ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាស៊ាន និង​សហភាព​អឺរ៉ុប ​(EU) ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​កសាង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ក៏ដូចជា​ពិភព​លោក ដោយ​លោក​អះអាងថា​សន្តិភាព​សកល​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​ដោយ​ប្រទេស​មួយចំនួន​។​

​លោក​អំពាវនាវ​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប ​៤៥ ​ឆ្នាំ រវាង​អាស៊ាន​-EU កាលពី​ថ្ងៃទី​ ១៤ ​ខែធ្នូ​នៅ​ទីក្រុង​ប្រ៊ុចសែ​ល ប្រទេស​បែលហ្ស៊ិក ដែល​លោក​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ​២០២២​។​

​លោក​ ហ៊ុន សែន ថ្លែងថា កិច្ច​​ប្រជុំ​កំពូល​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុងពេលដែល​ពហុភាគី​​និយម​បាន និង​កំពុង​ទទួលរង​នូវ​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​។ ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​ជាងនេះទៀត​នោះ​ គឺ​សន្តិភាព​សកល​ក៏​បាននិងកំពុង​ទទួល​រង​នូវ​ការគំរាមកំហែង​ដោយ​សកម្មភាព​របស់រ​ដ្ឋ​មួយចំនួន​ដែល​បំពាន​ដោយ​បើកចំហ​លើ​ច្បាប់​បទដ្ឋាន និង​គោលការណ៍​អន្តរជាតិ ដែល​ត្រូវ​បានទទួល​​ស្គាល់​ជាស​កល​។​

​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​លោក​ជឿជាក់ថា អាស៊ាន និង​ EU​ ត្រូវតែ​ធ្វើការ​ជាមួយគ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​ធានា​សណ្ដាប់​​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់​ប្រកបដោយ​បរិ​យា​ប័ន្ន ភាព​បើកចំហ តម្លាភាព និង​ការ​​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​។​

​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ក្នុងនាម​ជា​ប្លុក​តំបន់​ ២ ​ដែល​ផ្អែកលើ​ច្បាប់ និង​មាន​ការទទួល​ខុសត្រូវ​អាស៊ាន និង​សហភាព​​អឺរ៉ុប​ត្រូវ​ប្រឹងប្រែង​ឱ្យអស់​លទ្ធ​​ភាព​ដើម្បី​ការពារ និង​លើកកម្ពស់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​និង​ច្បាប់​បទដ្ឋាន និង​គោល​ការណ៍​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សកល​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការកសាង​សន្តិភាព និង​ស្ថិរភាព និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ជីវិត និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​របស់​យើង​ក៏ដូចជា​ពិភពលោក​»​។​

​លោក​លើកឡើងថា​៖ «​ជាមួយនឹង​ការកត់សម្គាល់​ផ្ទាល់ខ្លួន និង​បទពិសោធន៍​នៃ​ករណី​ជម្លោះ​ដែល​បានអូសបន្លាយ និង​បង្ក​ជា​សោកនាដកម្ម​នៅ​កម្ពុជា​ខ្ញុំ​មិនដែល​ជឿថា យើង​អាច​សម្រេចបាន​នូវ​សន្តិភាព​តាមរយៈ​ការធ្វើ​សង្គ្រាម ឬ​ការ​គំរាម​បង្ក​សង្គ្រាម​នោះឡើយ​។​ក្នុងន័យនេះ​ខ្ញុំ​សង្ឃឹម​ដោយស្មោះ​ថា យើង​គួរតែ​កំណត់​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី តាមរយៈ​ការសន្ទនា និង​ការពិគ្រោះ​យោបល់​ជា​វិធីសាស្ត្រ​រួម​របស់​យើង​»​។​

លោកហ៊ុន សែន និងសមភាគី​អឺរ៉ុប​កាល​ពីថ្ងៃ​ទី ១៤ ធ្នូ។ រូបថត SPM

​លោក​ឆា​លស៍ មី​សែ​ល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ​ថា EU និង​អាស៊ាន​គឺជា​អង្គការ​សមាហរណកម្ម​តំបន់​ជឿនលឿន​បំផុត​ចំនួន​២​របស់​ពិភពលោក​ដែល​យល់​ពីគ្នា​ទៅវិញទៅមក​យ៉ាងច្បាស់ ចែក​​រំលែក​តម្លៃ​រួម និង​ស្មារតី​កិច្ច​​សហប្រតិបត្តិ​រួម​។​ប្លុក​តំបន់​ទាំង​ ២ យល់​ពី​បញ្ហា​ប្រឈម​ក្នុងការ​ប្រែក្លាយ​ទស្សនវិស័យ​សហគមន៍​នយោបាយ​ដែល​ផ្អែកលើ​ផល​ប្រយោជន៍​រួម និង​គោលការណ៍​ច្បាប់រួម​ទៅជា​ការពិត​ជាក់ស្តែង​សម្រាប់​ប្រជាជន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​អាចធ្វើឱ្យ​ទំនាក់​ទំនង​របស់​យើង​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​របស់​យើង​។​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ​នេះ​ដើរ​ទន្ទឹមគ្នា​ជាមួយនឹង​យុទ្ធសាស្ត្រ​របស់​ EU​ សម្រាប់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ជាមួយ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​យើង​ចង់​រួមចំណែក​ដល់​ស្ថិរភាព សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​តំបន់​»​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ មេដឹកនាំ ​EU និង​អាស៊ាន​បាន​អះអាង​សាជាថ្មី​អំពី​ភាពជា​ដៃគូ​របស់ខ្លួន ដោយ​ផ្អែកលើ​តម្លៃ​រួម និង​គោលការណ៍​រួម ដូចជា សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់ ការគោរព​បូរណភាព​ទឹកដី និង​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។​

​មេដឹកនាំ ​EU និង​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួម ដោយ​បញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​ការរក្សា និង​លើកកម្ពស់​សន្តិ​ភាព សន្តិសុខ ស្ថិរភាព សុវត្ថិ​ភាព និង​សេរីភាព​នៃ​ការធ្វើ​នាវា​ចរណ៍​នៅក្នុង និង​ការហោះហើរ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង ស្របតាម​ច្បាប់​អន្តរជាតិ រួមទាំង​អនុ​សញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS)​។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា «​យើង​សូមបញ្ជាក់​សាជាថ្មី​ពី​ភាពចាំបាច់​ត្រូវ​បង្កើន​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក អនុវត្ត​ការ​អត់​​ធ្មត់​ដោយ​ខ្លួនឯង​ក្នុង​ការធ្វើសកម្មភាព​ទាំងអស់ និង​ចៀស​​វាង​សកម្មភាព​ដែល​អាច​បង្កើន​ភាព​តានតឹង និង​ហានិភ័យ​នៃ​គ្រោះថ្នាក់ ការយល់ច្រឡំ និង​ការ​គណនា​ខុស ក៏ដូចជា ការ​បន្ត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ស្របតាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួលស្គាល់​ជាស​កល រួមទាំង UNCLOS ឆ្នាំ​ ១៩៨២​ ផងដែរ​»​។​

​លោក​ យង់ ពៅ អគ្គលេខា​​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការគោរព​ច្បាប់​អន្តរជាតិ​គឺជា​គោលការណ៍​គ្រឹះ​សំខាន់បំផុត​សម្រាប់​ធានា​នូវ​សន្តិភាព និង​បូរណភាព​នៃ​រដ្ឋ​ជា​សមាជិក​អង្គការ​សហ​ប្រជា​​ជាតិ (UN)​ ដូចជា​ករណី​ប្រទេស​​រុស្ស៊ី​លើកទ័ព​ទៅ​ទន្ទ្រាន​ឬក៏​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ នេះ​ស​បញ្ជាក់ថា ការ​ទៅ​បំបែក​រដ្ឋ​ភ្ជាប់​ទឹកដី​ពី​អ៊ុយ​ក្រែ​ន​មក​រុស្ស៊ី រំលោភ​លើ​ធម្មនុញ្ញ​ UN និង​ច្បាប់​អន្តរជាតិ​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ ដើម្បី​ធានាឱ្យមាន​សន្តិភាព​ជាស​កល​ហ្នឹង​គឺ​យើង​ត្រូវតែ​គោរព​ច្បាប់​និង​គោរព​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ចៀសវាង​ប្រទេស​ធំ​ឬក៏​ប្រទេស​មានអំណាច​ខ្លាំង​ទៅ​ទន្ទ្រាន​ទៅ​លុកលុយ​បណ្ដា​ប្រទេស​ទន់ខ្សោយ​។ ឧទាហរណ៍​ថា ឥឡូវ​បើ​យើង​នាំគ្នា​គាំទ្រ​រុស្ស៊ី​ទន្ទ្រាន​អ៊ុយ​ក្រែ​ន អ៊ីចឹង​វា​នឹងមាន​ករណី​ផ្សេងទៀត​ទៅ​ទន្ទ្រាន​ទឹកដី​ផ្សេងទៀត​។ អ៊ីចឹង​ការ​​គោរព​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​នេះ​គឺជា​គោលការណ៍​គ្រឹះ​សំខាន់​សម្រាប់​ធានា​សណ្ដាប់ធ្នាប់​ពិភពលោក​»​។​

​សម្រាប់​លោក សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់ ក៏បាន​លើក​ឡើង​ដែរ​ថា ការ​ខិត​ទៅរក​ទំនាក់​ទំនង​ជាមួយ​អាស៊ាន​ពី​សំណាក់​សហភាព​អឺរ៉ុប ព្រោះ​សហភាព​អឺរ៉ុប​មិន​ចង់ឃើញ​តំបន់​អាស៊ាន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ចិន​។ មួយវិញទៀត សហភាព​អឺ​​រ៉ុ​ប​ផ្តល់​លម្ហ​បត់បែន​សម្រាប់​អាស៊ាន​នៅ​ចំពោះ​មុខការ​ប្រណាំងប្រជែង​កាន់តែ​ស្រួចស្រាល់​រវាង​សហរដ្ឋអាមេរិក និង​ចិន​។​

​លោក​ សេង វណ្ណ​លី បាន​ពន្យល់ថា​៖ «​ទោះបីជា​សហភាព​អឺរ៉ុប​មាន​ទំនាក់ទំនង​យុទ្ធ​សាស្ត្រ និង​សន្តិសុខ​ជិតស្និទ្ធ​ជា​​មួយ​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​ខ្លួន​នឹងមិន​អនុវត្តតាម​យុទ្ធ​សាស្ត្រ​រាំងខ្ទប់​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំងនឹង​ចិន​យ៉ាង​តឹង​​រ៉ឹង​នោះទេ ព្រោះថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​២​របស់​សហភាព​អឺរ៉ុប និង​ជា​តួអង្គ​សំខាន់​ទាក់ទិន​នឹង​បញ្ហា​ប្រឈម​សកល​»៕