ភ្នំពេញៈ តំណាង​បណ្តាញ​សហ​គមន៍​ដែល​ចូល​ការពារ​ព្រៃ​ឈើ​ និង​ជីវ​ចម្រុះ​ចំនួន​ ៣ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូល​រួម​សន្និ​សីទ​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ជីវចម្រុះ​លើក​ទី​១៥(COP15)នៅ​ទីក្រុង​ម៉ុ​ងត្រេ​អាល់ ​ប្រទេស​កាណា​ដា ពីថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​១៩ ​ខែធ្នូ​ ឆ្នាំ​២០២២ ដោយ​ចាត់ទុក​ការចូលរួម​នេះ​ជា​គ្រឿង​លើកទឹកចិត្ត​ដ៏​សំខាន់​សម្រាប់​ពួកគេ​ក្នុង​ការបន្ត​ការពារ​ព្រៃឈើ​នៅ​តាម​មូល​ដ្ឋានរបស់​​ពួក​គេ​។

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ ​បណ្តាញ​សហ​គមន៍​ចំនួន​៣​ គឺសង្ឃ​សហ​គមន៍​រុក្ខ​វ័ន បណ្តាញ​សហ​គមន៍​ព្រៃ​ព្រះ​រកា និង​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់ បាន​ចាត់​ទុក​ការ​ចូលរួម​លើ​ឆាក​អន្តរ​ជាតិ​ដែល​ផ្តោត​លើ​ការការ​ពារ​ធន​ធាន​ជីវ​ចម្រុះ​នេះ ​កំពុង​ជំរុញ​ទឹក​ចិត្ត​ និង​លើក​ទឹកចិត្ត​សហ​គមន៍​ឱ្យ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើ​នៅ​កម្ពុជា​។

​សេចក្តី​ប្រកាស​រួម​​ចុះ​ថ្ងៃទី​១២ ខែធ្នូ បាន​អះ​អាង​ថា តាម​ប្រវត្តិ​សាស្ត្រ ​មូល​ដ្ឋាន​ជំនឿ សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន ​និង​កំពុង​ធ្វើការ​ប្រកប​ដោយ​សីល​ធម៌ និ​ង​យ៉ាងស​កម្ម​នៅក្នុង​ការ​ការពារ​ព្រៃ​ឈើ ​និង​ជីវ​ចម្រុះ​ពី១​ជំនាន់​ ទៅ​១​ជំនាន់ ​និង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

​សេចក្តី​ប្រកាស​នោះ​បន្ត​ថា​«​ព្រៃឈើ​ដែល​នៅ​សេស​សល់​នៅលើ​ពិភព​លោក​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ទឹកដី​នៃ​សហ​គមន៍​មូល​ដ្ឋាន ​និង​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច ​ជាទី​ដែល​ពួកគេ​រក្សា​នូវ​អត្ត​សញ្ញាណ​របស់​ពួក​គេ រួមទាំង​ការ​គោរព​ព្រលឹង​បុព្វ​បុរស​ និង​អាថ៌​កំបាំង​របស់​ដូនតា​របស់​ពួកគេ​ និង​រក្សា​វប្បធម៌ ​និង​ប្រពៃ​ណី​ដ៏​យូរ​អង្វែង​របស់​ពួកគេ​។តួនាទី​របស់​ពួកគេ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ទប់​ស្កាត់​ការ​បាត់​បង់​ជីវជាតិ ប្រព័ន្ធ​អេកូ ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ និង​ដើម្បី​រក្សា​ភាព​ស្រស់ស្អា​ត​នៃ​ភព​ផែន​ដី​»​។​

​យោង​តាម​គេហ​ទំព័រ​របស់​រដ្ឋាភិ​បាល​កាណា​ដា ​www.canada.ca COP15 នឹង​ផ្តោត​លើ​ការកា​រពារ​ធម្មជាតិ ​និង​បញ្ឈប់​ការ​បាត់​បង់​ជីវ​ចម្រុះ​នៅ​ជុំវិញ​ពិភព​លោក​។ អាទិភា​ព​របស់​រដ្ឋាភិ​បាល​កាណា​ដា​គឺ​ដើម្បី​ធានាថា​ COP15​ គឺជា​ជោគ​ជ័យ​សម្រាប់​ធម្ម​ជាតិ​។ មាន​តម្រូវការ​ជា​បន្ទាន់​សម្រាប់​ដៃគូ​អន្តរ​ជាតិ​ដើម្បី​បញ្ឈប់ និង​បញ្ចៀស​ការ​បាត់​បង់​ជីវចម្រុះ​ដ៏​គួរឱ្យ​ព្រួយ​បារម្ភ​នៅ​ទូទាំង​ពិភព​លោក​៕