ភ្នំពេញៈ កងទ័ពមួកខៀវកម្ពុជាដែលទៅបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងមានតួនាទីស្នូលគឺត្រួតពិនិត្យវិន័យ សណ្តាប់ធ្នាប់បុគ្គលិកអង្គការសហប្រជាជាតិទាំងអស់ដែលកំពុងបំពេញបេសកកម្មដោយធានាថាពួកគេបានអនុវត្តត្រឹមត្រូវតាមច្បាប់របស់សាមីប្រទេស និងច្បាប់របស់អង្គការសហប្រជាជាតិ។

នេះបើតាមលោកវរសេនីយ៍ឯក ទេស សីហា មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីរូបលោកទើបបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងជាមួយកងកម្លាំងចំនួន៧២នាក់ទៀតក្រោយមកដល់មាតុប្រទេសវិញកាលពីយប់ថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២។

លោកថ្លែងថា៖«ភារកិច្ចដែលយើងទទួលការងារពីមេបេសកកម្មប្រចាំតំបន់នៅស៊ូដង់ខាងត្បូង ការងារស្នូលរបស់យើងទី១ គឺត្រួតពិនិត្យវិន័យសណ្តាប់ធ្នាប់របៀបរៀបរយលើបុគ្គលិកUNទាំងអស់ដែលកំពុងបំពេញបេសកកម្ម។ទី២យើងត្រួតពិនិត្យពង្រឹងសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍លើដងផ្លូវ ដោយពិនិត្យល្បឿនរថយន្ត សារធាតុស្រវឹងលើអ្នកបើកបរជាដើម »។

លោកបានឱ្យដឹងទៀតថា បន្ថែមលើនេះកងទ័ពមួកខៀវកម្ពុជាក៏មានតួនាទីផ្តល់សន្តិសុខ ដោយធ្វើការត្រួតពិនិត្យបណ្ណសម្គាល់ខ្លួន ក៏ដូចជាសម្ភារដែលហាមឃាត់នៅគ្រប់ច្រកចេញចូលបន្ទាយរបស់អង្គការសហប្រជាជាតិទាំងអស់។ជាពិសេសពេលកងកម្លាំងអង្គការសហប្រជាជាតិធ្វើការប្តូរវេនម្តងៗកងកម្លាំងមួកខៀវកម្ពុជាត្រូវពង្រាយកងកម្លាំងឆែកឆេររបស់របរខុសច្បាប់កុំឱ្យមានការនាំចេញ និងនាំចូល។

លោកបញ្ជាក់ថា៖«បន្ទាប់ពីនោះគឺយើងធ្វើការល្បាតដោយថ្មើរជើង និងរថយន្តទាំងនៅក្នុងបន្ទាយ និងក្រៅបន្ទាយដើម្បីផ្តល់នូវសន្តិសុខជូនដល់បុគ្គលិក UN ក៏ដូចជាការពារទ្រព្យសម្បត្តិរបស់ UN»។

លោកបានឱ្យដឹងថា កម្លាំងរាជអាវុធហត្ថកម្ពុជាបានដាក់ពង្រាយចំនួន៦ទីតាំង និងឈរជើង៧គោលដៅនៅទីបញ្ជាការក្នុងរដ្ឋធានី Juba,UN-House ទីក្រុង Bor, Malakal, Wau, Bentiu និង Rumbek។ នៅទីនោះកងទ័ពមួកខៀវកម្ពុជា ក្រោមឆត្រអង្គការសហប្រជាជាតិក៏បាន ចូលរួមសកម្មភាពមនុស្សធម៌ ដោយផ្តល់នូវសម្ភារសិក្សា ស្បៀងអាហារ របស់ប្រើប្រាស់ផ្សេងទៀតទៅដល់មណ្ឌល់ក្មេងកំព្រាផងដែរ។ចំណែកប្រជាពលរដ្ឋស៊ូដង់ខាងត្បូងមានការពេញចិត្តជាមួយវត្តមានរបស់អង្គការសហប្រជាជាតិដែលដាក់បេសកកម្មនៅទីនោះ។

មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩បានគូសបញ្ជាក់ថា រាល់ភារកិច្ចដែលមេបេសកកម្មអង្គការសហប្រជាជាតិប្រចាំតំបន់នៅស៊ូដង់ខាងត្បូង ត្រូវបានកងទ័ពមួកខៀវកម្ពុជាបំពេញតាមតម្រូវការរបស់អង្គការសហប្រជាជាតិដោយជោគជ័យ។ លោកថា ការដែលបំពេញភារកិច្ចជោគជ័យនេះហើយដែលធ្វើឱ្យកម្ពុជាមានកិត្តិយស កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ហើយអ្វីដែលគេផ្តល់មកវិញគឺការកោតសរសើរ។

លោកថ្លែងថា៖«អ្វីដែលយើងបានបំពេញភារកិច្ចដែលគេផ្តល់ឱ្យយើងអាចឆ្លើយតបទៅវិញបាន យើងធ្វើបានគ្រាប់ភារកិច្ច អ៊ីចឹងគេកោតសរសើរ។ជាក់ស្តែងសម្រាប់កងកម្លាំងរបស់យើងដែលទើបតែបញ្ចប់រយៈពេល១ឆ្នាំនេះ យើងទទួលបានការកោតសរសើរកងកម្លាំងរបស់យើងគ្រប់ជាន់ថ្នាក់ ថាមានសមត្ថភាពធ្វើការងារដែលគេផ្តល់ឱ្យយើងបាន»។

ថ្លែងក្នុងពិធីទទួលកងទ័ពមួកខៀវចំនួន៧៣នាក់ក្នុងនោះស្រី ៣៤នាក់ ដែលទើបបញ្ចប់បេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងនៅយប់ថ្ងៃទី១២ ខែធ្នូ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានគូសបញ្ជាក់ថា កងទ័ពមួកខៀវកម្ពុជាពិតជាបានរក្សានូវគំរូវីរភាពស័ក្ដិសមជាកងយោធពលខេមរភូមិន្ទដែលប្រកាន់ខ្ជាប់វិន័យតឹងរ៉ឹង ដោយនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ក្នុងការប្តេជ្ញាចិត្តរក្សាកេរ្តិ៍ឈ្មោះ ស្អាតស្អំ ដោយមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរមនុស្ស។

លោក សែម សុវណ្ណនី បានឱ្យដឹងថា ការចូលរួមរបស់កងនារីមានចំនួន ៤៦,៥ភាគរយ ជាកងដែលមានការចូលរួមពីសំណាក់យោធិននារីច្រើនជាងគេបង្អស់ដែលនេះឆ្លុះបញ្ចាំងពីការតាំងចិត្តដ៏មុតមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងការស្នើសុំរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការចូលរួមចំណែកក្នុងរបៀបវារៈស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ»។

លោកថ្លែងថា៖«ភាពជោគជ័យរបស់កងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង គឺពិតជាទទួលបានការហ្វឹកហ្វឺន ជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់អង្គការសហប្រជាជាតិមុនចេញបេសកកម្ម ហើយរក្សាបាននូវសុវត្ថិភាព តាមការផ្តាំផ្ញើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ»។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៨ ៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង៨០០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕