ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​​គមនាគមន៍ លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ដែល​បានបញ្ចប់​ការ​ប្រឡង​បាក់​ឌុប​ក្នុងពេល​ថ្មីៗ​នេះ គួរ​ចាប់យក​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ដោយ​អះអាងថា បច្ចេកវិទ្យា កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការធ្វើ​ធុរកិច្ច ការផ្តល់​សេវាសាធារណៈ និង​សេវា​ផ្សេងៗ​ទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​ការជំរុញ និង​លើកទឹកចិត្ត​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​​ឌុប​) ឆ្នាំ​​ ២០២២ កាលពី​ថ្ងៃទី ​៥ និង​ទី​ ៦ ខែធ្នូ និង​គ្រោង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​ ២៧ ខែធ្នូ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​ប្រកាស​លទ្ធផល​ទូទាំងប្រទេស​នៅ​ថ្ងៃទី​ ២៨ ខែធ្នូ​។ សម្រាប់​ការប្រឡង​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​ ១២៨ ១៣៥​ នាក់ ក្នុងនោះ​ស្រី​ ៦៨ ៧៧១​ នាក់ បាន​ចូល​​រួមការ​ប្រឡង​នៅតាម​មណ្ឌល​ទាំង​ ២២១ ទូទាំងប្រទេស​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គម​ន៍ (​ក​.​ប​.​ទ​) បាន​លើកឡើងថា សិស្សានុសិស្ស​ដែល​បានបញ្ចប់​ការ​ប្រឡង​បាក់​ឌុប​ថ្មីៗ​នេះ កំពុងតែ​ពិចារណា ជ្រើសរើស​ជំនាញ​សិក្សា​បន្ត​នៅ​សាកល​វិទ្យាល័យ ស្របពេល​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការប្រឡង​របស់ខ្លួន​។

​ក្រសួងបាន​បន្តថា បច្ចុប្បន្ន​ជំនាញ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ឌីជីថល​ដូចជា វិទ្យាសាស្ត្រ​កុំព្យូទ័រ ទូរគមនាគមន៍ និង​បណ្តាញ ពាណិជ្ជកម្ម​អេឡិចត្រូនិក ព័​ត៌​មាន​វិទ្យា (IT) ជាដើម មានការ​ចាប់​អារម្មណ៍​ច្រើន​ពី​សិស្សានុសិស្ស និង​អាណាព្យាបាល ប៉ុន្តែ​ព័ត៌មាន​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​នេះ​នៅមានកម្រិត​។

​ក្រសួង បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យ​ពិចារណា​ចាប់យក​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល និង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពង្រឹងសមត្ថភាព ទទួលបាន​ឱកាស​ការងារ​ល្អ​មាន​ប្រាក់ចំណូល​ខ្ពស់​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ និង​រួមចំណែក​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការកសាង​រដ្ឋាភិបាល​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​»​។​

​កាលពីពេល​ថ្មីៗ​នេះ ក​.​ប​.​ទ ក៏បាន​ប្រកាស​ផ្តល់​អាហា​រូប​ករ​ណ៍​ពាក់ព័ន្ធ​នឹង​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​ឆ្នាំ ​២០២៣ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត​ចន្លោះ​ពី​ ៣០០ ទៅ ៥០០​ នាក់ នៅតាម​គ្រឹះស្ថាន​អប់រំ​ក្នុងប្រទេស និង​ក្រៅប្រទេស​។ ក្រសួង ក៏​ប្រកាស​ផ្តល់​វគ្គ​បណ្តុះបណ្តាល​អ្នកជំនាញ​ឌី​ជី​ថ​ល​រយៈពេល​ ៣ ​ខែ ទៅ ​១ ​ឆ្នាំ ចន្លោះ​ពី​ ១-២​ ពាន់​នាក់ និង​វគ្គ​​បណ្តុះបណ្តាល​មន្ត្រីរាជកា​រលើ​ជំនាញ​ឌីជីថល​សម្រាប់​បង្កើន​ប្រសិទ្ធភាព​ការងារ​ចន្លោះ​ពី​ ២-៥​ ពាន់​នាក់​ផងដែរ​។​

​យោងតាម​ការអង្កេតរ​បស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​ ២០២១ បាន​បង្ហាញថា មាន​កិច្ចការងារ​ជាច្រើន​ដែល​កម្ពុជា​ត្រូវការ​បំពេញ និង​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ រួមទាំង​ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​ពលរដ្ឋ​កម្ពុជា​គ្រប់រូប ដើម្បីឱ្យ​សម្រេចបាន​នូវ​ការអនុវត្ត​ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​។ កិច្ចការងារ​ដែល​គួរ​យកចិត្តទុកដាក់​នោះ គឺ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ដើម្បី​បំពេញតម្រូវការ​ក្នុងការ​អនុវត្ត​យន្តការ​នានា​ដែល​បាន​ដាក់ចេញ​ក្នុង​ផែនការ​សកម្មភាព រួមទាំង​ធនធានមនុស្ស​ក្នុងការ​បំពេញ​កិច្ចការងារ​ផ្សេងៗ ក្នុង​ចរន្ត​សេដ្ឋកិច្ច​ឌីជីថល​។

​យុវជន ហុង តុលា ដែលជា​និស្សិត​ឆ្នាំ​ទី ​១ ផ្នែក IT បាន​បញ្ជាក់ថា​៖ «​យុវជន​កម្ពុជា កំពុង​ទទួលយក​នូវ​ចំណេះដឹង​ថ្មីៗ​អំពី​បច្ចេកវិទ្យា ក្នុង​គោល​បំណង​ពង្រីក​ពុទ្ធិ​ចំណេះ​ជំនាញ និង​ចំណេះដឹង​ទូទៅ ដើម្បីឱ្យ​ដើរ​ទាន់​បរិបទ​នៃ​សង្គម​បច្ចេក​​វិទ្យា​ក្នុងប្រទេស ក៏ដូចជា​នៅក្នុង តំបន់​ផងដែរ​ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ និង​ចូលរួម​អភិវឌ្ឍ​ជាតិ​។ សម័យ​ឥឡូវនេះ កាន់តែ​ជឿនលឿន បើ​យើង​រៀន​ជំនាញ​នេះ គឺ​ខ្ញុំ​គិតថា ពេលនេះ វា​សម្បូរ​ទី​ផ្សារ​ការងារ​»៕​