
លោកហ៊ុន សែន និងភរិយាពេលប្រារព្ធពិធីនៅមុខអង្គរវត្តកន្លងមក ។ ហុង មិនា
សៀមរាបៈ ការប្រារព្ធខួបលើកទី៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេស គឺសម្តែងនូវការដឹងគុណដល់បុព្វបុរសខ្មែរដែលបានពលិកម្ម ដើម្បីបុព្វហេតុអរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស។
នេះជាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងការអបអរសាទរខួបលើកទី៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នេះ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា ខួបលើកទី៣០ ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនេះ ក៏ជារំឭកដល់ការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូលផងដែរ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ ក្រោយមក សន្និសីទអន្តរជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ ១៩៩៣។
សន្និសីទនេះធ្វើឡើងក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រ ពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារ អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរ។ ដើម្បីសម្រេចគោលដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ថា អាយស៊ីស៊ីអង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ ១៩៩៣។
លោក ហ៊ុន សែន បានបញ្ជាក់ថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យាបរិស្ថាន និងសហគមន៍មនុស្សផងដែរ។តំបន់នេះមានផ្ទៃក្រឡាសរុប ៤០១ គីឡូម៉ែត្រការ៉េ។
លោកថ្លែងថា «នៅក្នុងរមណីយដ្ឋានអង្គរទាំងមូលមានប្រាសាទជិត ១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក»។
ក្នុងព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរនេះដែរ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខនៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ដើម្បីរំឭកគុណ និងសម្តែងកត្តញ្ញូតាធម៌ចំពោះបុព្វបុរស ឥស្សរជនដែលបានកសាង និងការពារថែរក្សាមរតកវប្បធម៌រហូតមកដល់សព្វថ្ងៃនេះ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងពិធីនោះថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានភារកិច្ចទាំងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងការចូលរួមអភិរក្ស និងការពារអង្គរ ដែលមិនត្រឹមតែជារតនសម្បត្តិនៃបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលផងដែរ។
លោកស្រីថ្លែងថា៖ «ព្រឹត្តិការណ៍រំឭកគុណអង្គរនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែធ្នូ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០២២ នេះតទៅ ហើយនិងចូលរួមចំណែកផ្តោតសំខាន់ជាមួយក្រសួងមន្ទីរ អាជ្ញាធរដែនដី តាមរយៈការបំផុសឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ១ នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ ១ ដង ក្នុង ១ ឆ្នាំ។ពោល គឺមកទស្សនាហើយចង់មកទស្សនាទៀត»។
លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បានឱ្យដឹងថា ពិធីបុណ្យរំឭកគុណអង្គរនឹងរៀបចំតាំងសមិទ្ធផលសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ព្រមទាំងដៃគូអន្តរជាតិនានា ដើម្បីបង្ហាញជូនសាធារណជនជាតិ និងអន្តរជាតិស្វែងយល់បន្ថែមក្នុងនោះក៏មានការសម្តែងសិល្បៈមួយចំនួនផងដែរ។ដូចជានៅថ្ងៃទី ១៤ ខែធ្នូ ចាប់ពីម៉ោង ៦ យប់តទៅ មានការរៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ដែលមានការសម្តែងសិល្បៈទស្សនីយភាពដោយក្រុមសិល្បៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមសិល្បៈនៃមហាជនផ្សេងៗទៀត។
ដោយឡែកនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ចាប់ពីម៉ោង ៦ យប់តទៅ និងមានការសម្តែងសិល្បៈអាយ៉ៃឆ្លើយឆ្លងដោយលោក ព្រហ្ម ម៉ាញ នៅបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ បន្ទាប់មកទៀតនឹងមានការបញ្ចាំងខ្សែភាពយន្តរឿង Surviving Bokator ដែលបើកឱ្យចូលទស្សនាដោយសេរី។ ចំណែកថ្ងៃទី ១៦ ខែធ្នូ ចាប់ពីម៉ោង ៦ យប់តទៅនឹងមានការសម្តែងសិល្បៈល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូព៌ នៅបរិណអតីតទីស្នាក់ការពលីបេតិកភណ្ឌចាស់៕