លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​ថា សមាជិក​ភាព​របស់​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​នេះ នឹង​បន្ត​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ទាំង​ប្រយោជន៍​សេដ្ឋកិច្ច និង​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ​រវាង​គ្នា​ទៅវិញទៅមក​ក្នុង​ការ​អភិវឌ្ឍ និង អភិរក្ស​តំបន់​ឆ្នេរ​សមុទ្រ​លើ។

នាឱកាស​អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត លើកទី១៦ របស់​ក្លិបឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ដែល​បាន​ប្រារព្ធ​ឡើង​នៅខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា ការ​ចូលជា​សមាជិក​ក្លិបនេះ ពិតជា​បាន​ស្ដែងឱ្យ​ឃើញ​ពី​របត់ថ្មី​នៃ​ការ​ប្រែប្រួល មុខមាត់​ជា​បន្តបន្ទាប់​របស់​តំបន់​សមុទ្រ​កម្ពុជា ទាំងលើ​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និង​បរិស្ថាន ដែល​ជា​កត្តា​កំណត់​លើ​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៃ​ឆ្នេរសមុទ្រ​កម្ពុជា។

លោកថ្លែងថា៖‍ «កិច្ចការនេះ បាន​ធ្វើឱ្យ​តំបន់​ឆ្នេរ​កម្ពុជា​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ទាញ​វិនិយោគ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ត្រូវ​បាន​ចាត់​ទុក​ថា ជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ ដ៏​មាន​ភាព​ទាក់ទាញ និង​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​នៅ​កម្ពុជា និងក្នុង​តំបន់ ព្រម​ទាំង​ជា​គោលដៅ​ទេសចរណ៍​ដ៏ធំ បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ និង រាជធានី​ភ្នំពេញ»។

លោក​បាន​បន្តថា ឈរ​លើ​កត្តា​អំណោយ​ផល​ទាំងអស់​នេះ និង​ក្រោម​ចក្ខុវិស័យ​ហ្មត់ចត់ វែងឆ្ងាយ ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ កម្ពុជាបាន​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​បាន​ចាត់ទុក​ជា​ប៉ូល​សេដ្ឋកិច្ច​ទី ២ របស់​ប្រទេស ជាពិសេស ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​គោលដៅ​អភិវឌ្ឍ «ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង»។ ជាក់ស្ដែង រាជរដ្ឋាភិបាល បាន​សម្រេច​កសាង​បណ្តាញ​ផ្លូវ ៣៧ខ្សែ និង ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ ដូចជា អាង​ប្រព្រឹត្តិកម្ម ទឹកកខ្វក់ និង ការ​អភិវឌ្ឍ​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ ដែល​ចំណាយ​ថវិកា​របស់​ជាតិ​សរុប​ប្រមាណជាង ៣០០ លាន​ដុល្លារ​អាមេរិក និង ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពីខែធ្នូ ឆ្នាំ​២០២១។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​ក្លិប​លើក​ទី ១៦ នេះ កម្ពុជា​រំពឹង​ចែក​រំលែក​នូវ​បទពិសោធ និង​ការ​អនុវត្ត​ល្អៗ​របស់​ខ្លួន ទៅកាន់​សមាជិក​ក្លិប​ទាំងអស់ និង​ពិភពលោក​ទាំងមូល ទាំង​លើ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ។

ជាមួយ​គ្នានេះដែរ លោក ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន ដោយ​ត្រូវ​រក្សា​វត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​សន្តិភាព ដែល​នេះ​ជា​ចំណុច​ធំជាងគេ​ក្នុង​ចំណោម​ចំណុច​ដែល​ទាក់ទង​ជាមួយ​ការ​អភិវឌ្ឍ​នៃ​បណ្តា​ប្រជាជាតិ​នៅ​លើ​សកល​លោក ព្រោះ​គ្មាន​ទេសចរ​ណា​ប្រថុយប្រថាន​គ្រោះថ្នាក់ ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​មាន​សង្គ្រាម​នោះទេ។ កម្ពុជា ប្តេជ្ញា​រក្សា​ឱ្យ​បាន​នូវ​សមាជិកភាព​ក្នុង​ក្លិប ហើយ​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ទាំង ៤ ក៏​ត្រូវ​រក្សា​ឱ្យ​បាន​នូវ​ខ្សែ​ក្រវាត់ និង​កិត្តិនាម​ជា​សមាជិក​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក។

ស្នើឱ្យ​មាន​ការ​រៀបចំ​វេទិកា​ជាតិ​តំបន់​ឆ្នេរ​ប្រចាំ​ឆ្នាំ​ដើម្បី​ជួបជុំ ពិភាក្សា និង ផ្លាស់ប្ដូរ យោបល់​ជុំវិញ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដោយយើង​អាច​កំណត់​ថ្ងៃទី​២៦ ខែ ឧសភា ជា​រៀងរាល់​ឆ្នាំ ដែល​ជា​ថ្ងៃ​កម្ពុជា​បាន​ក្លាយជា​សមាជិក​ក្លិប ដើម្បី​រៀបចំ​វេទិកា ជាតិនេះ ដោយ​អាចឆ្លាស់​វេនគ្នា​នៅ​តាម​បណ្ដា​ខេត្ត​តំបន់​ឆ្នេរ​ទាំង ៤។ ស្នើឱ្យ​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិនិត្យ​លទ្ធភាព​រៀបចំ សារមន្ទីរឆ្នេរ (Maison de le Baie) និង​ស្នើឱ្យ​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ សកល​លោក សិក្សារៀបចំ​ឱ្យ​មាន​នូវ​ស្ថាប័ន​អង្កេត​ទេសចរណ៍ សម្រាប់ឆ្នេរ​ដើម្បី​ជា​យន្តការ​ស្ថាប័ន​មួយ​បន្ថែម​ទៀត ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍តំបន់​ឆ្នេរស។

លោក ហ៊ុន សែន គូស​បញ្ជាក់ថា៖ «ខ្ញុំ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា តាម​រយៈកិច្ច​ពិភាក្សា​នៅ​ក្នុង​មហាសន្និបាត លើកទី​១៦ នេះ យើងនឹង​អាច​ទាញ​យក​នូវ​ទស្សនា​ទានល្អៗ​បន្ថែម​ទៀត​យក​មក​ធ្វើជា​មូលដ្ឋាន ក្នុង​ការ​រៀបចំ​បទដ្ឋាន​គតិយុត្ត​ចាំ​បាច់​នានា ដើម្បី​ជំរុញ​ការ​គ្រប់គ្រង និង អភិវឌ្ឍ​តំបន់​ឆ្នេរ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ»៕