ព្រះសីហនុៈ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មីឆែល ប៊ូសូល (Michel Bujold) ប្រធាន​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ​នេះ លោក​មីឆែល ប៊ូសូល បាន​សរសើរ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា គ្រប់គ្រង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បាន​យ៉ាង​ល្អ នាំ​ទៅ​ដល់​ការ​បើកប្រទេស និង​បើក​សេដ្ឋកិច្ច​ឡើងវិញ។

លោក អ៊ាង សុផល្លែត បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ លោក មីឆែល ប៊ូសូល តំណាង​ឱ្យ​ប្រតិភូ​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ដឹកនាំ របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ទប់ស្កាត់ ការ​រីករាលដាល​ជំងឺកូវីដ១៩ បាន​យ៉ាងល្អ​នាំ​ទៅ​ដល់​ការ​បើក​ប្រទេស​ឡើងវិញ បើក​សេដ្ឋកិច្ច​ឡើងវិញ ការ​ទទួល​ថ្នាក់ដឹកនាំ​កំពូលៗ មក​ពី​តំបន់​និង​ពិភពលោក មក​ប្រជុំកំពូល​នៅរាជធានី​ភ្នំពេញ និង​នៅ​ពេល​នេះ​រៀបចំ​ដឹក​នាំ​មហាសន្និបាត​លើក​ទី១៦ ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​នៅ​ខេត្ត​ព្រះសីហនុ។

លោក មីឆែល ប៊ូសូល ថ្លែងថា៖«អ្វី​ជា​គំរូ ដែល​ប្រតិភូ បាន​កត់​សម្គាល់​ឃើញ​នោះ​គឺ សម្តេច​តេជោ​បាន​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូវីដ១៩ ឱ្យ​ទៅ​ជាសក្តានុពល។ ជាមួយគ្នានោះ សម្តេច​បាន​ឆ្លៀត​ឱកាស​កូវីដ១៩ កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធលូ អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ លម្អ​ទីក្រុង​ធ្វើ​ឱ្យ​ចរាចរណ៍​ធ្វើ​ដំណើរបាន​យ៉ាង​រលូន បាន​យ៉ាងល្អ និង​ធ្វើឱ្យ​ភ្លើងភ្លឺ​ចិញ្ចាច​ដែល​អាច​និយាយ​បាន​ថា ទីក្រុង​ព្រះសីហនុ ជា​ទីក្រុង​ភ្លឺចិញ្ចាច​ដ៏​ស្រស់បំព្រង»។

លោក មីឆែល ប៊ូសូល បាន​ជម្រាប​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​មាន​សេចក្តី​រីករាយ ដែល​បាន​ទទួល​ដំណឹង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប ក្នុង​ការ​ពិភាក្សា​ការ​ស្វែងរក​សន្តិភាព ដែល​ប្រទេស​នៅ​អឺរ៉ុប​ត្រូវ​ការ​បំផុត ជាពិសេស នៅ​ប្រទេស​ អ៊ុយក្រែន។

ជាការឆ្លើយតប លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អំណរគុណ លោក មីឆែល ប៊ូសូល ហើយ​បាន​មាន​ប្រសាសន៍​ថា កូវីដ១៩ ពិត​ជា​បាន​នាំមក​នូវ​ផល​វិបាក​ដល់​យើង​មែន ប៉ុន្តែ​យើង​បាន​គ្រប់គ្រង​បានល្អ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រមាណ ៤ពាន់​នាក់ មកពីប្រមាណ​ ៧០​ប្រទេស ដែល​ជាប់គ្មាន​កន្លែង​ចុះចត​លើ​កប៉ាល់​ វ៉េស្ទើដាម ហើយ​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា សិទ្ធិមនុស្ស ប្រសិន​បើ​គ្មាន​សន្តិភាព​ទេ វាសនា​ប្រជាជ​នលើ កប៉ាល់​មិន​ដឹង​ជា​យ៉ាងម៉េច។

លោក​នាយក​រដ្ឋមន្ត្រី​គូសប​ញ្ជាក់ថា៖ «សន្តិភាព ផ្ដល់​នូវ​ការ​រស់រាន​មាន​ជីវិត និង​សិទ្ធិ​ដទៃទៀត ដែល​បន្ត​ផ្ដើម​ចេញ​ពី​សន្តិភាព មាន​សន្តិភាព​ទើប​មាន​ការ​អភិវឌ្ឍ ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ រៀបចំ​បុណ្យ​សមុទ្រ​ប្រចាំ​ឆ្នាំ តាម​ខេត្ត​ដែល​មាន​ឆ្នេរ​សមុទ្រ​ជា​រៀងរាល់​ឆ្នាំ ដើម្បី​អភិរក្ស ការពារ អភិវឌ្ឍន៍​និង​ទាក់ទាញ​ទេសចរណ៍ ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិកម្ពុជា»។

លោកបន្តថា កម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​រាល់​លក្ខខណ្ឌ​ជា​សមាជិកភាព​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ ទោះស្ថិត​នៅក្នុង​កាល:ទេស:​ណា​ក៏ដោយ ហើយ​ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ពិចារណា​ដាក់​លក្ខខណ្ឌ​មួយ​បន្ថែម​ទៀត​នោះ​ គឺ​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​ថង់ប្លាស្ទិកនៅ​តាម​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​សកលលោក៕