ព្រះសីហនុៈ ថ្លែង​ក្នុង​ពិធី​បើក​មហាសន្និបាត​លើក​ទី​១៦ នៃ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ប្តេជ្ញា​រក្សា​ឱ្យបាន​នូវ​សមាជិកភាព​ក្នុង​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក ហើយ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ទាំង ៤ ក៏ត្រូវ​រក្សា​ឱ្យបាន​នូវ​ខ្សែក្រវាត់ និង កិត្តិនាម​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក​ផងដែរ​។

​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ថា​កម្ពុជា​ត្រូវ​ប្តេជ្ញា​ធ្វើឱ្យ​ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​របស់ខ្លួន​មាន​និរន្តរភាព ដូចដែល​បានកំណត់​ជា​យុទ្ធសាស្ត្រ ក្នុងការ​អភិវឌ្ឍ​វិស័យ ទេសចរណ៍​ខេត្ត​តំបន់ឆ្នេរ គឺ​៖ «​ខេត្ត​ព្រះសីហនុ​៖ ជា “​គោលដៅ​ទេសចរណ៍​សម្រាកលម្ហែ និង ជា​តំបន់​សេដ្ឋកិច្ច ពហុ​បំណង​” ខេត្ត​កែប​៖ ជា “​គោលដៅ​ទីក្រុង​ទេសចរណ៍​លំដាប់​ខ្ពស់ និង ប្រណីត​” ខេត្តកំពត​៖ ជា “​គោលដៅ​ទីក្រុង​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ក​សិ​-​ទេសចរណ៍ តំបន់ឆ្នេរ​” និង ខេត្តកោះកុង​៖ ជា “​គោលដៅ​អេកូ​ទេសចរណ៍​តំបន់​ទេសចរណ៍​លំដាប់​ពិភពលោក​” »​។​

​លោក ហ៊ុន សែន​បានផ្តល់​អនុសាសន៍​គន្លឹះ​ផងដែរ​ថា កម្ពុជា​ត្រូវ​រក្សា​វត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​សន្តិភាព ដែល​នេះ​ជា​ចំណុច​ធំជាងគេ​ក្នុងចំណោម​ចំណុច​ដែល​ទាក់ទង​ជាមួយ​ការអភិវឌ្ឍ​នៃ​បណ្តា​ប្រជាជាតិ​នៅលើ​សកលលោក​។ គ្មាន​ទេសចរ​ណា ប្រថុយប្រថាន​គ្រោះថ្នាក់ ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែលមាន​សង្គ្រាម​នោះទេ​។​

​ក្នុងឱកាស​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមប្រឹក្សាភិបាល និង សមាជិក​ក្លិប​ទាំងអស់ ដែល​បាន​គាំទ្រ​ឆ្នេរសមុទ្រ​កម្ពុជា និង បាន​យល់ព្រម​ដាក់បញ្ចូល​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងមូល​ជា សមាជិក និង បាន​បន្ត​គាំទ្រ​ការអភិវឌ្ឍ​តំបន់ ឆ្នេរសមុទ្រ​របស់​កម្ពុ​ជា​តាមរបៀប​កម្ពុជា ពិសេស​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា កាន់តំណែង​ជា​អនុប្រធាន​ក្លិប​ទទួលបន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ២ អាណត្តិ ជាប់​គ្នា និង បន្ត​ជា​អគ្គនាយករង​ក្លិប រហូតមកដល់​បច្ចុប្បន្ន​។​

​លោក​បន្តថា ដើម្បី​អបអរសាទរ​នៃ​ការចូល​ជា​សមាជិក​ក្លិប​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យមាន​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ ដោយ​ឈរលើ​គោលការណ៍​នៃ​ការ​ឆ្លាស់​វេន​គ្នា នៅ​ខេត្ត​តំបន់ឆ្នេរ​ទាំង ៤ ដែល​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បើកផ្លូវ​ការ​នា​ល្ងាច​ថ្ងៃទី​១០ ខែធ្នូ​នេះ និង បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដោយមាន​រដ្ឋមន្ត្រី​ដល់​ទៅ ៣ ជា​ប្រធាន និង អនុប្រធាន រួមជាមួយ អភិបាលខេត្ត​តំបន់ឆ្នេរ​ទាំង ៤ និង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជា​សមាជិក ដែលជា​យន្តការ​ស្ថាប័ន ដ៏​សំខាន់​សម្រាប់​ជាការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ប្រកបដោយ​និរន្តរភាព និង ការទទួលខុសត្រូវ​។​

​លោក​ហ៊ុន សែន​គូសបញ្ជាក់ថា ការចូល​ជា​សមាជិក​ក្លិប​នេះ ពិតជា​បាន​ស្តែង​ឱ្យឃើញ​ពីរ​បត់​ថ្មី​នៃ​ការប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់​របស់ តំបន់ សមុទ្រ​កម្ពុជា ទាំង​លើ​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច​, ទេសចរណ៍​, នគរូបនីយកម្ម និង បរិស្ថាន ដែលជា​កត្តា​កំណត់ លើ​ការទទួលស្គាល់​ជា​អន្តរជាតិ​នៃ​ឆ្នេរសមុទ្រ​កម្ពុជា​។

​លោក​ថ្លែងថា​៖«​កិច្ចការ​នេះ បានធ្វើឱ្យ​តំបន់ឆ្នេរ​កម្ពុជា​អាច​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​វិនិយោគ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង ត្រូវបាន​ចាត់ទុកថា​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ដ៏​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា និង ក្នុង​តំបន់ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​វប្បធម៌​-​ប្រវត្តិសាស្ត្រ​សៀមរាប​-​អង្គរ និង រាជធានី​ភ្នំពេញ​»​។​

​លោក​បន្ថែមថា ឈរលើ​កត្តា​អំ​ណោ​ផល​ទាំងអស់នេះ និង ក្រោម​ចក្ខុវិស័យ​ហ្មត់ចត់​, វែងឆ្ងាយ​, ទូលំទូលាយ​និង គ្រប់​ជ្រុងជ្រោយ​, កម្ពុជា​បានផ្ដល់​អាទិភាព​ខ្ពស់​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ ដែល​ត្រូវបាន​ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ របស់​ប្រទេស​, ជាពិសេស​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​គោលដៅ​អភិវឌ្ឍ «​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​»​។​

​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្ត​ព្រះសីហនុ ពិនិត្យ​លទ្ធភាព​រៀបចំ សារមន្ទីរ​ឆ្នេរ (Maison de le Baie)​។ លោក​បញ្ជាក់ថា​៖«​ក្នុងន័យនេះ​, ខ្ញុំ​សូម​ស្នើឱ្យ ឯកឧត្តម​ប្រធាន​ក្លិប និង សមាជិក​ក្លិប​ទាំងអស់ ជួយ​ចែករំលែក​អំពី​បទពិសោធ និង​ដំណើរការ​នៃ​ការរៀបចំ​សារមន្ទីរ​ឆ្នេរ​របស់ខ្លួន​»​។​

​បន្ថែម​លើ​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក សិក្សា​រៀបចំ​ឱ្យមាន​នូវ​ស្ថាប័ន​អង្កេត​ទេសចរណ៍​សម្រាប់​ឆ្នេរ (Coastal Tourism Observatory) ដើម្បី​ជា​យន្តការ​ស្ថាប័ន​មួយ​បន្ថែមទៀត ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ ដូចដែល​សមាជិក​ក្លិប​ផ្សេងទៀត​បានរៀបចំ​។​

​មិនតែប៉ុណ្ណោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យមាន​ការរៀប​ចំ​វេទិកា​ជាតិ​តំបន់ឆ្នេរ​ប្រចាំឆ្នាំ ដើម្បី​ជួបជុំ​, ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​ជុំវិញ​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដោយ​យើង​អាច​កំណត់​ថ្ងៃទី​២៦ ខែឧសភា ជា​រៀងរាល់ឆ្នាំ ដែលជា​ថ្ងៃ​កម្ពុជា​បាន​ក្លាយជា​សមាជិក​ក្លិប ដើម្បី​រៀបចំ​វេទិកា​ជាតិ​នេះ ដោយ​អាច​ឆ្លាស់​វេន​គ្នា​នៅតាម​បណ្ដា​ខេត្ត​តំបន់ឆ្នេរ​ទាំង ៤ ផងដែរ​៕​