
រថយន្តចង្កូតស្ដាំដែលបើកបរនៅក្នុងរាជធានីភ្នំពេញកន្លងមក។ ហុង មិនា
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រំឭកចុងក្រោយដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ នៅក្នុងប្រទេសដែលបានចុះបញ្ជីរួចឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលត្រឹមថ្ងៃទី ៣១ ខែធ្នូ និងបានព្រមានចាត់វិធានការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោល តាមច្បាប់ បើផុតថ្ងៃឱសានវាទ។
ការរំឭក និងព្រមានជាថ្មីនេះ បានធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានផ្តល់ការអនុគ្រោះ និងពន្យារពេលម្តងហើយ ម្តងទៀតក្នុងការផ្តល់ឱកាសដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅក្នុងប្រទសដែលបានចុះបញ្ជីរួច ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១២ ខែធ្នូថា អនុលោមតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ នេះ។
គិតមកទល់នឹងពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សង្កេតឃើញថា ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ ជ្រកក្រោមស្លាកលេខផ្សេងៗភាគច្រើនលើសលប់បានចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាកររួចរាល់ ប៉ុន្តែមានម្ចាស់ ១ ចំនួននៅមិនទាន់ចូលមកបំពេញកាតព្វកិច្ចនេះនៅឡើយទេ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំឭកជាចុងក្រោយដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ ចូរម្ចាស់រថយន្តចង្គូតស្តាំ ដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បំពេញកាតព្វកិច្ចពន្ធនិងអាករ ប្រញាប់មកបង់ពន្ធនិងអាករនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ដែលបានចុះបញ្ជីរថយន្តខ្លួន ឱ្យបានមុនការកំណត់ជាកំហិត។
អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា «រថយន្តគ្រប់ប្រភេទរួមទាំងរថយន្តដែលបានចុះបញ្ជីរួចហើយមិនទាន់បំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមឱសានវាទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ នឹងត្រូវបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះឡើយ»។
លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ត្រឹមខែតុលា កម្ពុជាប្រមូលពន្ធគយបានជិត ២០ លានដុល្លារពីការបង់ពន្ ធ(ដំណាក់កាលទី ២) ពីរថយន្តចង្កូតស្តាំដែលមានស្រាប់ក្នុងប្រទេស ក្នុងនោះជាង ៩០% នៃរថយន្តទាំងនោះជាប្រភេទរថយន្តដឹកទំនិញ ដែលមានឆ្នាំផលិតលើសពី ១០ ឆ្នាំឡើង។
លោកបានបន្តថា សម្រាប់ការអនុវត្តយុទ្ធនាការប្រមូលចំណូលពន្ធពីរថយន្តចង្កូតស្តាំដែលមានស្រាប់ក្នុងស្រុកគឺមានចំនួន ៩ ៨១៤ គ្រឿង ក្នុងនោះមានរថយន្តជិត ៦ ០០០ គ្រឿងហើយដែលបានចូលមកបំពេញកាតព្វកិច្ចបង់ពន្ធរួចរាល់ និងនៅសល់ជាង ៣ ០០០ គ្រឿងទៀត មិនទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ។
លោកគឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជានៅតែទទូចឱ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ចំពោះបញ្ហានេះ ហើយបានជំរុញឱ្យម្ចាស់រថយន្តចង្កូតស្តាំដែលមិនទាន់បានអនុវត្តកាតព្វកិច្ច គួរតែចូលរួមបំពេញកាតព្វកិច្ចឱ្យបានទាន់ពេល ចៀសវាងបន្តសកម្មភាពខុសច្បាប់ទៀត។
បន្ថែមពីនេះ លោក គឹម បញ្ញា ចង់ឱ្យរដ្ឋាភិបាលកំណត់ល្បឿនដាច់ដោយឡែក ១ សម្រាប់អ្នកបើកបររថយន្តប្រភេទនេះ និងបង្កើតការបណ្តុះបណ្តាលមួយជាប្រចាំ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានានៅលើដងផ្លូវ ខណៈការបើកបររថយន្តចង្កូតស្តាំ ក្នុងប្រព័ន្ធច្បាប់ដែលប្រកាន់ស្តាំគឺប្រឈមនឹងហានិភ័យខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមស្លាកលេខផ្សេងៗចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២១ និងបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្ នាំ២០២២។ក្នុងដំណាក់កាលនោះ (ពីខែកញ្ញាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១) រថយន្តទាំងអស់ (ចង្កូតឆ្វេង និងស្តាំ) ដែលមកបំពេញកាតព្វកិច្ចបង់ពន្ធត្រូវទទួលបានការអនុគ្រោះពន្ធ ១០ ភាគរយ ប៉ុន្តែលក្ខខណ្ឌសម្រាប់រថយន្តចង្កូតស្តាំ គឺត្រូវកែចង្កូតមកឆ្វេង។
ទោះជាយ៉ាងណា បន្ទាប់ពីផុតឱសានវាទខាងលើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យរថយន្តចង្កូតស្ដាំអត់ពន្ធដែលមានស្រាប់នៅក្នុងប្រទេស (ដំណាក់កាលពី ២) អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ។
ការអនុគ្រោះនេះបានកំណត់ឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ តម្រូវឱ្យមកចុះបញ្ជីជារថយន្តមានស្រាប់ក្នុងប្រទេស ត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីបានចុះបញ្ជីរួច អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទុកពេលឱ្យម្ចាស់ រថយន្តទាំងនោះរហូតឱ្យដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២ ០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ ហើយត្រូវបានពន្យារពេលជាថ្មីទៀតត្រឹមចុងខែធ្នូនេះ៕
វីដេអូ៖