
គ្រឿងញៀនប្រភេទកេតាមីនជិត ៩០០ គីឡូក្រាម ត្រូវបានរកឃើញកាលពីថ្ងៃទី ១១ ធ្នូ។ រូបថត GRK Preah Sihanouk
ភ្នំពេញៈ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ កំពុងបន្តធ្វើការស៊ើបអង្កេតរកអ្នកនៅពីក្រោយករណីគ្រឿងញៀនប្រភេទកេតាមីនជិត ៩០០ គីឡូក្រាមបន្ទាប់ពីរកឃើញក្នុងឃ្លាំងជួល ១ កន្លែងរបស់ជនជាតិចិនស្ថិតនៅភូមិ ២ សង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ។
លោក ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១២ ខែធ្នូ ថា ករណីគ្រឿងញៀនប្រភេទកេតាមីនជិត ៩០០ គីឡូក្រាម ដែលកម្លាំងសមត្ថកិច្ចរកឃើញនៅក្រុមទី ៩ ភូមិ ២ សង្កាត់លេខ ១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ១១ ធ្នូ នៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកអ្នកទទួលខុសត្រូវបទល្មើសនេះ។
លោកថ្លែងថា៖ «ការបង្ក្រាបបទល្មើសគ្រឿងញៀននេះយើងមិនសូវជាប្រើពេលវេលាយូរថ្ងៃទេព្រោះយើងមានទំនាក់ទំនងបណ្តាញរបស់យើង។ ឥឡូវយើងកំពុងតែបន្តនីតិវិធីដើម្បីស្រាវជ្រាវការងារនេះទៀត»។
បើតាមលោក គឹមហួរ នេះជាប្រតិបត្តិការដែលអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការជាមួយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ចំពោះទីតាំងលាក់ទុកគ្រឿងញៀននេះ នៅចំណុចឃ្លាំងជួល១កន្លែងស្ថិតក្នុងក្រុមទី ៩ ភូមិ ២ ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
លោក គឹមហួរ បញ្ជាក់ថា ក្នុងប្រតិបត្តិការនាពេលនោះសមត្ថកិច្ចរកមិនឃើញជនណាម្នាក់នៅក្នុងឃ្លាំងនោះទេ។
ក៏ប៉ុន្តែសមត្ថកិច្ចបានឆែកឆេរឃើញការុងចំនួន ៣៤ ការុង ដែលនៅក្នុងនោះមានវេចខ្ចប់កញ្ចប់ជាដុំៗហើយនៅក្នុង កញ្ចប់នោះជាម្សៅគ្រឿងញៀនកេតាមីនទម្ងន់រហូតដល់ ៨៨៤ គីឡូក្រាម។ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ដឹងថា ឃ្លាំងនោះជាកម្មសិទ្ធិរបស់បុគ្គលណានៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការស្រាវជ្រាវ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ឈិត សូផាត ចៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ធ្នូ ថា លោកបានដឹងអំពីព័ត៌មាននៃការបង្ក្រាបគ្រឿងញៀន របស់សមត្ថកិច្ចដែរ តែលោកមិនបានចូលរួម សហការទេ ហើយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់លេខ ១ ក៏មិនបានចូលរួមដែរ ព្រោះជាសមត្ថកិច្ចរបស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុជាអ្នកចុះបង្ក្រាប។ ក្នុងនោះក៏មានការចូលរួមពីលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុរួមនឹងផ្នែកតុលាការផងដែរ។
លោកឱ្យដឹងថា ចំពោះទីតាំងដែលជាកន្លែងលាក់ទុកគ្រឿងញៀននោះគឺជាដីឡូត៍ របស់ប្រជាពលរដ្ឋក៏ប៉ុន្តែសាងសង់ថ្មនៅផ្ទាល់ដីមានបរិវេណទំហំដីធំធ្វើជាលក្ខណៈស្តុកទំនិញ។ បច្ចុប្បន្នឃ្លាំងនោះជនជាតិចិនជាអ្នកជួលស្នាក់នៅ។
លោកបញ្ជាក់ថា៖ «ផ្ទះនោះគេទើបតែជួសជុលពង្រីកធំធ្វើជាឃ្លាំង។ ឃ្លាំងនោះនៅក្រុមទី ៩ភូមិ ២ សង្កាត់លេខ ១»។
ជុំវិញបញ្ហាគ្រឿងញៀននេះដែរ ត្រូវបានលោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានប្រាប់ឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃទី ១២ ធ្នូថា ចំពោះគ្រឿងញៀនដែលសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុបង្ក្រាបបានជាប្រភេទកេតាមីនតែលោកមិនទាន់ដឹងច្បាស់ថា គ្រឿងញៀនទាំងនោះជាគ្រឿងញៀនផលិតនៅនឹងកន្លែងឬក៏នាំចូលទេព្រោះនៅកំពុងធ្វើការស្រាវជ្រាវបន្តទៀត។
លោកថ្លែងថា៖ «គ្រឿងញៀននៅជាបញ្ហាក្តៅដដែលព្រោះវាពាក់ព័ន្ធនឹងការធ្វើចរាចរណ៍គ្រឿងញៀនឆ្លងកាត់ហើយប៉ុន្មានករណីមុនក្រុមឧក្រិដ្ឋជនប៉ុនប៉ងប្រើប្រាស់កម្ពុជា តែយើងបានបង្ក្រាបទាន់ពេលវេលា។ សម្រាប់បញ្ហានៅសេសសល់នេះយើងត្រូវសិក្សាថា តើប្រភពវាចេញ មកពីណា?»៕
វីដេអូ៖