
លោក ឌិត ទីណា នៅក្នុងកម្មវិធីកាលពីថ្ងៃទី១៣ ធ្នូ។ រូបថត សហការី
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់ប្រកបដោយយុទ្ធសាស្ត្រ ហើយពិនិត្យដោះស្រាយបញ្ហាតាមតម្រូវការឈើជាក់ស្តែង ធៀបនឹងតម្រូវការអភិរក្សដើម្បីបម្រើផលប្រយោជន៍ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និងប្រព័ន្ធជីវចម្រុះ។
លោករដ្ឋមន្ត្រីបានណែនាំបែបនេះកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងពេលដែលរដ្ឋបាលព្រៃឈើបានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ដែលសម្រេចបាននាពេលកន្លងមកនៅទីស្តីការក្រសួងកសិកម្ម។
នៅក្នុងជំនួបប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា៖« ចំពោះខ្ញុំ ការងារប្រឆាំងនឹងការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលជាការងារសំខាន់ ដែលមន្ដ្រីពង្រឹងច្បាប់ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម»។
លោកបានបន្ថែមថា បទល្មើសលាងសម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា ចំណែកការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះទៀតសោត ត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោក សាន់ ម៉ាឡា សកម្មជនបរិស្ថានព្រៃព្រះរកា ខេត្តព្រះវិហារ បានថ្លែងនៅថ្ងៃទី១៤ ខែធ្នូថា ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះគឺជារឿងត្រឹមត្រូវ ប៉ុន្តែយ៉ាងណាក៏ដោយលោកទាមទារឱ្យក្រសួងកសិកម្មគួរតែបង្កើតនូវយន្តការ ពិសេសមួយដើម្បីតាមដាននូវការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ក្រោម សំដៅធ្វើឱ្យប្រាកដថា មានលក្ខណៈសុក្រឹតត្រឹមត្រូវ ឬ មានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយនឹងឈ្មួញខិលខូច ឬយ៉ាងណា។
លោកបានឱ្យដឹងទៀតថា ដើម្បីឱ្យការអនុវត្តច្បាប់ធ្វើឡើងប្រកបដោយប្រសិទ្ធភាព ហើយអាចដោះស្រាយនូវតម្រូវការឈើជាក់ស្តែងពិតប្រាកដ សម្រាប់ការប្រើប្រាស់ក្នុងស្រុក ឬក៏ការនាំចេញទាំងឡាយណាដែលធ្វើឡើងដើម្បីប្រយោជន៍ជាតិពិតប្រាកដនោះ លុះណាតែក្រសួង អាជ្ញាធរពាក់ព័ន្ធទាំងអស់ បើកទូលាយឱ្យសាធារណជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចូលរួម ។
លោកថ្លែងថា៖«បើសិនការដកហូតធនធានធម្មជាតិដើម្បីអភិវឌ្ឍប្រទេស មិនមានការបើកទូលាយ មិនមានតម្លាភាពនោះទេ ការដកហូតនឹងក្លាយទៅជាគ្រោះមហន្តរាយសម្រាប់ប្រទេសខ្មែររបស់យើង»។
លោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ថ្លែងនៅថ្ងៃទី១៤ ខែធ្នូថា ក្រោយពីមានការណែនាំរបស់រដ្ឋមន្ត្រីរួចមកប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដែលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ នៅមិនទាន់មានការកោះប្រជុំដាក់ចេញផែនការយុទ្ធសាស្ត្រថ្មី នៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងនាមរដ្ឋបាលព្រៃឈើថ្នាក់ក្រោម លោកនឹងសហការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរ និងថ្នាកដឹកនាំ ថ្នាក់ខេត្តដើម្បីជំរុញការទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំឱ្យបានល្អ។
លោកបានឱ្យដឹងទៀតថា បទល្មើសព្រៃឈើក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះ ឃើញថា មិនមានបទល្មើសព្រៃឈើខ្នាតធំកើតឡើងនោះទេ នៅមានបទល្មើសព្រៃឈើតូចៗមួយចំនួនកើតឡើង ដោយសារប្រជាពលរដ្ឋទៅកាប់ឈើលក្ខណៈប្រពៃណីយកទៅធ្វើផ្ទះ ធ្វើបង្អួច ទ្រុងជ្រូក រោងមាន់ ប៉ុណ្ណោះ។
លោកថ្លែងថា៖«បើពលរដ្ឋគាត់យកឈើទៅប្រើប្រាស់ជាលក្ខណៈគ្រួសារនៅមូលដ្ឋាន អ៊ីចឹងយើងត្រូវពិនិត្យពិចារណាហើយធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ និងបែងចែកឱ្យច្បាស់លាស់ ហើយយើងត្រូវពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់លើបទល្មើសលក្ខណៈទ្រង់ទ្រាយធំ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ធំៗ ផងដែរ»។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ ប្រឆាំងការសម្អាតប្រាក់ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញដល់ក្រសួងកសិកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត យកចិត្តទុកដាក់ចាត់វិធានការប្រឆាំងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដើម្បីរួមចំណែកដល់ការលើកស្ទួយមុខមាត់របស់កម្ពុជា និងដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះឱ្យបាន។
លោកបញ្ជាក់ថា៖«បទល្មើសព្រៃឈើ បទល្មើសនេសាទ បទល្មើសប្រឆាំងអំពើពុករលួយ និងបទល្មើសផ្សេងៗទៀត ជារួមគឺបទល្មើសទាំងឡាយណាដែលគេអាចប្រមូលលុយយកទៅធ្វើអំពើភេរវកម្ម ធ្វើអាវុធមហាប្រល័យគឺទាមទារឱ្យគ្រប់ស្ថាប័នត្រូវខិតខំដើម្បីប្រឆាំងទប់ស្កាត់ឱ្យបាន»៕