ភ្នំពេញ​: «​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥» បានចាប់ផ្ដើម​ដំណើរ​​ការ​នៅ​ឆ្នាំ​ ២០២២​ នេះ ហើយ​រំពឹងថា វា​នឹង​ក្លាយជា​គោ​លន​យោ​បាយ​ឌីជីថល​ពេញលេញ ក្រោម​សសរស្ដម្ភ ពលរដ្ឋ​ឌីជីថល រដ្ឋា​ភិ​បាល​ឌីជីថល និង​អាជីវកម្ម​ឌីជីថល នៅត្រឹម​ឆ្នាំ​ ២០៣៥​។

​ក្នុងជំនួប​ជាមួយ​នាយក​ទី​ភ្នា​ក់​​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំ​ប្រទេស​កម្ពុជា លោក Rho Hyunjun និង​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា​ វ៉ាន់​ដេ​ត បានលើកឡើង​ពី​ផែន​​ការ​អនុវត្ដ​ «​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥» និង​ស្នើ​សុំឱ្យ​ទី​ភ្នា​ក់​​ងារ​មួយ​នេះ​គាំទ្រ​គម្រោង​វេ​ប​ផ​តថល​សម្រាប់​បម្រើសេវា​សាធារណៈ​អន​ឡាញ​។

​កាលពី​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២២ លោក វ៉ាន់​ដេ​ត បាន​ថ្លែង​អំពី​ការងារ​វិមជ្ឈការ និង​សហ​វិម​ជ្ឈ​ការ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែកាប​អុ​ប​ទិ​ក ការកសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ឌីជីថល​ទៅដល់​ឃុំ សង្កាត់ ការរៀបចំ​និម្មាបនកម្ម​សហគ្រាស​សម្រាប់​រដ្ឋាភិបាល និង​ការជំរុញ​រៀបចំ​វេ​ប​ផ​តថល (web portal) ថ្នាក់ជាតិ ដែល​ចង្អុលបង្ហាញ​នៅក្នុង​គោលនយោបាយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ព័​ត៌​មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

​គួរ​បញ្ជាក់ថា វេ​ប​ផ​តថល​គឺជា​វេ​ប​សាយ​រចនា​ឡើង​យ៉ាង​ពិសេស ដែល​នាំយក​ព័ត៌មាន​ពី​ប្រភព​នានា​ដូចជា អ៊ីមែ​ល វេទិកា​អន​ឡាញ និង កម្មវិធី​រុករក​ឯកសារ​ផ្សេងៗ​។

​លោក​សូ វិ​សុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ «​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ ២០២២-២០៣៥» ត្រូវបាន​អនុម័ត​នៅ​ដើមឆ្នាំ​ ២០២២ ហើយ​ឥឡូវនេះ​កំពុងដំណើរការ​រៀបចំ​ជា​បណ្ដើរៗ​។ មកដល់ពេលនេះ មានការ​ជួយ​ពី​ខាង​រដ្ឋាភិបាល​កូរ៉េ​ជួយ​ផងដែរ ដោយ​បង្កើតជា​មជ្ឈមណ្ឌល​ប្រតិ​ប​ត្ដិ​ការ​នានា​»​។

​លោក បាន​បន្ដថា​៖ «​ពាក់ព័ន្ធ KOICA យើង​ត្រូវការ​ដៃគូ​សហ​​ប្រតិ​ប​ត្ដិ​ការ​នានា​នៅក្នុង​រដ្ឋា​ភិ​បាល​ឌីជីថល​នេះ ដោយមាន​ការចូលរួម​ទាំងអស់គ្នា រួមទាំង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​»​។

​លោក វិ​សុ​ទ្ធី បាន​លើកឡើងថា ភាគី​ខាង​កូរ៉េ​បាន​ជួយ​ច្រើន តាំងពី​សេចក្តីព្រាង​គោ​លន​យោ​​បាយ​រដ្ឋាភិបាល​ឌីជីថល​រហូតដល់​ការចែកជូន​នូវ​ឧត្ដ​មា​នុ​វត្ដ​ន៍ (best practice) បទពិសោធន៍​ល្អៗ​ដែល​កូរ៉េ​បាន​អនុវត្ដ​ជាង ២០​ ឆ្នាំ​មកហើយ​ចំពោះ​រដ្ឋាភិបាល​ឌីជីថល​របស់គេ ក៏ដូចជា​ជួយ​បង្រៀន​មន្ដ្រី​ស្ថាប័ន​នានា តាម​​រយៈ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT)​។

​យោងតាម​របាយការណ៍ ​«​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ ២០២២-២០៣៥» ដែល​ចេញផ្សាយ​កាលពីដើម​ខែមករា ឆ្នាំ​ ២០២២ បាន​បង្ហាញថា វា​ជា​ឯកសារ​យុទ្ធសាស្ដ្រ​ឆ្លុះបញ្ចាំង​ពី​ការគិតគូរ​វែងឆ្ងាយរ​ប​ស់រាជ​រដ្ឋាភិបាល និង​ជា​ផែនទី​បង្ហាញផ្លូវ ក្នុង​គោលដៅ​សម្រេច​ឱ្យបាន​ការធ្វើ​បរិ​វត្ដ​កម្ម​រដ្ឋាភិបាល​ឌីជីថល​ពេញលេញ​។ ក្នុងន័យនេះ​សកម្ម​ភាព​អាទិភាព​រយៈពេល​ខ្លី មធ្យម និង​វែង​ត្រូវបាន​រៀបចំឡើង​ប្រកប​​ដោយ​ភាព​ប្រទាក់ក្រឡា និង​គ្រប់​ជ្រុងជ្រោយ ស្របតាម​ការ​​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ឌីជីថល ការវិវឌ្ឍ​របស់​កម្ពុ​ជា និង​ឧត្ដ​មា​​នុ​វត្ដ​ន៍​ជាតិ និង​អន្ដរជាតិ​។

​ក្របខ័ណ្ឌ​គោលនយោបាយ ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លើយ​តប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​ ៤ ដែលមាន​សសរស្តម្ភ​សំខាន់ៗ​ចំនួន ​៣៖ ពលរដ្ឋ​ឌី​ជី​​ថ​ល រដ្ឋាភិបាល​ឌីជីថល និង​អាជីវកម្ម​ឌីជីថល ដោយ​ការ​​កសាង​រដ្ឋាភិបាល​ឌីជីថល​ត្រូវ​ចាប់ផ្តើម​មុន​ដើម្បី​លើកកម្ពស់ ការទទួលយក និង​ការធ្វើ​ប​ដិ​វត្ដ​​កម្ម​ឌីជីថល​នៅក្នុង​សេដ្ឋកិច្ច​និង​សង្គម​ទាំងមូល​។

​របាយការណ៍ «​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥» បានឱ្យដឹងថា តាមរយៈ​គណៈកម្មការ​ធិ​ការ​អន្ដរក្រសួង​ទទួលបន្ទុក​រៀបចំសេចក្ដី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋា​​ភិ​បាល​ឌីជីថល លោកនាយក​​រដ្ឋមន្ដ្រី ហ៊ុន សែន បានប្រគល់​ភារកិច្ច​ដល់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដឹកនាំ​រៀបចំ «​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥»​។

​ការរៀបចំ​គោ​លន​យោ​​បាយ​នេះ ក្នុង​គោលបំណង «​កសាង​រដ្ឋាភិបាល​ឆ្លាត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​និង​បច្ចេកវិទ្យា​ឌីជីថល​ជា​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាល​កិច្ច​និង​ការកែទម្រង់​ប្រកបដោយ​តម្លាភាព និង​ភាពជឿ​ទុក​ចិ​ត្ដ​ដើម្បី​អភិរក្ស​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថ​ល​ប្រកបដោយ​បរិ​យា​ប័ន្ន​»​។

​របាយការណ៍​ដែលមាន ៩៧​ ទំព័រ​បាន​បង្ហាញថា​៖ «​ជំរុញ​ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នៅ​ថ្នាក់ក្រោម​ជាតិ​ចាប់ពី​កម្រិត​រាជធានី ខេត្ដ ដល់​ឃុំ សង្កាត់ ដូចជា រដ្ឋបាល​ឃុំ សង្កាត់ ប៉ុស្ដិ៍​​នគរបាល សាលារៀន មណ្ឌល​សុខភាព និង​ទីប្រជុំជន​ដើម្បី​គាំទ្រ​ការបម្រើ​សេវាសាធារណៈ​ឌី​ជី​​ថ​ល ការអប់រំ និង​បណ្ដុះបណ្ដាល​អន​ឡាញ ការប្រឹក្សា និង​ធ្វើ​រោគ​​វិនិច្ឆ័យ​សុខភាព​អន​ឡាញ ការ​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​របស់​ប្រជាពលរដ្ឋ និង​ព័ត៌មាន​អំពី​ទីផ្សារ និង​ផលិតផល​កសិកម្ម​»​។

​លោក វិ​សុ​ទ្ធី បន្ដថា​៖ «​នៅមាន​ការងារ​ជាច្រើន​ត្រូវ​រៀបចំ ដូចជា គណៈកម្មាធិការ​ផ្សេងៗ អង្គភាព​ប​ដិ​វត្ដ​កម្ម​ឌីជីថល​នៅតាម​ក្រសួង ស្ថាប័ន​ដឹកនាំ​ដោយ​រដ្ឋលេខា​ធិ​កា​ ១ ​រូប ជា​សមាជិក​នៃ​គណៈ​កម្ម​ការ​រដ្ឋាភិបាល​ឌីជីថល​»​។​

​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​​នាគ​មន៍ បាន​បង្ហាញថា លោក​រដ្ឋមន្ដ្រី ជា វ៉ាន់​ដេ​ត បានស្នើ​សុំ​ភាគី​កូរ៉េ​ជួយ​គាំទ្រ​លើ​ការបញ្ចប់​ការរៀបចំ​វេ​ប​ផ​តថល​ថ្នាក់ជាតិ ដែល​ត​ភ្ជាប់​ទៅគ្រប់​ក្រសួង​ស្ថា​​ប័ន​សម្រាប់​បម្រើសេវា​សា​ធា​​រណៈ​អន​ឡាញ ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។

​ជាការ​ឆ្លើយតប លោក Rho Hyunjun បាន​ស្វាគមន៍​កិច្ច​​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​លើ​ការគាំទ្រ​ការរៀបចំ​វេ​ប​ផត​ថ​ល​ថ្នាក់ជាតិ តាមរយៈ​ការបញ្ជូន​អ្នកជំនាញ​មក​បន្ថែម​សមិទ្ធ​ភាព​ទិន្នន័យ និង​លទ្ធភាព​គាំទ្រ​របស់ KOICA លើ​ការងារ​នេះ​ផងដែរ​។​

​លោក វ៉ាន់​ដេ​ត បាន​សរសេរ​លើ​ទំព័រ​អារម្ភកថា​ស្ដីពី​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ថា​៖ «​ក្នុងនាម​ក្រសួង​ប្រៃ​​ស​ណី​យ៍ និង​ទូរគមនាគមន៍ ខ្ញុំ​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត​របស់​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុងការ​រៀបចំតាក់តែង «​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ ២០២២-២០៣៥» នេះ​ឱ្យ​លេច​ចេញ​ជា​រូបរាង​»៕