អាជ្ញាធរកម្ពុជា រៀបចំ​ពិធី​ដាំ​ឈើ​កោងកាង ២៣៨៨ ដើម​ ដើម្បី​អបអរ​សន្និបាត​ក្លិប​ឆ្នេរ​សមុទ្រ​ស្អាត​ជាងគេ​លើ​លោក​ឆ្នាំនេះ។

តំណាង​ពី​ក្រសួង​ទេសចរណ៍ និង រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​គណៈប្រតិភូ​បរទេស មហា​សន្និបាត​លើក​ទី១៦ ក្លិប​ឆ្នេរ​សមុទ្រ​ដែលស្អាត​បំផុត​លើ​ពិភព​លោក ទៅ​ដាំកូន​កោងកាង​នៅ​ឃុំតា​នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​គ្រប់គ្រង និងអភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ។ លោក​បន្តថា កិច្ច​សហប្រតិបត្តិការ រវាង​សមាជិក​ក្លិប​ឆ្នេរ​ទាំងអស់ នឹង​បន្ត​រីក​លូតលាស់ រឹងមាំ ស្ថិតស្ថេរ​យូរអង្វែង ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ជំរុញ​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​នានា ក្នុង​កិច្ច​គាំពារ​បរិស្ថាន និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ជា​សកល។

លោក​បញ្ជាក់​ថា ពិធី​ដាំ​ដើម​កោងកាង​អនុស្សាវរីយ៍​នាពេលនេះ ធ្វើ​ឡើង​ដើម្បី​ជា​អនុស្សាវរីយ៍ និង​ចង់​ដាស់តឿន​ឱ្យ​អ្នក​ពាក់ព័ន្ធ​រក្សា​ការពារព្រៃ​កោងកាង។

លោក គួច ចំរើន៖​«ព្រៃ​កោងកាង​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់​ដល់​ប្រព័ន្ធ​បរិស្ថាន និង​ជា​របៀង​តភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី​ពី​តំបន់​ដីគោក ឆ្នេរ និង​សមុទ្រ។ ខ្ញុំ​ធ្លាប់​បាន​លើក​ឡើង​ថា “ព្រៃឈើ​ដុះ​យើង​រស់ ព្រៃឈើ​ល្អ​យើង​មាន​បាន កាប់​ព្រៃ​ឈើ​ក្ររហេមរហាម»។

លោក​បន្ថែម​ថា៖ «ព្រៃ​កោងកាង​ជា​កន្លែង​រក្សា​ផល​ស្តុក ជា​ដែន​ជម្រក ជា​កន្លែង​បង្កាត់​ពូជ ប្រភព​មេពូជ​នៃ​ធម្មជាតិ និង​ផ្តល់​អត្ថប្រយោជន៍ជាច្រើន​ដល់​មនុស្ស​តាម​រយៈការ​ផ្តល់​ជា​ប្រភព​អាហារ និង​ឱសថ​បុរាណ។ លើស​ពី​នេះ​ទៀត វា​ជា​របាំង​ការពារ​គ្រោះ​ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ការ​បាក់​ឆ្នេរ​សមុទ្រ ការ​ហូរ​ច្រោះឆ្នេរ ការ​កើនឡើង​កម្ពស់​ទឹក​សមុទ្រ និង​ការ​រក្សាទុក​កាបូន​ដែល​បាន​រួម​ចំណែក ក្នុង​ការ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ»។

ទីតាំង​រៀបចំ​ដាំ​កូន​កោងកាង ស្ថិតនៅ​ក្នុង​ឃុំតានៃ ស្រុក​ព្រៃនប់​នេះ ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា «កោងកាង សាងស្នេហ៍» ដែល​បង្ហាញ​ពីនិមិត្ត​រូប នៃ​សេចក្តី​ស្រឡាញ់ និង​ចំណង​មិត្តភាព ភាតរភាព សាមគ្គីភាព​យូរអង្វែង រវាង​សមាជិក​នៃ​ក្លិប​ឆ្នេរ​ទាំងអស់។

សកម្មភាព​ដាំ​ដើម​កោងកាង​នេះ​ធ្វើឡើង​នាព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ ឃុំ​តានៃ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ រួមមាន​វត្តមាន​លោក នី ផល្លី រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ, ឧកញ៉ា ម៉ុង ឫទ្ធី, លោក ប្រ៊ុយណូ បូដា សហស្ថាបនិក​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក លោក មីសែល ប៊ុយហ្សូល ប្រធាន​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក រួម​ទាំង​មាន​គណៈប្រតិភូ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​រូបទៀត។

ទន្ទឹម​នឹង​ការ​ដាំព្រៃ​កោងកាង​និង​ការ​អភិរក្សនោះ តំបន់​ព្រៃ​កោងកាង​មួយ​ចំនួន​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​ការ​កាប់​ទន្ទា្រន​យក​ដីធ្លី ពីសំណាក់​បុគ្គល​និង​ក្រុម​មាន​អំណាច​មួយ​ចំនួន​ដែល​ករណី​ខ្លះ​រហូត​កើត​មាន​ទំនាស់​ដីធ្លី​ទៀត​ផង។ ប្រទេស​កម្ពុជា​មាន​ព្រៃ​កោងកាង​សរុបចំនួន ៥៨ ៨៥២ ហិកតា ក្នុង​នោះ​ខេត្ត​ព្រះសីហនុ មាន​ផ្ទៃដី​ព្រៃ​កោងកាង ចំនួន ៩ ៣៥២ ហិកតា៕