ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ២៧ នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន ១៣ នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែធ្នូ បានឱ្យដឹងថា ក្រសួងរកឃើញអ្នកមានជំងឺកូវីដ ១៩ ចំនួន២៧ នាក់បន្ថែមទៀត ជាករណីឆ្លងក្នុងសហគមន៍ សុទ្ធតែប្រភេទអូមីក្រុងទាំងអស់។ក្នុងចំណោមទាំង ២៧ នាក់នោះ មាន ១៨ នាក់ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មានអ្នកជាសះស្បើយថ្មី ១៣ នាក់ និងគ្មានអ្នកស្លាប់ឡើយ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៥ ខែធ្នូនេះ ចំនួនករណីឆ្លងជំងឺកូវីដ ១៩ សរុបកើនដល់ចំនួន ១៣៨ ៣៤៧ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ១៥៨ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៣៦ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍កើនដល់ ១៦ ៥២៧ នាក់៕