ភ្នំពេញៈ ក្នុង​ដំណើរ​ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ២០២២ ដែល​បន្ត​រហូត​ដល់​ខែកុម្ភៈ ឆ្នាំ​២០២៣ ​មាន​ភ្នាក់ងារ​គណ​បក្ស​នយោបាយ​​ចំនួន ៧ ៦៦២ នាក់ ក្នុង​នោះ​ស្រ្តីមាន​ចំនួន ១ ៦១៧ នាក់ ត្រូវ​បាន​គជប អនុញ្ញាត​ឱ្យ​ចូល​រួម​សង្កេត​ការណ៍​។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គជប កាល​ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២២​​ ភ្នាក់ងារ​គណ​បក្ស​នយោ​បាយ​ដែល​ត្រូវ​បាន​អនុញ្ញាត ឱ្យ​ចូល​រួម​សង្កេត​ការណ៍​មាន​គណ​បក្សចំនួ​ន​ ៦ គណ​បក្ស​ ក្នុង​នោះ​រួមមាន គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន​ចំនួន​៣ ៧៣៩​នាក់, គណបក្ស​ភ្លើង​ទៀន​មាន​ចំនួន៣ ៤៣២នា​ក់, គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មាន​ចំនួន​៣ ០៩៤ នាក់, គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ ចំនួន ១២៣ នាក់, គណ​បក្ស​យុវជន​កម្ពុជា​មាន​ចំនួន​៣៧​នាក់ និង​គណបក្ស​កម្លាំង​ប្រជាធិប​តេយ្យ មាន​ចំនួន​២២ នាក់។​

គ.ជ.ប បាន​បន្ត​ថា ការ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណ​បក្ស​នយោបាយ​ ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០២៣​។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បញ្ជាក់​ថា ៖ «ភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ ដែល​ចូល​រួម​សង្កេត​មើល​ដំ​ណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះឆ្នោត ត្រូវ​គោរព​ច្បាប់ បទ​បញ្ជា ដែល​ពាក់​ព័ន្ធ​ជាធរ​មាន និង​ប្រ​កា​ន់ខ្ជាប់​នូវ​ក្រមសីល​ធម៌ សម្រាប់​គណ​បក្ស​នយោ​បាយ បេក្ខ​ជន និង​ភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​»។​

លោក សោម សូរីដា អគ្គលេខា​ធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​បាន​ប្រាប់​ឱ្យដឹង​នៅថ្ងៃ​ទី​១៥ ខែធ្នូថា ក្នុង​ដំណើរ​ការរៀប​ចំបញ្ជីបោះ​ឆ្នោត ឆ្នាំ​២០២២ គឺមាន​រយៈ​ពេល ៥ ខែ គឺចាប់​ផ្តើម​ពីខែតុលា ឆ្នាំ​២០២២ រហូត​ដល់​ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​ក្នុង​អំឡុង​ពេល​នេះ គឺគ.ជ.ប មាន​កិច្ច​ការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ។​​

លោក​បាន​ថ្លែង​ថា ៖ «ក្នុង​រយៈ​ពេល​នេះ គឺភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ មាន​ភារកិច្ច​តាម​ដាន ដំណើរ​ការ​ទូទៅនៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះបោះ​ឆ្នោត​ដែល​ភ្នាក់​ងារគណ​បក្ស នយោបា​យ​ត្រូវ​តាម​ដាន រហូត​ដល់ គជប ប្រកាស​ផ្តល់​សុព​ល​ភាព និង​ប្រកាស​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ ២០២៣​»។​

លោក ញឿន រ៉ាដែន អ្នក​នាំពា​ក្យ​គណ​បក្សហ្វ៊ុ​ន​ស៊ិន​ប៉ិច បាន​ថ្លែង​ថា គណ​បក្សលោក​បា​នដា​ក់​ភ្នាក់​ងារ​ជាង ១៨០ ឃុំ សង្កាត់​នៅតាម​បណ្តារាជ​ធានី ខេត្ត​មួយ​ចំនួន ហើយ​គណ​បក្សលោក​ក៏បាន​ណែ​នាំឱ្យ​ភ្នាក់​ងារ​ដែល​បាន​ទទួល​ស្គាល់​ដោយ គជប បន្ត​ពិនិត្យ តាម​ដាន និង​ធ្វើរបាយ​ការណ៍​ជុំវិញ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះបោះ​ឆ្នោត​ប្រចាំ​ឆ្នាំ។​​

លោក​បន្ត​ថា ទោះជា​គណ​បក្ស​មិន​បាន​ដាក់​គ្រប់​ឃុំ​សង្កាត់ ប៉ុន្តែ តាម​ការពិនិត្យ​ជាទូទៅ មិន​មាន​អ្វីជា​បញ្ហា​ចោទ​នោះទេ នៅក្នុង​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះឈ្មោះបោះ​ឆ្នោត ដែល​រៀបចំ​ឡើង​ដោយ គជប នៅពេ​លនេះ​។

លោក ញឿន រ៉ាដែន បាន​ថ្លែង​ថា៖ «យើង​ឃើញថា ប្រជាព​លរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោ​តថ្មី​មាន​ចំនួ​ន​ច្រើន និង​ទៅ​ពិនិត្យ​បញ្ជី​ក៏ច្រើន​កុះ​ករដែរ។ នេះបើ​តាម​ភ្នាក់​ងារ​គណ​បក្សនៅ​តាម​ឃុំ សង្កាត់​បាន​ផ្តល់​មក​ឱ្យ​»៕