
គ្រូកំពុងបង្រៀនសិស្សបឋមសិក្សាមួយក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យបើកបវេសនកាលជាផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ នៃការបើកដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា ២០២២-២០២៣។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួង អប់រំ យុវជន និងកីឡា ប្រកាសកាលពីម្សិលមិញ។
តាមរយៈសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា២០២២-២០២៣ ដូចខាងក្រោម៖
ទី ១ រយៈពេលនៃឆ្នាំសិក្សា ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនាថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងអប់រំ បញ្ជាក់ថា៖ «ថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនាថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ វិស្សមកាលប្រព្រឹត្តទៅចំនួន ២ដងគឺ៖ វិស្សមកាលតូច ៖ ចាប់ពីថ្ងៃទី៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ មហាវិស្សមកាល ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣»។
ទី ២ ការប្រារព្ធពិធីបើកបវសនកាល ថ្ងៃបើកបវេសនកាលជាផ្លូវការ ត្រូវតែប្រារព្ធនៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ ដោយគ្រប់សាលារៀន ត្រូវរៀបចំចងបដា ពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាល ឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ, អាជ្ញាធរដែនដី, តំណាងសហគមន៍, មាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ចូលរួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា ដោយបិទផ្សាយបដាបញ្ជាក់ពីការចូលរៀនដោយឥតបង់ថ្លៃ។
បើតាមក្រសួងអប់រំ ដំណើរការនៃការអប់រំបឋមសិក្សាផ្ដោតសំខាន់លើកំណែទម្រង់ សាលារៀន តាមរយៈការអនុវត្តកម្មវិធីសាលាកុមារមេត្រី និងការគ្រប់គ្រងតាមសាលារៀន ក្នុងគោលបំណង ដើម្បីធានាបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយ ជីវិតសម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅ និងចំណុចដៅនៃកំណែទម្រង់វិស័យអប់រំ និងផែនការយុទ្ធសាស្ត្រ វិស័យអប់រំ៕