
សន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ ២០២២ ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ នៅសណ្ឋាគារ ភ្នំពេញ ដែលរៀបចំដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមគិលានុបដ្ឋាកកម្ពុជា (CAN)។ រូបថតកយកា
ភ្នំពេញៈ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជាថ្លែងថា វិស័យអាទិភាពរបស់ កយកា-KOICA គឺវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ពីព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់ក្នុងប្រទេសនេះ។
លោក នោ ហ្យន់ជូន ថ្លែងបែបនេះក្នុងសន្និបាតសមាគមគិលានុបដ្ឋាកកម្ពុជា ឆ្នាំ ២០២២ ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ នៅសណ្ឋាគារ ភ្នំពេញ ដែលរៀបចំដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមគិលានុបដ្ឋាកកម្ពុជា (CAN)។
លោក នោ ហ្យន់ជូន ថ្លែងថា កយកា-KOICA បាននិងកំពុងផ្តល់គម្រោង និងកម្មវិធីជាច្រើនក្នុងវិស័យគ្រប់គ្រងធនធានទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម និងការអភិវឌ្ឍជនបទ និងការដឹកជញ្ជូន ដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២២។
លោកបញ្ជាក់ថា៖ «ក្នុងចំណោមគម្រោង និងកម្មវិធីទាំងនោះ វិស័យអាទិភាពរបស់ កយកា-KOICA គឺវិស័យសុខាភិបាលរបស់ប្រទេស កម្ពុជា ពីព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់ក្នុងប្រទេសកម្ពុជា»។
លោកបន្ថែមថា៖ «ក្នុងឆ្នាំ ២០២២ នេះ កយកា-KOICA មានគម្រោងសាងសង់អគារមួយទៀតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ហើយ កយកា-KOICA បានពិចារណាថា នឹងសាងសង់អគារមួយបន្ថែមទៀតនៅក្នុងមន្ទីរពេទ្យបង្អែក ដង្កោ ចាប់ពីឆ្នាំ ២០២៤ តទៅ»។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានរំឭកថា ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ កយកា-KOICA ក្នុងការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាថែទាំសុខភាពសាធារណៈ កយកា-KOICA បានសាងសង់នូវអគារចំនួន ៣ នៃមន្ទីរពេទ្យជាតិចំនួន២ គឺ អគារមិត្តភាព កម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ និង អគារភ្នែក និង អគារត្រចៀកច្រមុះ បំពង់ ក នៅមន្ទីរពេទ្យព្រះអង្គឌួង និងអគារមន្ទីរពេទ្យបង្អែក ខេត្តចំនួន៣ រួមមាន មន្ទីរពេទ្យមាតា និងទារក ក្នុងមន្ទីរពេទ្យខេត្តសៀមរាប, មន្ទីរពេទ្យបង្អែក បាធាយ និង មន្ទីរពេទ្យមិត្តភាព កម្ពុជា-កូរ៉េ កំពង់ឆ្នាំង និងក៏បានសាងសង់មណ្ឌលសុខភាពមាតានិងទារកចំនួន៥ នៅខេត្តមណ្ឌលគិរី និងរតនគិរី ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះ កយកា-KOICA រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានជួយឧបត្ថម្ភផ្នែកបច្ចេកទេស សម្ភារនិងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួង សុខាភិបាល ថ្លែងថា គិលានុបដ្ឋាក ជាអ្នកធ្វើការជួរមុខ និងនៅជាប់ជាមួយអ្នកជំងឺ ចាំមើលការថែទាំ អប់រំ និងផ្ដល់ការពិគ្រោះយោបល់ ដូច្នេះ ត្រូវទាមទារទទួលបានការបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ ជាចាំបាច់ ដើម្បីផ្ដល់គុណភាពសេវា និងសុវត្ថិភាពជូនដល់អ្នកជំងឺ និងអតិថិជន។
លោករដ្ឋមន្ដ្រីសុខាភិបាល បានស្នើឱ្យសមាគមខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាជាក្រុម ជាបណ្ដាញ ដោយរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ។
លោកថ្លែងថា៖ «គិលានុដ្ឋាកត្រូវទទួលការបណ្ដុះបណ្ដាលជាបន្ដបន្ទាប់ជាចាំចាច់ ព្រោះគិលានុដ្ឋាកមានទំនាក់ទំនងជាប់ជាមួយអ្នកជំងឺ និងនៅក្នុងសហគមន៍។ លើសពីនោះ ត្រូវមានសន្ដានចិត្ដ រួសរាយរាក់ទាក់ និងចាត់ទុកអ្នកជំងឺដូចជាបងប្អូនក្រុមគ្រួសាររបស់ខ្លួន»៕