
ក្រុមជនសង្ស័យជាតិចិន ៧ នាក់ ក្រោយសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ធ្នូ ។ រូបថត ប៉ូលិស
ព្រះសីហនុៈ បុរសជនជាតិចិន ៧ នាក់ ត្រូវបាននគរបាលខេត្តព្រះសីហនុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី ១៥ ធ្នូ ៤ ថ្ងៃ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនពួកគេបានពាក់ព័ន្ធករណីបង្ខាំងបុរសជនជាតិចិនម្នាក់ជំរិតទារប្រាក់មិនបានសម្រេច ដោយជនរងគ្រោះត្រូវបានក្រុមជនល្មើសយកទៅបង្ខាំងទុកនៅក្នុងផ្ទះវីឡា ១ កន្លែង ក្នុងនៅបុរី B.S.O ទី៥ ក្នុងភូមិ ៥ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី១៥ ធ្នូ ថា បុរសជនជាតិចិនទាំង៧នាក់នោះ ត្រូវបានលោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុនៅរសៀលថ្ងៃនេះ(ទី១៥ធ្នូ) ដើម្បីទុកជូនតុលាការចាត់ការបន្តទៀត។
លោកថ្លែងថា៖«នៅថ្ងៃនេះ(ថ្ងៃទី១៥ធ្នូ)យើងបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ក្រុមជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់»។
បើតាមលោកជួន ណារិន្ទ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចរបស់លោកបានទទួលសេចក្តីរាយការណ៍តាមទូរស័ព្ទប្តឹងចូលមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយបុគ្គលដែលប្តឹងនោះក៏ត្រូវជាសាច់ញាតិរបស់បុរសចិនម្នាក់ដែលជាជនរងគ្រោះ។បណ្តឹងតាមទូរស័ព្ទចូលស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា មានបុរសជាសាច់ញាតិរបស់គាត់ម្នាក់ជាជនជាតិចិន ត្រូវបានគេដឹកតាមរថយន្ត១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BQ-6785 ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុដើម្បីចាប់ជំរិតទារប្រាក់។
លោកបន្តថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់លោកទទួលបានបណ្តឹងនៅថ្ងៃទី១១ ខែធ្នូនោះភ្លាម លោកបានបញ្ជាកម្លាំងពិសេសចេញប្រតិបត្តិការបន្ទាន់ទៅតាមគោលដៅដែលសាច់ញាតិរបស់ជនរងគ្រោះបានរាយការណ៍គឺនៅផ្ទះវីឡា១កន្លែងស្ថិតនៅបុរី B.S.Oទី៥ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។លុះដល់រសៀលថ្ងៃដដែលនោះ សមត្ថកិច្ចបានឡោមព័ទ្ធទីតាំងផ្ទះវីឡា១កន្លែង និងបើកកិច្ចប្រតិបត្តិការសម្រុកចូលក្នុងផ្ទះសង្ស័យធ្វើការឆែកឆេរ ហើយរំដោះបានបុរសរងគ្រោះជាជនជាតិចិនម្នាក់ ខណៈក្រុមជនសង្ស័យបានរត់គេចខ្លួនអស់មុនសមត្ថកិច្ចទៅដល់។
លោកបានបន្តទៀតថា លុះដល់វេលាម៉ោង៥ល្ងាច កម្លាំងសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវដឹងថា ជនសង្ស័យបាននាំគ្នាជិះរថយន្ត១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9866 គេចចេញពីកន្លែង
កើតហេតុ ទៅលាក់ខ្លួននៅសណ្ឋាគារ ហឺលី ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ដោយសារការប្រើប្រាស់ជំនាញក្នុងការស្រាវជ្រាវទើបនៅថ្ងៃដដែលនោះកម្លាំងសមត្ថកិច្ចបានតាមរកមុខសញ្ញាជន
សង្ស័យឃើញ និងចាប់ខ្លួនពួកគេបានជាបន្តបន្ទាប់ក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយកើតហេតុប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «យើងចាប់ជនសង្ស័យមិនមែនតែម្តងក្រសោបបានទាំងអស់ទេ ព្រោះវានៅរាយប៉ាយហើយយើងប្រើវិធានជំនាញរបស់យើង។ជនរងគ្រោះមិនទាន់ទទួលរងការធ្វើទារុណកម្មបង្កឱ្យមានរបួសស្នាមពីក្រុមជនសង្ស័យអីទេ។ឥឡូវនេះគាត់មានសុវត្ថិភាពហើយ»។
លោកបានឱ្យដឹងទៀតថា ជនសង្ស័យទាំង៧នាក់ មានទី១-ឈ្មោះ LI GANG ភេទប្រុស អាយុ២០ឆ្នាំ,ទី២-ឈ្មោះ LIN EN ភេទប្រុស អាយុ២០ឆ្នាំ,ទី៣-ឈ្មោះ LI YONG BIN ហៅ LI CHUN ភេទប្រុស អាយុ២៥ឆ្នាំ,ទី៤-ឈ្មោះ DENG SHENG WEN ភេទប្រុស អាយុ២៦ឆ្នាំ ,ទី៥-ឈ្មោះ ZHANG SHU ភេទប្រុស អាយុ ២៧ឆ្នាំ,ទី៦-ឈ្មោះ YANG HUI ភេទប្រុស អាយុ២១ឆ្នាំ ។ ពួកគេទាំង៦នាក់ មានលំនៅបណ្តោះអាសន្នក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងគ្មានមុខរបរពិតប្រាកដឡើយ។រីឯជនទី៧-ឈ្មោះ ZHAO YUN FEI ភេទប្រុស អាយុ២៧ឆ្នាំ មានលំនៅបណ្តោះអាសន្នក្នុង ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ។
ដោយឡែកចំពោះវត្ថុតាងចាប់យក រួមមាន កាំភ្លើងខ្លីម៉ាក SIGSAUER P320SP ពណ៌ខ្មៅ និងម៉ាក ZORAKI M906-TDពណ៌ទឹកប្រាក់លាយពណ៌ខ្មៅ,ខ្នោះដៃចំនួន៥គូ,សោខ្នោះដៃ៤,ស្រោមខ្នោះ១,ដំបងឆក់ចំនួន៥
ដើម ,ស្ព្រាយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចំនួន៣ដប, ស្កុតសម្រាប់រុំ២ដុំ,លិខិតឆ្លងដែន២ក្បាល,រថយន្ត២គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BQ-6785 និងម៉ាកAlphard ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BS-9866៕