ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក ​សាយ ​សំអាល់ ​តំណាង​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចំនួន ​២០រូប មក​ពី​អន្តរ​ក្រសួង​ស្ថាប័ន​នានា​ចូលរួម​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ (High-Level Segment) ​នៃ​សន្និសីទ​កំពូល​រដ្ឋ​ជាភាគី​លើក​ទី១៥ នៃ​អនុសញ្ញា​សហ​ប្រជា​ជាតិ​ស្តី​ពី​ជីវៈ​ចម្រុះ (UNCBD COP-15)។

យោង​តាម​ក្រសួង​បរិស្ថាន​នៅថ្ងៃ​ទី១៦ ខែធ្នូ នេះ​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «ការលើក​កម្ពស់​និរន្តរ​ភាព​ប្រព័ន្ធ​អេកូឡូស៊ី៖​ ការកសាង​អនាគត​រួមគ្នា​សម្រាប់​ជីវិត​ទាំងអស់​នៅ​លើផែន​ដី" នៅ​ទីក្រុង​ម៉ុងរ៉េអាល​ ប្រទេស​កាណាដា»​។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី​ធានា​បាន​នូវ​ការគាំទ្រ​កម្រិត​នយោបាយ​ពី​បណ្តា​រដ្ឋ​មន្ត្រី និង​ថ្នាក់​ដឹកនាំ​នៅ​លើ​ពិភព​លោក លើ​ការរៀបចំ​ និង​អនុម័ត​ក្រប​ខ័ណ្ឌ​ការងារ​ ជីវៈ​ចម្រុះ​សកល ​ក្រោយ​ឆ្នាំ​២០២០​ (Post-2020 GBF) ​និង​សេចក្តី​សម្រេច​នានា​របស់​សន្និសីទ​ UNCBD COP-15 និង​ពិធី​សារ​ពាក់ព័ន្ធ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​តាម​របៀប​វារៈ​ឆ្នាំ២០៣០ ​និង​ចក្ខុ​វិស័យ​ឆ្នាំ២០៥០​ ស្តី​ពី«ការរស់​នៅ​​​ ដោយ​សុខដុម​រម្យនា​ជាមួយ​ធម្មជាតិ​»។

កិច្ច​ប្រជុំ​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិប​តីភាព​លោក​ Huang Runqiu រដ្ឋ​មន្រ្តី​អេកូឡូស៊ី និង​បរិស្ថាន​ នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​ជា​ប្រធាន​ UNCBD COP-15 និង​មាន​ការចូលរួម​ពី​បណ្តា​ថ្នាក់​​ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​ទាំង​១៩៣​ និង​អ្នក​ពាក់ព័ន្ធ​ សរុប​ប្រមាណ​ជា​១៨ ០០០​នាក់​។

ក្រៅពីនោះ​ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​ក៏បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក Huang Runqiu ​រដ្ឋមន្រ្តី​អេកូឡូស៊ី និង​បរិស្ថាន​ នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន និង​ជា​ប្រធាន UNCBD COP-15 ​នៅ​ទីក្រុង​ម៉ុងរ៉េអាល​ ប្រទេស​កាណាដា នោះ​ផងដែរ​៕​