ជាកូនទី២ ក្នុងគ្រួសារដែលមានបងប្អូន២នាក់ លោក តុន ច័ន្ទរិទ្ធិ កើតនៅភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកឪពុកឈ្មោះ ទុំ សុផល (ស្លាប់) និងម្ដាយឈ្មោះ ហង្ស សាមាន មានមុខរបរជាកសិករនិងអាជីវករ។ កាលពីបឋមសិក្សា កុមារ តុន ច័ន្ទរិទ្ធិ រៀននៅសាលាបឋមសិក្សាព្រៃស្វាយ ហើយលោកបានបន្តរៀនអនុវិទ្យាល័យនិងវិទ្យាល័យនៅសាលាវិទ្យាល័យមោងឫស្សី ក្នុងស្រុកកំណើតរបស់លោក។ ដោយសេចក្ដីស្រឡាញ់និងជាប់ចិត្តលើអក្សរសាស្ត្រខ្មែរ ក្រោយប្រឡងបាក់ឌុបចប់ លោកបានបន្តថ្នាក់ឧត្តមសិក្សាបរិញ្ញាអក្សរសាស្ត្រខ្មែរក្នុងរាជធានីភ្នំពេញ និងបានបញ្ចប់ដោយជោគជ័យ។
ជុំវិញវិស័យតែងនិពន្ធលោកបានឱ្យដឹងថា៖ «ខ្ញុំធ្លាប់ជាម្ចាស់ជយលាភីលេខ ២ល្ខោនវិទ្យុ រឿងខ្ញុំខុសអី ក្នុង ២០២០។ ជាម្ចាស់ជយលាភីលេខ ២ប្រកួតសំណេរ និងនិយាយសាធារណៈប្រធានបទ ហាមឃាត់ និងដំឡើងពន្ធថ្នាំជក់ នៅឆ្នាំ២០២១។ ជាម្ចាស់ជយលាភីលេខ១ ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យឆ្នាំ២០២២ រឿងសង្គមនេះ។ ជាម្ចាស់ជយលាភីលេខ១ ពានរង្វាន់ប្រកួតសំណេរ និងនិយាយសាធារណៈ ក្រសួងអប់រំប្រធានបទ ហាមឃាត់គ្រឿងស្រវឹង។ ជាម្ចាស់ជយលាភីលេខ៤ ពានរង្វាន់ឥន្ទ្រទេវីឆ្នាំ២០២២ ប្រលោមលោកខ្លី រឿងបាសាក់»។
ជយលាភីដែលទទួលបាននេះមិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ជាការកើតចេញពីសេចក្ដីព្យាយាម និងប្រឹងប្រែងមិនចុះចាញ់រាល់ភាពលំបាក ក៏ដូចជាបញ្ហាស្មុគស្មាញនានា។ លោកបានបញ្ជាក់ថែមថា៖ «ដើម្បីទទួលបានពានរង្វាន់ទី១ មិនបោះបង់ ពីព្រោះខ្ញុំដាក់ប្រកួតមិនមែនម្តងឡើយ គឺពីរបីដងហើយទើបសម្រេច។ ទី២ សិក្សាពីកម្មវិធី តើគេចង់បានអ្វីពិតប្រាកដ? និងទី៣ ព្យាយាមធ្វើឱ្យល្អបំផុតជាមួយសាច់រឿងទាំងអត្ថន័យ អត្ថរូប អត្ថរស»។
លោកបានបញ្ជាក់បន្ថែមយ៉ាងនេះថា៖ «បើចង់បានពានរង្វាន់ត្រូវតែមិនបោះបង់ ព្យាយាមអភិវឌ្ឍសមត្ថភាព និងព្យាយាមធ្វើឱ្យល្អអស់ពីចិត្ត ពីព្រោះគ្រប់ស្នាដៃដែលគេដាក់សុទ្ធតែមានអ្វីដែលពិសេស។ តែបើធ្លាក់ក៏កុំអន់ចិត្ត មិនមែនស្នាដៃយើងអន់នោះទេ តែគ្រាន់តែស្វែងរកអ្វីដែលកម្មវិធីចង់បានមិនទាន់ឃើញ ត្រូវស្វែងយល់និងរៀនពីកម្មវិធីមួយៗឱ្យច្បាស់»។
រឿង «បាសាក់» ដែលជាស្នាដៃលោក តុន ច័ន្ទរិទ្ធិ ដាក់ប្រកួតប្រជែងក្នុងឆ្នាំ២០២២ ថ្មីៗនេះ ជារឿងដែលនិយាយពីដំណើរជីវិតរបស់កូនខ្មែរក្រោមមួយរូបដែលមនសិការ រស់នៅដោយប្រកាន់ភាពត្រឹមត្រូវ និងសច្ចធម៌។ គាត់បានប្រើវិជ្ជាជីវៈគាត់ជាអ្នកព័ត៌មានគាត់ផ្សព្វផ្សាយពីវប្បធម៌ជាតិ ដោយឆ្លុះបញ្ចាំងថាវប្បធម៌រស់ គឺត្រូវតែមានអភិរក្ស អភិវឌ្ឍន៍ និងផ្សាយបន្ត។
ទាក់ទិននឹងការប្រឡងប្រជែងយកពានរង្វាន់អក្សរសិល្ប៍ក្នុងឆ្នាំ២០២៣ ខាងមុខនេះ លោកបានឱ្យដឹងដែរថា «ខ្ញុំអត់ទាន់ច្បាស់ទេ! តែនៅតែមានចិត្តចង់ចូលរួម តែក៏ចង់អភិវឌ្ឍស្នាដៃខ្លួនឯងឱ្យកាន់តែល្អប្រសើរដែរមុននឹងដាក់»។
សូមបញ្ជាក់ថា ក្រៅពីស្នាដៃដែលដាក់ប្រឡងប្រកួតប្រជែង លោក តុន ច័ន្ទរិទ្ធិ មានស្នាដៃបោះពុម្ពជាសៀវភៅសម្រាប់អ្នកអានទូទៅផងដែរ។ ស្នាដៃជាសៀវភៅទាំងនោះរួមមាន៖ ទី១- «អ្នកពិតជាពិសេស តោះទៅមុខទៀត» និយាយអំពីតម្លៃនៃជិវិត និងការដើរទៅរកក្តីស្រមៃ។ ទី២- «និទានម៉ែ» អត្ថន័យសំខាន់បង្រៀនអំពីដំណើរជីវិតតាំងពីកើតរហូតដល់ស្លាប់ ក្នុងនោះមានបង្ហាញទាក់ទងនឹងទំនាក់ទំនង ស្នេហា ការងារ ប្រទេសជាតិជាដើម៕