
រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ជួបពិភាក្សាជាមួយលោកស្រី Maryam Salim តំណាងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ។ រូបថត ឌិត ទីណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី៩ ខែធ្នូ បានជួបពិភាក្សាជាមួយលោកស្រី Maryam Salim តំណាងធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយបានពិភាក្សាគ្នាអំពីសេណារីយ៉ូនានា ដែលរួមចំណែកឈានទៅកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ ឬសហគមន៍កសិកម្ម ការបង្កើនប្រាក់ចំណេញសម្រាប់កសិករ និងការលើកកម្ពស់ផលិតកម្មឆ្ពោះទៅរកទីផ្សារ និងតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងជំនួបនោះ ក្រៅតែពីកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងក្រសួងដែលមានរួមគ្នាតាមរយៈការអនុវត្តគម្រោងនាពេលកន្លងមក លោកបានជម្រាបជូនលោកស្រី Maryam Salim អំពីតម្រូវការប្រាក់កម្ចីក្នុងតម្លៃការប្រាក់ទាប ដើម្បីផ្ដល់ជូនដល់វិស័យឯកជន ដូចជា រោងម៉ាស៊ីនកិនស្រូវ ក្នុងការរៀបចំផលិតកម្មកសិកម្ម និងសហគមន៍កសិកម្ម សំដៅកាត់បន្ថយ ឬដោះបន្ទុករបស់កសិករ ឬសហគមន៍កសិកម្ម។
មួយវិញទៀត លោករដ្ឋមន្ត្រី ឌិត ទីណា ក៏បានលើកទឹកចិត្តដល់ធនាគារពិភពលោក ពិចារណាផ្ដល់ជំនួយលើគម្រោងទាំងឡាយណាដែលមានទំហំតូចឬមធ្យម តែធានានិរន្តភាពយូរអង្វែង ជាជាងគម្រោងធំ តែពុំមាននិរន្តភាព៕