ភ្នំពេញៈ មេធាវី​ការពារ​ក្តី​ជន​​រងគ្រោះ​ករណី​រថយន្ត​ស៊េរី​ទំនើប​ ១ ​គ្រឿង​បើក​បុក​ម៉ូតូ Scoopy បណ្ដាលឱ្យ​រងគ្រោះ​មនុស្ស ​៣ នាក់​ក្នុងនោះ​ទារក​អាយុ​ ២​ ខែ​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ បានដាក់​ពាក្យ​បណ្តឹងទាមទា​រ​សំណង​ឡើងវិញ និង​ស្នើឱ្យ​តុលាការ​ផ្តន្ទាទោស​ជនបង្ក​តាមច្បាប់ ខណៈ​តំណាង​អយ្យការ​អះអាងថា កំពុង​បន្ត​ស៊ើបអង្កេត​លើ​ករណីនេះ​។​

​កាលពី​ម៉ោង​ ២ ​រំលង​អ្រ​ធា​ត្រ​ឈានចូល​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២២ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង​នៅ​ចំណុច​គល់ស្ពាន​ជ្រោយ​​ចង្វារ ដោយ​ក្នុងនោះ​មាន​យុវជន​ ១ ​រូប​បាន​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ ១ ​គ្រឿង​ម៉ាក​ Lexus ក្នុង​ល្បឿន​លឿន និង​ស្ថិតក្នុង​ស្ថាន​ភាពស្រវឹង​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា​យ៉ាង​ពេញទំហឹង​។

​ក្នុង​ហេតុការណ៍​នោះបាន​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​ចំនួន​ ៣ ​នាក់ ជា​អ្នកបើកបរ និង​ស្ត្រី​ជា​ម្តាយ និង​ទារក​អាយុ​ ២ ខែ ផ្លោង​មក​ជាមួយគ្នា​ប្រហែល​ជាង​ ១០០ ​ម៉ែត្រ​រងរបួស​ធ្ងន់ និង​កំពុងស្ថិត​ក្នុង​ការជួយ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ផ្សេងៗ​គ្នា តែ​បច្ចុប្បន្ន ទារក ត្រូវបាន​អះអាងថា​បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ និង​បាន​បញ្ជូនទៅ​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សង្កែ រាជ​ធានី​ភ្នំពេញ​។​

​មេធាវី​ការពារ​ក្ដី​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​មេធាវី​ការពារ​ក្តី​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចំនួន​ ៤ ​រូប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ធ្នូ ក្នុងន័យ​មិន​បញ្ចេញ​ឈ្មោះថា បច្ចុប្បន្ន​សំណុំ​រឿងនេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​អយ្យការ​។

​លោកស្រី​បាន​អះអាងថា តំណាង​ភាគី​រងគ្រោះ​បានដាក់​បណ្តឹង​នៅ​តុលាការ ដើម្បី​ទាម​ទារ​សំណង​ការខូចខាត​ឡើងវិញ និង​ក្នុងនោះ ក៏បាន​ស្នើឱ្យ​តុលា​ការផ្តន្ទាទោស​ជនបង្ក​តាមច្បាប់​ជា​ធរមាន​ផងដែរ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «(​ជនបង្ក​ត្រូវបាន​ឃុំខ្លួន​ឬ​អត់​?)​ ចំពោះ​បញ្ហា​នេះ​ខ្ញុំ​មិនអាច​បញ្ជាក់ជូន​បានទេ​។ តែ​ចំពោះ​មេធាវី បើ​កូនក្តី​គាត់​នៅតែ​រក្សា​ជំហរ​ក្នុង​ការប្តឹង​ទាមទារ​សំណង​យើង​នៅតែ​ជួយ​គាត់​ឱ្យ​អស់ពី​លទ្ធ​​ភាព ព្រោះ​ជាក់ស្តែង​យើង​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ដើមបណ្តឹង​រដ្ឋប្បវេណី​ប៉ុណ្ណោះ ហើយ​មួយវិញទៀត តុលាការ​ក៏​មិនទាន់បាន​កោះហៅ​ភាគី​រងគ្រោះ​ទៅ​បំភ្លឺ​អ្វី​ដែរ អ៊ីចឹង​ហើយ​មានតែ​រង់ចាំ​ចំណាត់ការ​របស់​តុលាការ​បន្តទៀត​»​។​

​លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់​នៅ​ថ្ងៃទី ១២ ធ្នូ​ថា សំណុំរឿង​បាន​បញ្ជូន​មកដល់​ស្ថាប័ន​អយ្យការ​នៃ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ហើយ​។ លោក​បាន​បញ្ជាក់ថា ក្នុង​ពេលនេះ​តំណាង​អយ្យការ​បាន និង​កំពុង​ស៊ើប​លើ​ករណីនេះ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា នឹងមាន​ការចោទប្រកាន់​ឬ​យ៉ាងណា​។

​ការដាក់​ពាក្យ​បណ្តឹងទាមទា​រ​សំណង់​ជាថ្មី​របស់​ជនរងគ្រោះ បាន​ធ្វើឡើង​បន្ទាប់​មាន​ហេតុ​ការណ៍​គ្រោះថ្នាក់​ភ្លាមៗ មាន​សាច់ញាតិ​ជនបង្ក​បានផ្តល់​សំណង​ចំនួន ២ ៥០០​ ដុល្លារ​ទៅ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង ហើយ​ជនបង្ក ក៏ត្រូវ​បាន​អះ​អាង​ថា ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ផងដែរ​។​

​ព័ត៌មាន​នេះ ក៏​បង្កើតឱ្យមាន​មតិ​ប្រតិកម្ម​ពី​មហាជន​នៅលើ​សង្គម​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​ជនរងគ្រោះ បានប្រកាស​បដិសេធ​ចំពោះ​ការទទួល​សំ​​ណង​នេះ ដោយបាន​អះអាងថា ខ្លួន​ស្មានតែ​ឯកសារ​ផ្ដិតមេដៃ​នេះ គឺជា​ពាក្យបណ្តឹង ដើម្បី​ប្ដឹង​បន្តទៅ​តុលាការ ដែល​មិនដឹងថា ជា​ឯកសារ​បញ្ចប់រឿង​នោះទេ​។​

​កាលពី​ថ្ងៃទី​ ៨ ធ្នូ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​បំភ្លឺថា ករណី​គ្រោះថ្នាក់​នេះ ភាគី​ទាំងអស់​បាន​ឯកភាពគ្នា​សុំ​បញ្ចប់​សំណង​រដ្ឋប្បវេណី​ចំនួន​ ២ ៥០០ ដុល្លារ​ដោយ​មិនមាន​ការបង្ខិតបង្ខំ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​ ២០២២ រួចរាល់​ហើយ​។​

​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​អះអាងថា ទោះបីជា​មានការ​បញ្ចប់​សំណង​រដ្ឋ​ប្បវេណី​ក្ដី ប៉ុន្តែ​ករណី​នៅជាប់​បណ្តឹងអាជ្ញា ហើយ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា មូលហេតុ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​គឺ​មកពី​អ្នកបើកបរ​រថយន្ត​បើកបរ​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​មាន​អត្រា​ជាតិ​អាល់កុល​ ០.៥៣Mg/L​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ កាលពី​ថ្មីៗ​នេះ ធ្លាប់បាន​ព្រមាន​ថា ការប្រព្រឹត្ត​បទល្មើស​ចរាចរណ៍​បណ្តា​ល​ឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ជនរងគ្រោះ​ឬ​ឈាន​រហូតដល់​បាត់បង់​ជីវិត​គឺ​ជនបង្ក​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ហើយ​មន្ត្រី​អ្នក​​អនុវត្ត​ច្បាប់​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​មិនត្រូវ​លើក​លែង​ចំពោះ​ជនល្មើស​នោះឡើយ​ដោយ​ត្រូវ​ចាប់ខ្លួន​យកមក​ផ្តន្ទា​ទោស​ចំពោះមុខ​ច្បាប់​ឱ្យ​ខាង​តែ​បាន​៕

វីដេអូ៖