តំណាង​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល រួមទាំង​សហជីព បាន​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ទៅ​តាម​មធ្យោបាយ និង​ទីតាំង​ផ្សេងៗ​គ្នា ដើម្បី​លើ​កម្ពស់​សេរីភាព​ជា​មូលដ្ឋាន ដែល​នឹង​នាំមក​នូវ​សុខសន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ គឺជា​ថ្ងៃ​រំឭក​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ (UN) បាន​អនុម័តសេចក្តី​ប្រកាស​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស (Universal Declaration of Human Rights) នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ ១៩៤៨។ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ ២០២២ គឺជា​ខួប​លើក​ទី​៧៤ នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ជាមួយ​គ្នា​នេះដែរ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ផលិត​ជា​ខ្សែ​វីដេអូ ចាក់​បញ្ចាំង​នៅ​បណ្តាញ​សង្គម​ស្តីពី​សិទ្ធិ​មនុស្ស ដើម្បី​ចូលរួមអបអរ​ទិវា​សិទ្ធិ​មនុស្ស។ តាម​រយៈ​វីដេអូ​ដែល​មាន​រយៈពេល​ជាង ៥​នាទី ត្រូវ​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤១ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ធ្លាប់​ហែល​ឆ្លងកាត់​នូវ​របប​មួយ​ដែល​មិន​ផ្តល់​សិទ្ធិ​អ្វី​ទាំងអស់​ដល់​ប្រជាជន ហើយ​កម្ពុជា​ពិត​ជា​ត្រូវការ​ណាស់​នូវ​សិទ្ធិ​គ្រប់យ៉ាង។

លោកបន្តថា ជាមួយ​ហេតុផល​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស។

លោកថ្លែង​ថា៖ «កម្ពុជា​យល់​ច្បាស់​ថា ការ​គោរព​សិទ្ធិ​មនុស្ស ការ​លើក​កម្ពស់​សេរីភាព​ជា​មូលដ្ឋាន ការ​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និង​ការ​លើក​កម្ពស់​នីតិរដ្ឋ ក៏​ដូចជា ការ​កសាង​មូលដ្ឋាន​ទាំង​នេះ នៅ​ក្នុង​សង្គម​ជាតិ​នឹង​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព ភាព​សុខុដមរមនា និង​យុត្តិធម៌​សង្គម​ជានិរន្ត ក៏​ដូចជា រួម​ចំណែក​នឹង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ផងដែរ»។

ដោយឡែក​តំណាង សមាគម សហគមន៍ និង​សហព័ន្ធ​សហជីព និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី ៧៤ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៅ​សង្កាត់​ច្រាំងចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។

ការ​រៀបចំ​សិទ្ធិ​មនុស្ស​ឆ្នាំ ២០២២នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «ធានា​សិទ្ធិ​នយោបាយ​ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការកំណត់​ជោគវាសនា​ប្រទេស​ជាតិ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា (CCHR) នៅ​ក្នុង​ឱកាស​សិទ្ធិ​មនុស្ស​នេះ​ដែរ បាន​បង្ហាញ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​កាលប្បវត្តិ​សិទ្ធិមនុស្ស​ឆ្នាំ២០២២​នេះ ដោយ​បាន​ចេញ​ផ្សាយ​នូវ​កម្រង​ខិត្ត​ប័ណ្ណ​ព័ត៌មាន​អំពី​កាលប្បវត្តិ​សិទ្ធិ​មនុស្ស​ជា​សង្ខេប​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ ២០២២។

CCHR បាន​លើក​ឡើង​ថា៖ «កាលប្បវត្តិ​សិទ្ធិ​មនុស្ស​ដែល​បង្ហាញ​នូវ​ករណី​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា ហើយ​កាលប្បវត្តិ​នេះ​បាន​ចងក្រង​ករណី​ចាប់​ពី​ចន្លោះ​ឆ្នាំ ២០១៣ រហូតមក​ទល់​នឹង​បច្ចុប្បន្ន»៕