
មន្ត្រីរដ្ឋបាលខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ លោក Kim Mu Young នាយកប្រតិបត្តិក្រុមហ៊ុន EUM Place នៃសាធារណរដ្ឋកូរ៉េ ស្ដីពីការលើកកម្ពស់អាជីវកម្ម ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាពនៅថ្ងៃទី៩ ខែធ្នូ។ រូបថតរដ្ឋបាលខេត្ត
សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ អភិបាលរងខេត្ត លោក ពិន ប្រាកដ នៅថ្ងៃទី៩ ខែធ្នូ បានជួបពិភាក្សាការងារជាមួយ លោក Kim Mu Young នាយកប្រតិបត្តិក្រុមហ៊ុន EUM Place នៃសាធារណរដ្ឋកូរ៉េ ស្ដីពីការលើកកម្ពស់អាជីវកម្ម ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិភាក្សាលើការងារបញ្ជូនពលករទៅបរទេសការកសាងបទដ្ឋាន លក្ខណៈវិនិច្ឆ័យ និងនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងអប់រំបណ្តុះបណ្តាល ដើម្បីបំពេញសំណូមពរ និងលក្ខខណ្ឌការងារប្រកបដោយតម្លាភាពសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេស។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា៖ «ជំនួបនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ រៀបចំ និងចាត់ចែងបែបបទបញ្ជូន និងគ្រប់គ្រងពលករដែលទៅធ្វើការនៅសាធារណរដ្ឋកូរ៉េរហូតត្រឡប់មកកម្ពុជាវិញ»។
ជំនួបនេះក៏ជាការទំនាក់ទំនងជាមួយភាគីកូរ៉េ ដើម្បីក្តាប់ព័ត៌មាន និងតម្រូវការទីផ្សារការងារ ហើយដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា កម្ពុជាមានក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស បង្កើតឡើងស្របតាមអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០០៦ ស្តីពីការបង្កើតក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស និងត្រូវបានកែសម្រួលតាមរយៈអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្ដីពីកំណែតម្រូវឈ្មោះក្រុមប្រឹក្សាភិបាលបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ទៅជាគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស៕