
មន្ត្រីក្រសួងអប់រំនិងតំណាងអង្គការពាក់ព័ន្ធក្នុងពិធីប្រារព្ធទិវាអ្នកស្ម័គ្រចិត្ត។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការទស្សនៈពិភពលោក និងអង្គការជាតិ អន្តរជាតិ ប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” ខណៈរយៈពេល ១ ឆ្នាំ មានអ្នកធ្វើការស្ម័គ្រចិត្ត ៥០៣ នាក់ ចូលរួមសកម្មភាពនានាទូទាំង ២៥ រាជធានី-ខេត្ត។
ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត និងផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីអបអរសាទរកិច្ចខិតខំប្រឹងប្រែង ការចែករំលែកគុណតម្លៃ និងការលើកកម្ពស់ការងាររបស់អ្នកស្ម័គ្រចិត្តក្នុងចំណោមសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល អាជ្ញាធរ រដ្ឋាភិបាល និងវិស័យឯកជន។
ក្នុងឆ្នាំនេះ ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តត្រូវបានប្រារព្ធធ្វើឡើងរួមគ្នានៅថ្ងៃទី ១៤ ធ្នូនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។ អង្គការទស្សនៈពិភពលោក បានឱ្យដឹងថា ក្នុងរយៈពេល ១ ឆ្នាំនេះ យុវជនស្ម័គ្រចិត្តទាំងនេះបានចូលរួមក្នុងគម្រោងស្ម័គ្រចិត្តចំនួន ៨៤ គម្រោង នៅទូទាំង ២៥ រាជធានីខេត្ត ហើយគម្រោងទាំងនោះ គឺបានបែងចែកទៅតាមវិស័យផ្សេងៗ ដែលមានដូចជា វិស័យសុខាភិបាល ទេសចរណ៍ ឧស្សាហកម្ម សេវាកម្ម សហគ្រិន កសិកម្ម អប់រំ និងវិស័យបរិស្ថាន។
«គម្រោងទាំង ៨៤ នេះ បានចាយថវិកាសរុបប្រមាណ ៥ ៩៥១ ដុល្លារ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២។ កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ មានចក្ខុវិស័យ និងបេសកកម្មនៅក្នុងការជំរុញឱ្យមានការទទួលស្គាល់ការងារស្ម័គ្រចិត្ត និងចូលរួមការងារស្ម័គ្រចិត្តរបស់យុវជននៅគ្រប់ស្រទាប់យុវជន សហគមន៍ ស្ថាប័ន គ្រឹះស្ថានសិក្សា និងនៅគ្រប់ក្របខ័ណ្ឌទូទាំងប្រទេស»។
ក្រោយពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជានៅឆ្នាំ ២០១១ មក ក្រសួងអប់រំ បានចាប់ផ្តើមរៀបចំអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តដែលស្របតាមយុទ្ធសាស្ត្រទី ១០ នៃគោលនយោបាយជាតិ។
ក្រសួងអប់រំបញ្ជាក់ថា នៅឆ្នាំ ២០២២ នេះ គឺជាខួបទី ៣៧ នៃការអបអរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” ហើយសម្រាប់កម្ពុជា បានបង្កើតកម្មវិធី «អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ» កាលពីឆ្នាំ ២០១៩ ហើយកម្មវិធីនេះត្រូវបានចាត់ទុកថា ជាកម្មវិធីថ្នាក់ជាតិ១ដែលធំជាងគេលើការងារស្ម័គ្រចិត្ត។
ក្រសួងបញ្ជាក់ថា៖ «នៅឆ្នាំ ២០១៩ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌលសហការជាមួយអង្គការសហប្រជាជាតិអ្នកស្ម័គ្រចិត្ត បានបង្កើតកម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ដើម្បីបង្កើតឱកាសឱ្យយុវជនតាមមូលដ្ឋានស្វែងរក និងផ្តួចផ្តើមនូវគំនិតថ្មីៗ ដើម្បីចូលរួមក្នុងការកសាង និងអភិវឌ្ឍសហគមន៍ ក៏ដូចជាកសាងសមត្ថភាពផ្ទាល់ខ្លួន សម្រាប់ការងារនាពេលអនាគត»។
លោក យាង សិទ្ធសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជន វ័យជំទង់យេនឌ័រ និងការចូលរួម នៃអង្គការទស្សនៈពិភពលោក ថ្លែងថា ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ស្ថាប័នពាក់ព័ន្ធបានរៀបចំកម្មវិធីការប្រកួតប្រជែងយកជយលាភីគម្រោងឆ្នើមចំនួន ៣ ក្រុម ក្នុងចំណោម ៨៦ ហើយមានក្រុមដែលបានអនុវត្តលើប្រធានបទធំៗចំនួន ៨ ក្នុងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ។
លោកបញ្ជាក់ថា៖ «ប្រធានបទធំៗចំនួន ៨ គឺមាន អប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ របស់យុវជនស្ម័គ្រចិត្តមកពី ២៥ រាជធានី-ខេត្ត និងស្រុកកងមាស ចំនួន ៤៣០ នាក់ដែលបានអនុវត្តគម្រោងអស់រយៈពេល ៦ ខែកន្លងមក នៅក្នុងសហគមន៍ដែលពួកគេរស់នៅ»។
កាលពីឆ្នាំ ២០២១ កម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ បានអនុវត្តនៅក្នុងរាជធានី-ខេត្ត ២៥ និងស្រុកកងមាស ដែលមានគម្រោងយុវជនចំនួន ៨៦ គម្រោង ក្នុងនោះខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី បានជាប់ជយលាភីគម្រោងឆ្នើមប្រចាំឆ្នាំ៕