
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ កាលពីថ្ងៃទី ១៤ ធ្នូ ២០២២។ រូបថត Sar Kheng Page
បាត់ដំបងៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យមានការធ្វើតេស្តរកសារធាតុញៀនលើប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចង់ចូលធ្វើការងាររដ្ឋ និងការងារឯកជនផ្សេងៗ ព្រមទាំងសិស្សានុសិស្សផងដែរ ហើយប្រសិនបើការធ្វើតេស្តរកឃើញសារធាតុញៀន គឺមិនអនុញ្ញាតឱ្យចូលធ្វើការ ឬបន្តការសិក្សាឡើយ។
លោក ស ខេង ថ្លែងបែបនេះក្នុង ពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យបវេល វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ១៤ ធ្នូ ២០២២។
លោកថ្លែងថា៖ «ប្រជាពលរដ្ឋគ្រប់រូបដែលមានបំណងចូលធ្វើប៉ូលិស ឈរឈ្មោះក្រុមប្រឹក្សាឃុំ ធ្វើមេភូមិ មន្ត្រីរាជការស៊ីវិលកងយោធពលខេមរភូមិន្ទ នគរបាលជាតិ អាវុធហត្ថ ឬវិស័យឯកជន រោងចក្រសហគ្រាស ក្រុមហ៊ុននានាទាំងអស់គឺត្រូវតែធ្វើតេស្តបញ្ជាក់ឱ្យដឹងថា មានសារធាតុញៀនក្នុងខ្លួនឬអត់? បើមានគឺមិនឱ្យចូលធ្វើទេ រាប់ទាំងគ្រូបង្រៀន និងសិស្សានុសិស្សផង»។
ជាមួយគ្នានោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទក៏ត្រូវមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនដូចគ្នា ហើយបើរកឃើញលើអ្នកបើកបរណានោះ នឹងមិនអនុញ្ញាតឱ្យបើកបរដាច់ខាត។ ត្រូវមានចេញវិក្កយបត្រ ឬវិញ្ញាបនបត្របញ្ជាក់ថា គ្មានគ្រឿងញៀន ជាឯកសារសម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារធ្វើ។
លោក ស ខេង ជំរុញឱ្យគ្រប់វិស័យទាំងអស់ បន្ថែមលក្ខខណ្ឌក្នុងការជ្រើសរើសបុគ្គលិកដោយកំណត់ឱ្យអ្នកស្វែងរកការងារធ្វើត្រូវតែមានវិក្កយបត្រ ឬវិញ្ញាបនបត្របញ្ជាក់ថា គ្មានគ្រឿងញៀន។
លោកព្រមានថា ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាសណាដែលទទួលបុគ្គលិកឱ្យចូលធ្វើការដោយមិនមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានគ្រឿងញៀន ក្រុមហ៊ុនរោងចក្រសហគ្រាសនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកថា៖ «ក្រុមហ៊ុនអត់អាចឆ្លើយថា កាលយកមកចូលធ្វើការគាត់អត់មានសារធាតុញៀននោះទេ បើអត់ មានបានអ្វីជាភ័ស្តុតាង បើគាត់អត់បានធ្វើតេស្តផង។ អ៊ីចឹងមានន័យថា គាត់ខុសច្បាប់»។
លោកថា បញ្ហាសំខាន់រដ្ឋមិនអាចទៅបើកមជ្ឈមណ្ឌល ឬវិទ្យាស្ថាន ដើម្បីធ្វើតេស្តរកសារធាតុញៀនបានទេ ហើយការងារនេះចាំបាច់ត្រូវការវិស័យឯកជនជាអ្នកធ្វើ។ ជាមួយគ្នានោះលោក ស ខេង ក៏បានជំរុញឱ្យមានការអនុវត្តទោសសហគមន៍ចំពោះបទល្មើសតូចតាច ដែលជាប្រភេទទោសកម្រិតស្រាល ពីព្រោះការអនុវត្តទោសសហគមន៍ក៏ជាផ្នែកមួយជួយដល់ការចំណាយថវិការបស់រដ្ឋផងដែរ។
លោកថា ពន្ធនាគារសព្វថ្ងៃនេះ ផ្ទុកមនុស្សជាង ៣ ម៉ឺននាក់ ដែលប្រព្រឹត្តបទល្មើសនានាហើយចំនួននេះធ្វើឱ្យពន្ធនាគារមានភាពចង្អៀតណែន។
លោកថា ដើម្បីសម្រួលដល់កិច្ចការនេះ លោកកំពុងពិភាក្សាជាមួយ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា និងលោក ប៊ុន ហុន ក្នុងការជំរុញឱ្យមានការអនុវត្តទោសសហគមន៍។ «ច្បាប់យើងមានហើយ ហើយក្រមព្រហ្មទណ្ឌក៏ចែង ពីរឿងទោសសហគមន៍ដែរ។ គោលការណ៍ច្បាប់មានហើយ គ្រាន់តែមិនទាន់អនុវត្ត។ អ៊ីចឹងត្រូវតែអនុវត្តឱ្យបាន ប៉ុន្តែសូម ឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ រដ្ឋបាលនៅមូលដ្ឋាន ព្រោះគាត់អ្នកចែងកាតព្វកិច្ចថា ជនប្រព្រឹត្តនោះត្រូវជាប់កាតព្វកិច្ចអីខ្លះ?»។
ទោសសហគមន៍នេះចង់និយាយថា ទោសល្មមៗ ក្នុងកម្រិតតូច អត់គួរដាក់គុកទេ គួរយកមកដាក់នៅមូលដ្ឋាន ភូមិ ឃុំ តែមានលក្ខខណ្ឌព្រោះនៅទីកន្លែងឃុំខ្លួន (ពន្ធនាគារ) គ្មានកន្លែងដាក់ទៀតទេ។ លោកបន្តថា ទោសសហគមន៍ដែលចង់សំដៅនោះ គឺទោសតូចតាច លួចមាន់ លួចឆ្កែ បើកល្បែងអាប៉ោង និងជល់មាន់ជាដើម។ ប៉ុន្តែលោក ស ខេង គូសបញ្ជាក់ថា ទោះបីជនល្មើសត្រូវបានដាក់ឱ្យអនុវត្តទោសសហគមន៍ ប៉ុន្តែត្រូវអនុវត្តទៅតាមច្បាប់ដែលមានចែង និងកាតព្វកិច្ចផ្សេងៗ។
លោកថា៖ «មិនមែនឱ្យមកនៅផ្ទះដេកស្ងៀម ដេកស៊ីទេ គឺត្រូវតែបំពេញនូវកាតព្វកិច្ចមួយចំនួន...ព្រោះចាប់ហើយដាក់នៅពន្ធនាគារមិនដឹងដាក់នៅឯណា ព្រោះបើដាក់គុកយើងត្រូវផ្តល់បាយ និងទឹក»។
មន្ត្រីទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងថា សង្គមស៊ីវិលដែលធ្វើការងារផ្នែកនេះបានផ្តល់អនុសាសន៍ជាច្រើនឆ្នាំមកហើយ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តទោសសហគមន៍ ខណៈក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានចែងពីករណីនេះផងដែរ។ «អ៊ីចឹងតុលាការគួរលើកយកចំណុចនេះមកធ្វើការ ដោយអនុវត្តទោសសហគមន៍ចំពោះបទល្មើសដែលមានចែង អាចឱ្យអនុវត្តទោសសហគមន៍បាន ព្រោះការអនុវត្តទោសសហគមន៍បានគឺល្អ ទី១ មិនចំណាយថវិការដ្ឋក្នុងការចិញ្ចឹមគាត់ក្នុងពន្ធនាគារ ទី២ គាត់អាចរស់នៅជាមួយក្រុមគ្រួសារអាចផ្គត់ផ្គង់គ្រួសារបាន ហើយទី ៣ អាចជួយការងារក្នុងសហគមន៍របស់គាត់»។
លោក សំអាត បន្តថា៖ «ប៉ុន្តែកន្លងមក យើងឃើញថា ទាំងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌បានប្រជុំហើយ និងចែងក្នុងនីតិវិធីដើម្បីអនុវត្តទោសសហគមន៍ រហូតមកដល់ឥឡូវនេះ មិនទាន់មានការអនុវត្តនៅឡើយទេ»។
លោកថា ជាការពិតរឿងការអនុវត្តទោសសហគមន៍គឺជារឿងលំបាក ប៉ុន្តែបើសិនជារាជរដ្ឋាភិបាល និងអាជ្ញាធរព្យាយាមក្នុងការអនុវត្ត ហើយធ្វើការអប់រំដល់ពលរដ្ឋក្នុងមូលដ្ឋានគឺអាចធ្វើទៅបាន។
សូមបញ្ជាក់ដែរថា ក្នុងជំនួបទ្វេភាគីរវាងអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក KADA Hiroyuki កាលពីខែកក្កដាកន្លងទៅ លោក ស ខេង ប្រាប់ភាគីជប៉ុនថា៖ «សព្វថ្ងៃនៅកម្ពុជាមិនអាចអនុវត្ត (ទោសសហគមន៍) បានរលូននោះទេ ដោយសារខ្វះការគាំទ្រពីពលរដ្ឋ តែទោះយ៉ាងណាកម្ពុជា នឹងខិតខំធ្វើការងារនេះ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់រដ្ឋ»៕
វីដេអូ៖