ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជំរុញ​ឱ្យ​ស្ថាន​ប័ន​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ធ្វើការ​ស្វែងយល់​ឱ្យ​ច្បាស់​ពី​បច្ចេកវិទ្យា​ទំនើប ហើយ​ធ្វើ​សកម្មភាព​ផ្សព្វ​​ផ្សាយ​នូវ​ទ្រឹស្តី និង​អប់រំ​ពុទ្ធ​សា​​ស​និក​ជន​ឱ្យ​ប្រតិបត្តិ​តាម​គន្លង​នៃ​សាសនា ចេះ​រួមរស់​ជាមួយគ្នា​ដោយ​ក្តី​រីករាយ​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញា​ធរមាន​សម​ត្ថ​កិច្ច​គ្រប់​លំដាប់ថ្នាក់​។​

ការជំរុញ​របស់លោក ស ខេង បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​បើក​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​​សង្ឃ​ទូទាំងប្រទេស​លើក​ទី​​៣០ ប្រចាំឆ្នាំ ២០២២ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ​១២ ខែធ្នូ នៅ​សាលសន្និសីទ​ចតុមុខ រាជធានី​​ភ្នំពេញ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង តំណាង​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​ចូលរួម​ក្នុង​ពិធី​បើក​​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​ ៣០ ប្រចាំឆ្នាំ​ ២០២២​ នេះ បាន​លើកឡើងថា ក្រោម​​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បានធ្វើឱ្យ​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​បន្ត​រឹតចំណង​សាមគ្គី​​ភាព មិត្តភាព និង​កិច្ចសហ ប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​កម្ពុជា​។​

​ជាក់ស្ដែង​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ​គណៈ​​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​បណ្តា​ប្រទេស​ជាច្រើន បានមក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​។

​យ៉ាងណាក៏ដោយ ស ខេង បាន​លើកឡើងថា ទន្ទឹមនឹង​ការរីកចម្រើន​ទាំងនេះ កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បង្កឡើង​ដោយសារ​បច្ចេកវិទ្យា​ទំនើប និង​តាម​បណ្តាញ​សង្គម​ជាដើម​ដែល​បញ្ហា​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ព្រះពុទ្ធសាសនា ធ្វើការ​សិក្សា​ស្វែងយល់​ឱ្យ​ច្បាស់ និង​ផ្សព្វផ្សាយ​ទ្រឹស្តី​សាសនា​ឱ្យបាន​ទូលំទូលាយ​សំដៅ​ឱ្យ​ពលរដ្ឋ​បាន​យល់ និង​ចូលរួម គោរព​ច្បាប់សង្គម​បានល្អ​។

​លោក​ថ្លែងថា​៖ «​វិស័យ​ព្រះពុទ្ធ​សាស​​នា​ចាំបាច់​ត្រូវធ្វើ​ការស្វែងយល់​ឱ្យ​ច្បាស់​ហើយ​ចេះ​ប្រើប្រាស់​ឱ្យស្រប​តាម​បរិ​ការ​ណ៍​នៃ​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​ដ៏​ទំនើប​នេះ ដោយ​បន្ត​ទាញយក​ប្រ​យោ​ជន៍​ពី​បច្ចេកវិទ្យា​តាមរយៈ​ការធ្វើ​សកម្ម​ភាព​ផ្សព្វផ្សាយ​នូវ​ទ្រឹស្តី និង​អប់រំ​ពុទ្ធ​សាសនិកជន​ឱ្យ​ប្រតិបត្តិ​តាម​គន្លង នៃ​សាសនា និង​ឱ្យ​ចេះ​រួមរស់​ជាមួយគ្នា​ក្នុង​ភាពសុខដុមរមនា​»​។

​ក្នុង​ព្រះបរមនាម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង លោក ស ខេង ក៏បាន​ស្នើឱ្យ​អង្គ​អនុ​សំវ​ច្ឆ​រម​ហាស​ន្និ​​បាត​មន្ត្រី​សង្ឃ ផ្តោត​ការយកចិត្ត​ទុក​ដាក់ ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ គំនិត​យោបល់ និង​ចែករំលែក​បទពិសោធន៍​ល្អៗ​ជំរុញ​ការអនុវត្ត​សង្ឃប្រកាស​ដែលមាន​កន្លងមក ហើយ​អាច​ដាក់ចេញ​នូវ​វិធានការ​ឬ​យន្តការ​គន្លឹះ​សម្រាប់​ចូលរួម​អនុវត្ត​ជាក់ស្ដែង​នូវ​សង្ឃប្រកាស​ថ្មី​ឱ្យស្រប​នឹង​វឌ្ឍនភាព​របស់​សង្គម ដើម្បី​លើកស្ទួយ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យមាន​ការរីកចម្រើន​។​

បន្ថែម​លើ​នេះ​លោក ស ខេង ក៏បាន​អំពាវនាវ​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​ទាំងអស់ មេត្តា​បន្ត​ការប្រកាន់​ខ្ជាប់​នូវ​ការយោគយល់​គ្នា គោរព​គ្នា​តាម​ឋានានុក្រម សំដៅ​ធ្វើឱ្យមាន​ការឯកភាព សាមគ្គីភាព ក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា និង​សូម​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​បន្ត​យក​ព្រះទ័យ​ទុកដាក់​ស្វាធ្យាយ​រៀន​សូត្រ​ព្រះធម៌​វិន័យ និង​ប្រតិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​សមជា​ស្រែបុណ្យ សម្រាប់​ជាទី​សក្ការៈ​របស់​ពុទ្ធប​រិ​ស័​ទ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សំណូមពរ​ពុទ្ធ​សាសនិក​ទាំងអស់ មេត្តា​រួមគ្នា​ប្រតិបត្តិ​តាម​ព្រះ​ពុទ្ធោវាទ​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ជា​ព្រះ​សង្ឃ ឬ​ជា​គ្រហស្ថ ឧបាសក ឧបាសិកា ដើម្បី​ទ្រទ្រង់ ថែរក្សា​ព្រះពុទ្ធសាសនា​ឱ្យបាន​រីកចម្រើន​ស័ក្តិ​សមជា​សាសនា​របស់​រដ្ឋ​»​។

​លោក ឈិ​ត សុខុន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បានឱ្យដឹងថា ការរៀបចំ​អនុ​សំ​វច្ចរ​មហាសន្និបាត​ម​ន្ត្រី​សង្ឃ​ទូទាំងប្រទេស​លើក​ទី​៣០​នេះ មាន​ការយាង​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​សម្ដេចព្រះ​មហាសង្ឃរាជ​ទាំង​ ២ ​គណៈ សម្ដេចព្រះ​រាជាគណៈ​គ្រប់​ឋា​នុ​​ក្រម ព្រះ​មេគណ ព្រះ​អនុគណ ព្រះចៅអធិការ ថេរានុត្ថេរៈ ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​តាម​បណ្ដា​ក្រសួង ស្ថាប័ន រាជ​​ធានី ខេត្ត តំណាង​ឯកអគ្គរាជទូត​​រដ្ឋទូត ថ្នាក់ដឹកនាំ​បរិស័ទ​នៃ​សាសនា​អ៊ិ​ស្លាម គ្រឹះ​សាសនា និង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរ​ជាតិប្រមាណ ៤៥០ ​អង្គ​នាក់​។

​លោក​បន្តថា ពិធី​អនុ​សំវ​ច្ចរម​ហាស​ន្និ​​បាត​នេះ​មាន​រយៈពេល​ ២ ​ថ្ងៃ ពីថ្ងៃ​ទី ​១២ ដល់ ​១៣ ខែធ្នូ ឆ្នាំ ​២០២២ ដើម្បី​បូក​​សរុប​សកម្មភាព និង​ពិនិត្យ​លើ​លទ្ធ​ផល​នៃ​ការអនុវត្ត​ប្រកាស​របស់​អនុ​សំ​​វច្ចរ​មហាសន្និបាត​ម​ន្ត្រី​សង្ឃ​កន្លងមក ដោយមាន​កិច្ចពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​លើ​ការងារ​ព្រះពុទ្ធសាសនា នាពេល​បច្ចុប្បន្ន និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ត សំដៅ​ពង្រឹង​រចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង ការអនុវត្ត​រាល់​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ស្រាប់ និង​ពង្រឹងគុណភាព​អប់រំ​ពុទ្ធិក​សិក្សា ការផ្សព្វផ្សាយ​មេត្តាធម៌ ព្រះ​​វិន័យ និង​ដើម្បី​អភិវឌ្ឍ​ធនធាន​បុព្វ​ជិត សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ព្រះពុទ្ធសាសនា​មានការ​រីកចម្រើន​។​

លោក​ថ្លែងថា​៖ «​អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​មន្ត្រី​សង្ឃ​នេះ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​នា​ឆ្នាំ​បន្ត​សំដៅ​ពង្រឹង​ការអនុវត្ត​រចនាសម្ព័ន្ធ​ដឹកនាំ​គ្រប់គ្រង និង​រាល់​លិខិតបទដ្ឋាន​គតិ​យុត្ត​ដែលមាន​ស្រាប់​ធ្វើឱ្យ​វិស័យ​ព្រះពុទ្ធសាសនា​មានការ​រីកចម្រើន​ថ្មីៗ​បន្ថែមទៀត ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​»៕