ភ្នំពេញៈ ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រួមគ្នា​ប្រឆាំង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ ឬ​ថ្នាំ​ផ្សះ ស្របពេល​អង្គការ​សុខភាព​ពិភពលោក​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច ធ្វើ​យុទ្ធនាការ​ស្វែង​រក​ការគាំទ្រ​ឱ្យបាន​ ១​ លាន​នាក់​ដើម្បី​ប្តេជ្ញា​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​​ផ្សះ​លើស​កម្រិត និង​មិនបាន​ត្រឹមត្រូវ​។​

​យុទ្ធនាការ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាងលិច​របស់ WHO ប្រឆាំងនឹង​ថ្នាំ​ផ្សះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​បណ្តាញ​សង្គម ហើយ​គិត​មកទល់​ថ្ងៃទី ​១៣ ធ្នូ ឆ្នាំ​ ២០២២ មាន​ពលរដ្ឋ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផង​ប្រមាណ​ជាង ២២ ​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ចូលរួម​នៅក្នុង​យុទ្ធនាការ​នេះ​។​

WHO​ បានឱ្យដឹងថា មនុស្ស​ម្នាក់ៗ​អាច​ចាត់វិធានការ​ងាយ​មួយចំនួន ដើម្បី​ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​ប្រឆាំងនឹង​ភាពស៊ាំ​របស់​ថ្នាំ​ផ្សះ ដោយ​សន្យាថា​នឹង​ចាត់វិធានការ និង​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​ផ្សះ​លើស​កម្រិត និង​មិន​ត្រឹមត្រូវ​។​

​អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹង​បន្តថា ការចូលរួម​របស់​ព​ល​រដ្ឋ​ទូទៅ ក៏​អាចធ្វើ​ទៅបាន​តាមរយៈ​ការស្វែងរក​ការណែនាំ​ពី​អ្នកជំនាញ​សុខា​ភិ​បាល​ត្រឹមត្រូវ​មុននឹង​ប្រើ​ថ្នាំ​ផ្សះ ហើយ​ប្រសិនបើ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យប្រើ​ថ្នាំ​ផ្សះ គឺត្រូវធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​អំពី​របៀប​លេបថ្នាំ ណែនាំ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​អំពី​ភាពស៊ាំ​របស់​ថ្នាំ​ផ្សះ​។​

WHO​ បាន​បញ្ជាក់ថា​៖ «​សូម​អរគុណ​សម្រាប់​ការសន្យា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នៃ​ថ្នាំ​ផ្សះ​តាមរយៈ​ការការពារ​កុំឱ្យ​ឆ្លង​មេរោគ និង​បញ្ឈប់​ការប្រើ​ថ្នាំ​ផ្សះ​លើស​កម្រិត និង​មិន​ត្រឹមត្រូវ​។ វិធានការ​ផ្សេងៗ​ដែល​អ្នក​បាន​សន្យា​ធ្វើ នឹង​ជួយ​ឱ្យ​សហគមន៍​មាន​សុវត្ថិ​ភាព និង​មាន​សុខភាព​ល្អ​។ សូមជួយ​ផ្សព្វផ្សាយ​ដល់​គ្រួសារ និង​មិត្តភក្តិ​ថា អ្នក​បាន​សន្យា​រួចហើយ ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឱ្យធ្វើ​ដូច​អ្នក​ដែរ​»​។​

​ជាមួយគ្នានេះ WHO ក៏បាន​ណែនាំ​ដល់​ពលរដ្ឋ​ឱ្យចូល​រួមការ​ការពារ​ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​នានា ដើម្បី​ជា​ចំណែក​នៃ​ការកាត់បន្ថយ​ភាព​ស៊ាំ​នឹង​ឱសថ​ដោយ​ត្រូវអនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ​តាមរយៈ​លាងដៃ​ខ្ញុំ​ជាប្រចាំ ការរៀបចំ​អាហារ​ប្រកបដោយ​អនាម័យ និង​ធានា​ឱ្យបាន​ថា វ៉ាក់សាំង​ដែល​គ្រប់គ្នា​បាន​ចាក់​នៅមាន​ប្រសិទ្ធភាព​ការពារ​បាន​។​

​ភាពស៊ាំ​នៃ​ថ្នាំ​ផ្សះ កើតឡើង​នៅពេល​បាក់តេរី និង​អតិ​​សុខុម​ប្រាណ​ផ្សេងៗ ផ្លាស់ប្តូរ បន្ទាប់ពី​បាក់តេរី និង​អតិសុខុម​ប្រាណ​ប៉ះ​នឹង​ឱសថ​ប្រឆាំងនឹង​មេរោគ​។ ថ្នាំ​ផ្សះ​ស្ថិតនៅក្នុង​ចំណោម​ឱសថ​ប្រឆាំង​មេរោគ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​បំផុត ហើយ​ការប្រើ​ថ្នាំ​ផ្សះ​លើស​កម្រិត​និង​មិន​ត្រឹមត្រូវ ធ្វើឱ្យ​ភាពស៊ាំ​កើតឡើង​កាន់តែ​លឿន និង​ធ្វើឱ្យ​អ្នក​ប្រើ​មាន​គ្រោះថ្នាក់​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជាបាន​អះអាងថា ភាពស៊ាំ​នៃ​ថ្នាំ​ផ្សះ​អាច​ប៉ះពាល់​អ្នក​រាល់គ្នា ទោះ​អាយុ​ប៉ុន្មាន​ក៏ដោយ នៅក្នុង​ប្រទេស​ណាក៏ដោយ ព្រោះ​វា​ជាការ​គំរាមកំហែង​ដល់​សុខ​ភាព​មនុស្ស សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

​ក្រសួង​បាន​បន្តថា ការចូលរួម​របស់​អ្នក​គ្រប់គ្នា​ក្នុងការ​កាត់​បន្ថយ​ការប្រើ​ថ្នាំ​ផ្សះ គឺ​បាន​ចូលរួមចំណែក​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ជួយសង្គ្រោះ​អនាគត​របស់​យើងទាំងអស់គ្នា ដោយ​ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​បាន​តាមរយៈ​វិធី​ងាយៗ ​២​ យ៉ាង គឺ​កា​បញ្ឈប់​ការប្រើ​ថ្នាំ​ផ្សះ​លើស​កម្រិត និង​មិន​ត្រឹមត្រូវ និង​ការពារ​កុំឱ្យ​ការឆ្លង​មេរោគ​រីក​រាលដាល​។

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​ «​រួមគ្នា​ប្រឆាំង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​ឬ​ថ្នាំ​ផ្សះ​។ ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ កើតឡើង​នៅពេលដែល​បាក់តេរី វីរុស​ផ្សិត និង​ប៉ារ៉ាស៊ីត​ផ្លាស់ប្តូរ​ទៅតាម​ពេលវេលា ហើយ​លែង​ឆ្លើយតប​ទៅនឹង​ឱសថ​ប្រឆាំង​មេរោគ​ដែល​យើង​ប្រើ​។ សូម​ប្រើ​ឱសថ​ប្រឆាំង​មេរោគ តាម​ការណែនាំ​របស់​គ្រូពេទ្យ ដើម្បីឱ្យ​ឱសថ​ទាំង​នោះ​មាន​ប្រសិទ្ធភាព​»​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ព្យាករ​ថា បើ​គ្មាន​ការ​សហ​ការ​ពហុ​វិស័យ​លើ​ការគ្រប់គ្រង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នោះទេ បញ្ហា​នេះ​នឹង​ធ្វើឱ្យ​មនុស្ស​ស្លាប់​រៀងរាល់ឆ្នាំ នឹង​កើន​ឡើងដល់ ​១០ ​លាន​នាក់​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​ ២០៥០ ខណៈដែល​ការ​ព្យាករ​បាន​បង្ហាញថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រមាណ​ជាង​ ២៤ លាន​នាក់ ប្រឈម​នឹង​ភាពក្រីក្រ​កាន់តែខ្លាំង​នៅក្នុង​ឆ្នាំ​ ២០៣០៕