
កិច្ចប្រជុំរវាងមន្ត្រីក្រសួងសាធារណការនិងតំណាងក្រុមហ៊ុន លី ហួរ គ្រុប កាលពីថ្ងៃទី១៤ ធ្នូ ។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងពិចារណាលើការផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់អ្នកធ្វើដំណើរតាមរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿន បន្ទាប់ពីក្រុមហ៊ុន លី ហួរ បានដាក់សំណើក្នុងការផ្តល់សេវាកម្មនេះជូនអតិថិជន។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួប ជាមួយលោក លី សុភាព អគ្គនាយករងក្រុមហ៊ុន លី ហួរ គ្រុប ដើម្បីពិភាក្សាការងារស្តីអំពីសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់អ្នកធ្វើដំណើរតាមរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធនៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះ លោក លី សុភាព អគ្គនាយករងក្រុមហ៊ុន បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន លើសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់អ្នកធ្វើដំណើរតាមរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងផ្សេងៗទៀត។ នេះបើតាមការអះអាងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាមួយនឹងការស្នើសុំនេះ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួង បានលើកឡើងពីសារៈសំខាន់នៃការប្រើប្រាស់ការធានារ៉ាប់រងនិងបានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់សេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលអ្នកដំណើរតាមរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿនគ្រប់ៗគ្នា។
បន្ថែមពីនេះ លោកក៏បានលើកឡើងពីកត្តាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មធានារ៉ាប់រងបុគ្គលសម្រាប់អ្នកធ្វើដំណើរតាមរថយន្តដែលប្រើប្រាស់លើផ្លូវល្បឿនលឿនដែលលោកអះអាងថា ក្រសួងនឹងពិចារណាចំពោះសំណើរបស់ក្រុមហ៊ុន និងធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ មុនសម្រេចឱ្យប្រើប្រាស់សេវាកម្មនេះលើផ្លូវល្បឿនលឿន។
លោកបានបញ្ជាក់ថា៖ «ក្រសួងបានយល់ព្រមទទួលយកសំណើរបស់ក្រុមហ៊ុនទៅពិនិត្យពិចារណា និងណែនាំឱ្យក្រុមហ៊ុនកំណត់ពេលវេលាសមស្រប ដើម្បីសហការរៀបចំសិក្ខាសាលាជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងទៅលើវិស័យដឹកជញ្ជូន សំដៅបញ្ជ្រាបការយល់ដឹងអំពីវិស័យដឹកជញ្ជូនផ្លូវគោក និងសារប្រយោជន៍នៃការប្រើប្រាស់សេវាកម្មធានារ៉ាប់រងបុគ្គលនិងសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់ផ្សេងៗដល់សាធារណជនទូទៅ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ជាទូទៅអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន គឺមាន២ ប្រភេទ គឺមានអ្នកបើកបរ និងអ្នកធ្វើដំណើរជាមួយ។ ដូច្នេះលោកយល់ថា បញ្ហានេះ គឺជារឿងស្មុគ-ស្មាញ និងមិនមែនជារឿងងាយស្រួលនោះទេ ដែលទាមទារឱ្យមានការសិក្សាបន្ថែមទៀត ដើម្បីបញ្ជាក់ថា ក្រុមអ្នកធ្វើដំណើរដែលឆ្លងកាត់ផ្លូវល្បឿនលឿន ត្រូវមានកាតព្វកិច្ចធានារ៉ាប់រងឬយ៉ាងណា?
យ៉ាងណាក្ដី លោកលើកទឹកចិត្តឱ្យក្រសួងពិចារណាផ្តល់ជាជម្រើស និងពិនិត្យឱ្យបានល្អិតល្អន់ ប្រសិនបើតម្រូវឱ្យមានសេវាកម្មធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលសម្រាប់អ្នកធ្វើដំណើរតាមរថយន្តដែលប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវ ។
លោកបានបញ្ជាក់ថា៖«យើងចង់ឃើញមានសេវាបែបនេះ តែសុំទុកឱ្យជាជម្រើសកុំឱ្យជាកាតព្វកិច្ច ព្រោះវាមិនមែនគ្រប់គ្នាត្រូវតែធ្វើដំណើរតាមផ្លូវល្បឿនលឿនរហូតទេ គេត្រូវធ្វើដំណើរតាមផ្លូវផ្សេងៗដែរ។ ពេលខ្លះគេប្រញាប់ គេប្រើផ្លូវល្បឿនលឿនទៅ ពេលខ្លះគេមិនប្រើទេ ហើយអ្នកបើកបរខ្លះទៀត ក៏គេមានធានារ៉ាប់រងរបស់គេដែរ ហើយការធានារ៉ាប់រងរបស់គេ ក៏អាចគ្រប់ដណ្តប់ទៅលើការធ្វើដំណើរលើផ្លូវទូទាំងប្រទេសដែរ»។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតតម្លៃសេវាចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានរថយន្តបើកឆ្លងកាត់ក្នុង១ថ្ងៃៗចន្លោះពី៧ ០០០គ្រឿងក្នុងថ្ងៃធម្មតា ទៅជិត២ម៉ឺនគ្រឿងក្នុងថ្ងៃចុងសប្តាហ៍ ហើយការបង់ប្រាក់ ត្រូវធ្វើឡើងតាមចម្ងាយជាក់ស្តែងអាស្រ័យលើការធ្វើដំណើររបស់យានយន្តទាំងនោះ ខណៈក្នុងចម្ងាយ១៨៧,០៥ គីឡូម៉ែត្រ សម្រាប់រថយន្តលក្ខណៈគ្រួសារត្រូវចំណាយប្រមាណ១២ដុល្លារ៕