
សមត្ថកិច្ចកំពុងថ្លឹងគ្រឿងញៀនដែលចាប់បាននៅខេត្តព្រះសីហនុ។ រូបថត កងរាជអាវុធហត្ថ
ភ្នំពេញៈ បុរសជាប់ចោទជាជនបរទេស២នាក់ និងបុរសខ្មែរម្នាក់នៅថ្ងៃទី១៣ធ្នូត្រូវបានតុលាការរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះពីបទជួញដូរគ្រឿងញៀនជិត២គីឡូក្រាម។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ កាលពីថ្ងៃទី១២ ធ្នូ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញដល់សមត្ថកិច្ចឱ្យស្រាវជ្រាវចាប់ជនសង្ស័យឱ្យបានបន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថរកឃើញតែគ្រឿងញៀន ជិត៩០០គីឡូក្រាម ក្នុងការបង្រ្កាបមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ធ្នូ តាមទូរស័ព្ទយ៉ាងខ្លីថា លោកជាប់ប្រជុំ តែសំណុំរឿងនេះនឹងប្រកាសសាលក្រមនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣។
គួរំឭកថា កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការបង្ក្រាប បទល្មើសជួញដូរគ្រឿងញៀននៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះ ធឿន តុលា ជាជនជាតិខ្មែរ ហើយបានឈានទៅគោលដៅទី២ ចាប់ខ្លួនឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិអាមេរិក នៅចំណុចមុខផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បន្ទាប់មក នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុចផ្លូវលេខ៥ ក្នុងបុរីពិភពថ្មីចំការដូងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ១គីឡូ និង១៤ក្រាម រួមនឹង ថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE) ចំនួន ៣០០,៦០ក្រាម ផងដែរ។
លោក ស ខេង បានថ្លែងនៅក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទី១៦ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថា ប្រសិនបើយើងគ្រាន់តែប្រមូលគ្រឿងញៀនបានជិត៩០០គីឡូក្រាមនេះមក តែយើងមិនចាប់ ឧក្រិដ្ឋជនជាមេខ្លោង ឬអ្នកជួញដូរគ្រឿងញៀននោះ មកដាក់ទោស ហាក់ដូចជា បេសកកម្មរបស់យើងមិនទាន់ចប់ទេ ហើយក៏មិនទាន់ជោគជ័យដែរ។សមត្ថកិច្ចពាក់ព័ន្ធត្រូវតែធ្វើកិច្ចការស្រាវជ្រាវរកប្រភពឱ្យច្បាស់ទាក់ទងនឹងករណីគ្រឿងញៀនដែលបង្រ្កាបបាន ដោយត្រូវវែករកមុខឧក្រិដ្ឋជនឱ្យឃើញ។
លោកលើកឡើងថា៖«អ្វីដែលហៅថា ជោគជ័យ គឺចាប់ជនល្មើសមកដាក់ទោស ទើបហៅថា ជោគជ័យ ព្រមទាំងស្រាវជ្រាវបន្ដលើជនល្មើសដទៃទៀត រហូតឈានទៅដល់បទល្មើសសម្អាតប្រាក់ បញ្ហាទាំងនេះ គឺជាបញ្ហាដ៏សំខាន់របស់កម្ពុជាផងដែរ»។
កាលពីថ្ងៃទី១១ធ្នូ ឆ្នាំ ២០២២កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានចុះប្រតិបត្តិការឆែកឆេរឃ្លាំងមួយ កន្លែងស្ថិតនៅភូមិ២ សង្កាត់លេខ១ក្រុង-ខេត្តព្រះសីហនុដោយបានរកឃើញគ្រឿងញៀនប្រភេទកេតាមីនជិត៩០០គីឡូក្រាមច្រកក្នុងការុង។
លោកឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១២ធ្នូថា ក្នុងប្រតិបត្តិការពេលនោះ សមត្ថកិច្ចរកមិនឃើញជនណាម្នាក់ នៅក្នុងឃ្លាំងទេ ក៏ប៉ុន្តែសមត្ថកិច្ចបានឆែកឆេរឃើញការុងចំនួន៣៤ ការុង ដែលនៅក្នុងនោះ មានវេចខ្ចប់កញ្ចប់ជាដុំៗហើយនៅក្នុងកញ្ចប់នោះជាម្សៅគ្រឿងញៀនកេតាមីនទម្ងន់រហូតដល់៨៨៤គីឡូក្រាម។
សមត្ថកិច្ចនៅមិន ទាន់ដឹងថា ឃ្លាំងនោះ ជាកម្មសិទ្ធិរបស់បុគ្គលណានៅឡើយទេ ព្រោះកំពុងស្ថិតក្នុងការស្រាវជ្រាវ។ ប៉ុន្តែបើយោងតាមអាជ្ញាធរដែនដីបានអះអាងថា ឃ្លាំងនោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានជួលឱ្យជនជាតិចិន៕