សីហនុៈ​ គម្រោង ​«​គំនិត​ផ្ដួច​ផ្ដើម​អគារ​បៃតង​តាម​រយៈ​វិធាន​ការ​គាំទ្រ​សហ​គមន៍​ងាយ​រងគ្រោះ​»ឧបត្ថម្ភ​ដោយ​ប្រទេស​ជប៉ុន ​អនុវត្ត​ដោយ ​UN-Habitat នៅ​ខេត្ត​ព្រះ​សីហនុ រួម​ចំណែក​លើក​កម្ពស់​ជីវភាព​សុខុ​មាល​ភាព​ និង​កាត់​បន្ថយ​ការ​ចំណាយ​ទៅលើ​ការប្រើ​ប្រាស់​អគ្គិសនី​ និង​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហ​គមន៍​ព្រម​ទាំង​អាច​រស់នៅ​ប្រកប​ដោយ​ភាព​រីក​រាយ និង​សុវត្ថិ​ភាព​។

​នេះ​បើតាម ​លោក ​ឡុង ​ឌី​ម៉​ង អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​រយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​រសៀល​ថ្ងៃទី ១៣ ​ខែធ្នូ​ ឆ្នាំ​២០២២​ ​។

​លោក​ថ្លែង​ថា​៖««​គម្រោង​នេះ​ផ្តល់​ជម្រើស​ថាម​ពល​ស្អាត ​ពិសេស​ចង្ក្រាន​ដែល​ប្រើ​ប្រាស់​ថាម​ពល​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ ​ចំពោះ​ការឆ្លង​មេរោគ​តាមផ្លូវ​ដង្ហើម​ដែល​អាច​បណ្ដាល​មក​ពី​ការ​ចម្អិន​អាហារ​ ប្រើប្រាស់​ឥន្ធនៈ​បំពុល និង​បច្ចេក​វិទ្យា​ធ្វើឱ្យ​គុណ​ភាព​ខ្យល់​នៅ​ក្នុង​ផ្ទះ​មិន​ល្អ​»​។​

​លោក​អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ​បាន​ឱ្យដឹង​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​បាន​ឯក​ភាព​ជាគោល​ការណ៍​អនុញ្ញាត​ឱ្យ​UN-HABITAT អនុវត្ត​គម្រោង​ស្ដីពី«​គំនិត​ផ្ដួចផ្ដើម​អគារ​បៃតង​តាម​រយៈ​វិធានការ​គាំទ្រ​សហ​គមន៍​ងាយ​រង​គ្រោះ​»ក្នុង​សហ​គមន៍​ក្រីក្រ​ចំនួន​២ រួម​មាន ​តំបន់​ទំនប់​រលក​ភូមិ​៣ និង​តំបន់​អភិ​វឌ្ឍន៍​ថ្មី ភូមិ​១ សង្កាត់​១ ក្រុង​ព្រះ​សីហនុ ​តាម​រយៈ ស​.​ជ​.​ណ​.​លេខ​ ២១១/​២២ ចុះ​ថ្ងៃ​២៨​ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក​បន្ថែម​ថា​៖«​គម្រោង​នេះ​ក៏បាន​រួម​ចំណែក​ផ្តល់​ជម្រើស​ថាម​ពល​ជំនួស​សម្រាប់​បំភ្លឺ​ និង​សន្សំ​សំចៃ​ការ​ប្រើប្រាស់​អគ្គិសនី​ ដែល​រួម​ចំណែក​ដោយ​ផ្ទាល់​ដល់​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​គ្រួសារ​ក្រីក្រ​ក្នុង​សហ​គមន៍​ងាយ​រង​គ្រោះ​ផង​ដែរ​»​។

​លោក​អភិ​បាល​រង​ខេត្ត​ព្រះ​សីហនុ​រូបនេះ​ប្រាប់​ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ លោក​ទើប​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សូ​ឡា​តាម​ថ្នល់ ​ការបែងចែក​សូ​ឡា​តាម​ផ្ទះ និង​ចង្ក្រាន​បរិស្ថាន​នៃ​គម្រោង«​គំនិត​ផ្ដួច​ផ្ដើម​អគារ​បៃតង​តាមរយៈ​វិធាន​ការគាំទ្រ​សហ​គមន៍​ងាយ​រង​គ្រោះ​» នៅ​ក្នុង​សង្កាត់​១​ ក្រុង​ព្រះ​សីហនុ​។

​តាមរយៈ​គម្រោង​នេះ UN-Habitat បាន​ជួយ​ផ្តល់​ចង្ក្រាន​បរិស្ថាន ​កង្ហា​រសូ​ឡា និង​អំពូល​សូ​ឡា​បាន​២​វគ្គ​មក​ហើយ ​ក្នុង​នោះ វគ្គ​ទី​១ នៅ​ថ្ងៃទី​៤ ​ខែវិច្ឆិកា ឆ្នាំ​២០២២ ​គម្រោង​បាន​ប្រគល់​ជូន​នូវ​ចង្ក្រាន​បរិស្ថាន​ចំនួន ៣៧២​ឈុត ដល់​គ្រួសារ​ក្រីក្រ​ចំនួន​១៨៦ គ្រួសារ (​ក្នុង​១​គ្រួសារ​ទទួល​បាន​២​ឈុត​)​។

​ចំណែក​វគ្គ​ទី​២ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ គម្រោង​បានប្រគល់​ជូន​គ្រួសារ​ក្រីក្រ​ចំនួន ១៨៦គ្រួសារ ក្នុង​១គ្រួសារ​ទទួលបាន កង្ហារសូ​ឡា១​ឈុត (​ផ្តល់ជូន១៨៩​ឈុត​) អំពូល​សូ​ឡា​តាម​ផ្ទះ ២​ឈុត (​ផ្ដល់​ជូន​៣៧៨ឈុត​) ដោយឡែក​គម្រោង​បំពាក់​អំពូល​សូ​ឡា​តាម​ដងផ្លូវ​ភូមិ​១ ចំនួន ៣១​ដើម និង​ភូមិ​៣ ចំនួន១១០​ដើម (​សរុប ១៤១​ដើម​)​។

​លោក ឡុង ឌី​ម៉​ង់ បាន​ឱ្យដឹង​ថា UN-Habitat បាន​ចូល​ជួយ​ខេត្ត​ព្រះ​សីហនុ​តាំងពី​ឆ្នាំ២​០១១ ​រហូតម​កដល់​បច្ចុប្បន្ន ​ក្នុង​នោះ UN-Habitat​ ក៏បាន​គាំទ្រ​បច្ចេក​ទេស​លើ​គម្រោង​ និង​សកម្ម​ភាព​ជា​ច្រើន ដូចជា ​គម្រោង​បន្ស៊ាំក្នុងការ​ប្រែ​ប្រួល​អាកាស​ធាតុ​ នៅ​ខេត្ត​ព្រះ​សីហ​នុ គម្រោង​អប់រំ​អនា​ម័យ​បរិស្ថាន ​គម្រោង Smart City និង​បច្ចុប្បន្ន​កំពុង​អនុវត្ត​គម្រោង​គំនិត​ផ្ដួច​ផ្ដើម​អគារ​បៃតង​តាម​នេះ​ នៅ​ក្នុង​សង្កាត់​១ ក្រុង​ព្រះសី​ហនុ​។

​លោក នេត្រ ភក្ត្រា រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១៣ ​ខែធ្នូ​ថា នេះ​គឺជា​គម្រោង​ល្អ​មួយ​សម្រាប់​មធ្យោ​បាយ​នៃ​ការ​ប្រើ​ប្រាស់​ ខណៈ​រាជរដ្ឋាភិ​បាល​កម្ពុជា​កំពុង​ជំរុញ​ការប្រើ​ប្រាស់​ថាមពល​ស្អាត ​ដែលជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​ការពារ​ប​រិ​ស្ថាន​ ក៏ដូចជា ​ការ​អនុវត្ត​នូវ​ផែន​ការ​អភិវឌ្ឍន៍រ​យៈ​ពេល​វែង​សម្រាប់​អ​ព្យា​ក្រឹត​កាបូន​ត្រឹម​ឆ្នាំ២០៥០​។

​លោក​ថ្លែង​ថា​៖«​ថាម​ពល​ស្អាត ​គឺជា​ផ្នែក​មួយ​ដែល​នឹង​ចូល​រួម​ក្នុងការ​ធ្វើឱ្យ​មាន​អ​ព្យា​ក្រឹត​កាបូន​ដើម្បី​កុំឱ្យ​មាន​ការ​បំពុល​។​អ៊ីចឹង​ការប្រើ​ប្រាស់​ប្រព័ន្ធ​សូ​ឡា ​ចង្ក្រាន​បរិស្ថាន ថាម​ពល​ដែល​ក៏​កើត​ឡើង​វិញ​ ឬ​ប្រភេទ​ដែល​មាន​មេត្រី​បរិស្ថាន​ហ្នឹង​ ជា​ចំណុច​ល្អ ហើយ​យើង​បន្ត​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ ព្រោះនេះ​ជាការ​អនុវត្ត​មួយ​ដែល​ល្អ​ហើយ​ជំរុញ​កា​រអនុវត្ត​ជារួម​ដើម្បី​បរិស្ថាន​កម្ពុជា​ល្អ​»​។​

​លោក ​នេត្រ ភក្ត្រា ​បន្ថែម​ថា នៅក្នុង​ការធ្វើ​អ​ព្យា​ក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​ គឺ​នៅក្នុង​ចំណោម​វិស័យ​ចំនួន​៧ ​មាន​ដូច​ជា កសិកម្ម ព្រៃឈើ​ ការ​ប្រើប្រា​ស់​ដី ថាម​ពល ការ​ដឹក​ជញ្ជូន សំណង​ និង​សំរាម​។ ទាក់​ទង​នឹង​បញ្ហា​ថាម​ពល​ ក្រសួង​បរិស្ថាន​បាន​កំណត់​ច្បាប់​លាស់​គឺ​ទី​១ប​ញ្ឈប់​ការ​សាង​សង់​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ថ្មី​លើសពី​គម្រោង​ដែល​បាន​អនុ​ម័​ត​រួច​ហើយ​។ទី​២ គឺ​ការប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​ជា​ឥន្ធនៈ​អន្តរ​កាល​ដែល​ងាយ​ធ្វើ​និយត​កម្ម ទី​៣​ការវិនិយោគ​លើ​ការនាំ​ចូលLNG ការ​ស្តុក​ទុក ​និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ ទី​៤ បង្កើន​ចំណែក​ថាមពល​កកើត​ឡើង​វិញ​ពី​ពន្លឺព្រះអាទិត្យ វា​រី​អគ្គិសនី និងជីវ​ម៉ាស់​នៅ​ល្បាយ​ថាមពល​ចំនួន៣៥ % នៅ​ឆ្នាំ ២០៥០​ ដែល​ក្នុង​នោះ ១២% ​បាន​មកពី​ពន្លឺ​ព្រះ​អាទិត្យ​ជា​ដើម​៕