ៍នេះ សិស្សានុសិស្ស យុវជន ស្រទាប់អ្នកធ្វើការ អ្នករកស៊ី ជាច្រើនរូបបានទៅទស្សនាតាមស្តង់ពិព័រណ៍យ៉ាងច្រើនកុះករ ដើម្បីទស្សនាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក៏ដូចជាទិញសៀវភៅ។
អ្នកនិពន្ធសៀវភៅមួយរូបដែលបានដាក់ស្នាដៃរបស់ខ្លួនតាំងនៅក្នុងស្តង់ពិព័រណ៍ដែរនោះ បានបង្ហាញពីអារម្មណ៍រំភើបក្នុងការដាក់តាំងសៀវភៅជាថ្មីម្ដងទៀត ក្រោយពីខកខានអស់រយៈពេល២ឆ្នាំកន្លងមក។
កញ្ញា សេង ហ្គេកលី ដែលជាម្ចាស់ស្នាដៃសៀវភៅបែបលើកទឹកចិត្ត និងអប់រំ បានមើលឃើញពីកំណើនស្តង់លក់សៀវភៅសម្រាប់ឆ្នាំនេះ ដោយកញ្ញាថា២ឆ្នាំកន្លងទៅមានត្រឹមតែប្រមាណ១០០ស្តង់ទេ។ ប៉ុន្តែឆ្នាំនេះមានរហូតទៅដល់ជិត២០០ស្តង់ ដែលទាំងអស់នេះ កញ្ញាយល់ថាក៏មានផងដែរនូវ ចំណែកនៃការកើនឡើងរបស់អ្នកអាននៅកម្ពុជា។
កញ្ញា សេង ហ្គេកលី បានរៀបរាប់ទៀតថា៖ «តាមការសង្កេតមើលរបស់ខ្ញុំ យុវជនគាត់ចាប់ផ្ដើមមានទម្លាប់នៃការអានច្រើនជាងមុន។ គាត់ចាប់ផ្ដើមដឹងពីអត្ថប្រយោជន៍នៃការអានបានទូលំទូលាយជាងមុនច្រើន»។
កញ្ញាក៏បានបន្តលើកទឹកចិត្តដល់យុវជនខ្មែរ ដោយលើកករណីរបស់ខ្លួនជាឧទាហរណ៍តែម្ដង។ កញ្ញាបានអះអាងថា សៀវភៅគឺជាកត្តាជំរុញធំជាងគេដែលនាំឱ្យកញ្ញាអាចឆ្លងផុតពីជំងឺបាក់ទឹកចិត្ត និងអាចមានឱកាសពង្រឹងសមត្ថភាពខ្លួនមកដល់សព្វថ្ងៃ។ ដូច្នេះ កញ្ញាចង់លើកឧទាហរណ៍នេះ ដើម្បីជាសារទៅកាន់អ្នកអានឱ្យបណ្ដុះទម្លាប់អាន ព្រោះវាជាការយកចំណេះដឹងដាក់ខ្លួន ដោយមិនចាំបាច់មានគ្រូមកអង្គុយបង្រៀន។
ចំណែកស្តង់របស់សមាគមអ្នកនិពន្ធខ្មែរឯណោះវិញ បានយកស្នាដៃមកដាក់លក់ប្រមាណជា ១៣០ ចំណងជើងដែរ។ លោក ព្រឿង ប្រណិត ដែលជាប្រធានសមាគមអ្នកនិពន្ធខ្មែរក៏បានសង្កេតឃើញផងដែរពីកំណើននៃស្តង់នាឆ្នាំ ២០២២នេះ។ លោកក៏បានសង្កេតឃើញស្នាដៃនិពន្ធថ្មីៗ ក៏ដូចជាអ្នកនិពន្ធថ្មីៗជាច្រើនរូបផងដែរ ក្នុងនោះការគាំទ្ររបស់យុវជនក៏មានការកើនឡើងដូចគ្នា។
ទន្ទឹមគ្នានេះ លោកក៏បានកត់សម្គាល់ដែរថា៖ «សៀវភៅចាស់ៗដែលធ្លាប់បានដាក់តាំងនៅក្នុងពិព័រណ៍កន្លងមក ហាក់ដូចជាលក់យឺតជាងសៀវភៅថ្មីៗ ដូច្នេះក៏អាចមានន័យថាអ្នកអានគឺជាអតិថិនជនចាស់ដែលធ្លាប់បានទិញរួចហើយ រីឯអ្នកអានថ្មីៗអាចមានកំណើនយឺតបន្តិច»។
លោកបន្តថា៖ «សម្រាប់ការចូលរួម ខ្ញុំសង្កេតឃើញមានច្រើន តែសម្រាប់ការលក់យ៉ាងណាគឺយើងនៅមិនទាន់អាចថាយ៉ាងណាបាននោះទេ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថាពីមួយឆ្នាំទៅមួយឆ្នាំ ការអាននឹងកាន់តែទូលំទូលាយជាមុន»។
ដោយឡែក និស្សិតកំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាអ្នកនិយមចូលចិត្តអានសៀវភៅមួយរូបដែរ បានចូលរួមដើរទស្សនាតាមស្តង់ពិព័រណ៍ជាហូរហែ។ បើតាមនិស្សិតរូបនេះ នេះជាលើកទី៥ហើយដែលខ្លួនបានចូលរួមកម្មវិធីពិព័រណ៍សៀវភៅ នឹងបានចាប់អារម្មណ៍ថាឆ្នាំនេះមានមនុស្សចូលរួមច្រើនជាងឆ្នាំកន្លងទៅ។
លោក គង់ ម៉ាឌីនី បានរៀបរាប់ថា៖ «តាមរយៈការចូលរួមដ៏ច្រើននៅឆ្នាំនេះ ខ្ញុំយល់ថាការអានរបស់យុវវ័យនៅកម្ពុជាកាន់តែប្រសើរឡើងហើយ ជាក់ស្ដែងមិត្តភក្ដិខ្ញុំតែម្ដងដែលឥឡូវចេះអានសៀវភៅច្រើនជាងពីមុន...ហើយខ្ញុំជឿថាយុវជនផ្សេងទៀតក៏មិនខុសគ្នាប៉ុន្មានដែរ»។
គួរបញ្ជាក់ថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ នឹងធ្វើឡើងរយៈពេល៣ថ្ងៃពេញ គឺពីថ្ងៃទី៩ ដល់ទី១១ ខែធ្នូនេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់ នៅបណ្ណាល័យជាតិ។ ពិព័រណ៍សៀវភៅនេះផងដែរគឺធ្វើឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដើម្បីបន្តបញ្ជ្រាបទម្លាប់នៃការអានចូលទៅក្នុងផ្នត់គំនិតនៃប្រជាជនកម្ពុជា ជាពិសេសគឺយុវវ័យ ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ៕