
សន្និសីទសារព័ត៌មាន ស្តីពីយន្តការនិងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា” នៅព្រឹកថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០២២នេះ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត ក្រសួងសេដ្ឋកិច្ច
ភ្នំពេញៈ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ប្រជាពលរដ្ឋដែលជាគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និង រងផលប៉ះពាល់ដោយសារទឹកជំនន់នេះ និងអាចទទួលបានជាសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ជាមធ្យមប្រមាណជាង ១៦ម៉ឺនរៀល អាស្រ័យទៅតាមសមាជិកគ្រួសារ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នេះតទៅ។
លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្តីពីយន្តការនិងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងដាក់ឱ្យដំណើរការ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា” នៅព្រឹកថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០២២នេះ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានលើកឡើងថា ក្រុមគ្រួសារដែលងាយរងហានិភ័យដោយសម្ពាធអតិផរណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ហើយត្រូវបានកំណត់អត្តសញ្ញាណរួច ដែលត្រូវបើកផ្តល់ប្រាក់ឧបត្ថម្ភលើកដំបូង មានចំនួនជិត ៣៦ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋ ១,៣លាននាក់ ដែលរាជរដ្ឋាភិបាលត្រូវចំណាយការឧបត្ថម្ភប្រមាណ ១៥ លានដុល្លារ សម្រាប់ការបើកផ្តល់លើកដំបូង។
លោកបានគូសបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលបានកំណត់អត្តសញ្ញាណរួចទាំងជិត ៣៦ម៉ឺនគ្រួសារ ក្នុងនោះមានក្រុមគ្រួសារ ដែលរងនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរមានចំនួនជិត ១០ ម៉ឺនគ្រួសារ ដោយទទួលបានការឧបត្ថម្ភទឹកប្រាក់សរុបលើកដំបូងប្រមាណ ៥លានដុល្លារ។
លោកបញ្ជាក់បន្ថែមថា តួលេខចំនួនប្រជាជន និងទឹកប្រាក់ឧបត្ថម្ភ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាគ្រួសារងាយរងហានិភ័យ ដោយសម្ពាធអតិផរណា និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ នេះគ្រាន់ជាការកំណត់អត្តសញ្ញាណលើកដំបូងប៉ុណ្ណោះ ហើយការកំណត់អត្តសញ្ញាណពលរដ្ឋរងហានិភ័យបន្ថែមទៀត នឹងត្រូវធ្វើឡើងនៅឆ្នាំ ២០២៣ខាងមុខ។
លោកថ្លែងថា៖ «ទោះជាយ៉ាងណាក្នុងដំណើរនៃការកំណត់អត្តសញ្ញាណក្តី ក្នុងដំណើរនៃការបើកផ្តល់ ដែលមូលនិធិជាតិជំនួយសង្គម សហការជាមួយវីង ចាប់ផ្តើមពីថ្ងៃនេះតទៅក្តី យើងមានយន្តការដែលធានានូវប្រតិតុល្យការ ដែលធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ព្យាយាមធានាឱ្យមានជាអតិបរមានូវសុក្រឹតភាព»។
លោកអនុរដ្ឋលេខាធិការរូបនេះបានលើកឡើងថា កម្មវិធីនេះ ជាកម្មវិធីជំនួយសង្គមថ្មីដែលឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់, មានវិសាលភាពនៅក្នុងតំបន់ភូមិសាស្ត្រគោលដៅនៃរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តក្រចេះ, ខេត្តកំពង់ឆ្នាំង, ខេត្តព្រៃវែង, ខេត្តកំពត, ខេត្តស្វាយរៀង, និងខេត្តឧត្តរមានជ័យ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តតាមសារលិខិតលេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។
បើតាមសារលិខិតរបស់រាជរដ្ឋាភិបាល គ្រួសារដែលរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ នឹងត្រូវទទួលបានការឧបត្ដម្តសាច់ប្រាក់ចំនួន ៣លើក៖ លើកទី១ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៣៕