ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​កម្ពុជា​​ប្រកាស​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​ចំនួន​១៣​នាក់បន្ថែមទៀត​ ខណៈ​អ្នក​ជាសះ​ស្បើយ​ថ្មី​មាន៨នាក់ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​​១១ ខែធ្នូ​ ​បាន​ឱ្យដឹង​ថា ​ក្រសួង​រក​ឃើញ​អ្នក​មាន​ជំងឺកូវីដ​១៩ចំនួន​១៣​នាក់​បន្ថែម​ទៀត ជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍ ​សុទ្ធ​តែប្រភេទ​អូមី​ក្រុង​ទាំង​អស់​។​ក្នុង​ចំណោម​ទាំង​១៣​នាក់​នោះ ​មាន​៨​នាក់ ​ ត្រូវ​បាន​រក​ឃើញ​មាន​វិជ្ជ​មាន​កូវីដ​១៩ក្នុង​ពេល​ស្នើ​សុំវិញ្ញា​បន​បត្រ​ចេញ​ទៅ​ក្រៅ​ប្រទេស។ក្រសួង​បញ្ជាក់​ថា​របាយ​ការណ៍ថ្ងៃ​នេះ ​មាន​អ្នក​ជា​សះ​ស្បើយ​ថ្មី​៨​នាក់ និង​គ្មាន​អ្នក​ស្លាប់​ឡើយ​។

​​បើតាម​ក្រសួង​សុខាភិ​បាល​ គិត​ត្រឹម​ថ្ងៃទី​១១ ខែធ្នូ​ ចំនួន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ សរុប​កើន​ដល់​ចំនួ​ន ១៣៨ ២៥១នាក់ ចំណែក​ករណី​ជា​សះ​ស្បើយ​សរុប១៣៥ ០៨៤នាក់ និងករណី​ស្លាប់​សរុប ៣ ០៥៦​នាក់​​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៣៦​នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​កើន​ដល់​ ១៦ ៤៣១នាក់​៕