
លោក ស ខេង ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ រូបថត សហការី
បាត់ដំបងៈ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា សមិទ្ធផលថ្មីទាំងអស់នេះ នឹងរួមចំណែកទាក់ទាញទេសចរក្នុងស្រុក និងបរទេស ពិសេសពលរដ្ឋនឹងមានកន្លែងកម្សាន្តតក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកម្សាន្តប្រចាំថ្ងៃ ក្នុងក្រុងបាត់ដំបង។
លោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងក្ដីរីករាយដែលមានឱកាសបានមកចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ផ្សាររាត្រី និងសួនច្បារដែលរដ្ឋបាលខេត្តបានប្រសិទ្ធនាមថា «សួនសម្ដេចក្រឡាហោម»។ លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង សង្កាត់ ព្រមជាមួយក្រុមការងារគ្រប់ថ្នាក់ដែលបានរួមសាមគ្គីជាមួយកម្លាំងគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍខេត្ត និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ១៩ រីករាលដាល បន្ថែមដោយបញ្ហាជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ពិសេសប្រជាកសិករ រួមទាំងបញ្ហាប្រឈមផ្សេងៗទៀត។
លោកថ្លែងថា៖«កម្ពុជានៅតែរក្សាបានសុខសន្តិភាព ទោះបីជាមានក្រុមប្រឆាំងរាជរដ្ឋាភិបាលក៏ពិតមែន ប៉ុន្តែក្រុមប្រឆាំងទាំងនោះជាក្រុមប្រឆាំងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពោលគឺគ្មានក្រុមប្រឆាំងក្រៅច្បាប់ដែលបង្កើតជាចលនាឧទ្ទាមប្រដាប់អាវុធនោះទេ»។
លោកបន្ថែមថា កម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលសរុបទាំងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះទៀត មាន១២ដងរួចទៅហើយ ដោយមិនគិតពីការបោះឆ្នោតអសកលផង។ ជាមួយគ្នានោះ លោក ស ខេង បានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ យកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកបានជំរុញឱ្យខិតខំយកចិត្តទុកដាក់រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀន ដ្បិតគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន ក្នុងនោះក៏មានការជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានមច្ឆជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។
លោកថ្លែងថា ៖ «អាជ្ញាធរត្រូវយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ ដែលខេត្តបាត់ដំបងនេះក៏ជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលការសាងសង់គម្រោងទាំង៣នេះ គ្រោងនឹងចំណាយរយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ។
លោក ថ្លែងថា៖ «គម្រោងទាំង៣នេះគ្រោងសាងសង់រយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ គឺពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣»។
លោក សុខ លូ បានលើកឡើងទៀតថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។
សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យវិញ ធ្វើឡើងនៅលើផ្ទៃដីប្រមាណ ១៣ ៦០០ម៉ែត្រការ៉េ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប) តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត តំបន់រំឭកប្រវត្តិសាស្ត្រ តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងតំបន់រង់ចាំ។
លោក សុខ លូ បានបន្តថា៖ «ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២ ៤២៥ ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីទីតាំងវិមានឯករាជ្យ។ ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួន៣ ទ្វារធំ១ និងទ្វារតូច២ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ»៕