
លោក ស ខេង និងសម្ដេចសង្ឃរាជ បួរ គ្រី នៅក្នុងពិធីនៅថ្ងៃទី១១ ធ្នូ ។ រូបថត Sar Kheng page
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃថ្លែងថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការចូលរួមរក្សាការពារសន្តិភាពនៅកម្ពុជា និងបានចូលរួមចំណែកទប់ស្កាត់ការជួញដូរមនុស្សធ្វើជាទាសភាពក្នុងសម័យទំនើប។
លោក ស ខេង បានថ្លែងបែបនេះក្នុងពិធីបុណ្យខួបឆ្នាំទី៣១ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា (៧ ធ្នូ ១៩៩១- ៧ ឆ្នូ ២០២២)ប្រារព្ធនៅវត្តបទុមធម្មយុត្ត ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែធ្នូ
ឆ្នាំ២០២២។
លោកថ្លែងថា៖«ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយបានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរមនុស្សធ្វើជាទាសភាពក្នុងសម័យទំនើបដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកម្ពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សាសន្តិភាពជាតិមិនបង្កអសន្តិសុខដល់សង្គមជាតិនិងធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗតាមគន្លងនៃព្រះធម៌នៃព្រះពុទ្ធសាសនា»។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយចំពោះ សាសនា បានយ៉ាងត្រឹមត្រូវ និងយ៉ាងទូលំទូលាយ ដោយមិនអនុញ្ញាតឱ្យមានការរើសអើង មិនប្រកាន់ពូជសាសន៍ មិនប្រកាន់ពណ៌សម្បុរ និងមិនប្រកាន់ជំនឿសាសនាអ្វីទាំងអស់។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានប្រកាន់ខ្ជាប់នូវការអប់រំ ពិសេសអប់រំស្រទាប់យុវជន និងកុមារឱ្យយល់ដឹងច្បាស់លាស់អំពីតម្លៃដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិ ដែលត្រូវតែចូលរួមថែរក្សា លើកតម្កើង អភិវឌ្ឍ ព្រមទាំងកាត់បន្ថយជាបណ្តើរៗនូវឥទ្ធិពលជាអវិជ្ជមាននៃវប្បធម៌ ដែលជ្រៀតចូលពីបរទេស។
លោកបន្ថែមថា រាជរដ្ឋាភិបាលក៏បានពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់សាសនាប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ឱ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម។
លោក ស ខេង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៩១ រហូតមកដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ គម្រប់ខួបឆ្នាំទី៣១នេះព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍព្រះពុទ្ធសាសនា ដោយបានកសាងវត្តអារាមថ្មីៗបានចំនួន២៧២វត្ត នៅទូទាំងប្រទេស ដោយមានខេត្តខ្លះក៏មានចំនួនច្រើននិងខេត្តខ្លះទៀតក៏មានចំនួនតិចតួចនៅឡើយ។
ខេត្តដែលមានវត្តច្រើនជាង១០រួមមាន ខេត្តកណ្តាលមានវត្តចំនួន ៣២វត្ត ខេត្តតាកែវចំនួន ២៨វត្ត ខេត្តកំពតចំនួន២៥វត្ត ខេត្តព្រៃវែងចំនួន១៩វត្ត ខេត្តកំពង់ស្ពឺ ១៨ វត្ត ខេត្តបាត់ដំបងចំនួន១៥វត្ត ខេត្តឧត្តរមានជ័យ ១៣វត្ត ខេត្តបន្ទាយមានជ័យចំនួន ១២វត្ត ខេត្តកំពង់ចាមចំនួន១២វត្ត ខេត្តមណ្ឌលគិរីចំនួន១១វត្ត ខេត្តក្រចេះចំនួន ១១វត្ត ខេត្តពោធិ៍សាត់ចំនួន១០វត្ត និង ខេត្តសៀមរាបចំនួន១០វត្ត។
ចំណែកខេត្តដែលមានវត្តព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយតិចជាង១០ រួមមាន ខេត្តត្បូងឃ្មុំចំនួន ៩វត្ត រាជធានីភ្នំពេញចំនួន៩វត្ត ខេត្តកោះកុងចំនួន ៧វត្ត ខេត្តប៉ៃលិនចំនួន ៦វត្ត ខេត្តកំពង់ឆ្នាំងចំនួន៥វត្ត ខេត្តកំពង់ធំចំនួន៥វត្ត ខេត្តស្ទឹងត្រែងចំនួន ៤វត្ត ខេត្តរតនគិរីចំនួន៣វត្ត ខេត្តព្រះវិហារចំនួន៣វត្ត ខេត្តព្រះសីហនុចំនួន២វត្ត ខេត្តកែបចំនួន២វត្ត និងខេត្តស្វាយរៀង១វត្ត។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចកកម្ពុជា មានថេរដីកាថា ពេលព្រះពុទ្ធសាសនារដ្ឋគណៈធម្មយុត្តិកនិកាយ បានមកប្រតិស្ថាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៩១ តាមការស្នើសុំពីសំណាក់ លោកជា ស៊ីម ពេលនោះ ពុំទាន់មានវត្តនិងព្រះសង្ឃគណៈធម្មយុត្តនៅឡើយទេ។
ជាមួយគ្នានោះ សម្តេចសង្ឃរាជ បួរ គី បានរំឭកថា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៩២ ព្រះអង្គបានបំបួសកុលបុត្រដែលមានសទ្ធាជ្រះថ្លាក្នុងព្រះបវរពុទ្ធសាសនា ជាសាមណេរ ភិក្ខុរាប់រយអង្គ ព្រមទាំងបានកែកុនជួសជុលអតីតវត្តធម្មយុត្តមួយចំនួនតូច ហើយបានខិតខំកសាងវត្តធម្មយុត្តថ្មីៗ បន្ថែមទៀត។
ព្រះអង្គមានបន្ទូលថា៖«វត្តអារាមមានការប្រក់ស្លឹកខ្លះប្រក់ស្បូវខ្លះ ដែលពុទ្ធបរិស័ទអ្នកមានសទ្ធាជ្រះថ្លាបានថ្វាយដីកសាងវត្ត ហើយនឹងបានចំណាយព្រះរាជទ្រព្យផ្ទាល់ទិញដីសម្រាប់កសាងវត្តគណៈធម្មយុត្តឡើងវិញជាបន្តបន្ទាប់»៕