
លោកឌិត ទីណា ក្នុងជំនួបជាមួយក្រុមការងារក្រសួងបរិស្ថានកាលពីថ្ងៃទី ១៤ ខែធ្នូ។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើឱ្យគោលនយោបាយរាជរដ្ឋាភិបាលដែលដាក់ចេញសម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់លំនៅពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯក និងឃុំពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបទទួលបានជោគជ័យ។
លោក ឌិត ទីណា បានជំរុញបែបនេះក្នុងជំនួបជាមួយក្រុមការងារតំណាងក្រសួងបរិស្ថាន ដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋដែលត្រូវផ្លាស់លំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក និងឃុំពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១៤ ខែធ្នូ។
លោករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ទៅតាមសមត្ថភាព និងលទ្ធភាពរបស់ក្រសួងស្ថាប័ននីមួយៗ សំដៅបន្តចូលរួមជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន»។
លោករដ្ឋមន្ត្រីលើកឡើងថា ក្រៅពីការរៀបចំដីឡូត៍លំនៅឋានចំនួន ១២ ០០០ ឡូត៍ និងផែនការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីអភិវឌ្ឍតំបន់នេះជាទីក្រុង រាជរដ្ឋាភិបាលមានគម្រោងដាំដើមឈើហូបផ្លែ ដំណាំបន្ទាប់បន្សំ និងសួនបន្លែ នៅតាមដីឡូត៍នីមួយៗ ដើម្បីជួយគាំទ្រជីវភាពគ្រួសារ ព្រមទាំងដាំដើមឈើលម្អនៅសងខាងផ្លូវក្នុងតំបន់នេះផងដែរ។ ការងារនេះបានចាប់ផ្តើមជាបណ្តើរៗ និងគ្រោងបន្តអនុវត្តរហូតចប់សព្វគ្រប់ នៅក្នុងឆមាសទី ២ ឆ្នាំ ២០២៣។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មចង់ឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តសៀមរាប រួមដៃគ្នាពិនិត្យលើការងារនេះហើយធ្វើការជាមួយគ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែងទៅជាទីក្រុងតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
កញ្ញាថ្លែងថា៖ «ឯកឧត្តម ឌិត ទីណា លោកចង់ឃើញការងារនេះធ្វើឡើងដោយក្រសួងពាក់ព័ន្ធទាំងអស់រួមដៃគ្នាធ្វើ ដើម្បីឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួងនីមួយៗ ធ្វើទៅតាមសមត្ថភាព និងលទ្ធភាពនិងការទទួលខុសត្រូវរៀងៗខ្លួន ប៉ុន្តែធ្វើជាមួយគ្នាដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាជន»។
លោកស្រី ឈួន អ៊ឹម មេឃុំរុនតាឯកបានឱ្យដឹងនៅថ្ងៃទី ១៥ ខែធ្នូថា បន្ទាប់ពីការសម្រុកឈូសឆាយព្រៃរៀបចំដីលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធនានាពីសំណាក់កងវិស្វកម្មលោកនាយករដ្ឋមន្ត្រី រួចមកដីឡូត៍ជាច្រើនទីតាំងត្រូវបានឈូសឆាយ និងចាក់ដីបំពេញរួចរាល់។ ប្រជាពលរដ្ឋមួយចំនួនបានរើចេញពីតំបន់អង្គរមកតាំងលំនៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ដែលក្នុងនោះ មានការរុះរើលំនៅឋានដោយខ្លួនឯង និងស្នើសុំកម្លាំងកងទ័ព ដោយការលើកដាក់សម្ភារផ្សេងៗលើឡានលើកចុះពីលើឡានដល់ទីតាំងដីឡូត៍ដោយកម្លាំងកងទ័ពផងដែរ។
លោកស្រីថ្លែងថា៖ «ពួកគាត់បានរើចេញមកគិតត្រឹមថ្ងៃនេះ [១៥ ធ្នូ] សរុបចំនួន ៥០០ គ្រួសារ មកនៅជាក់ស្ដែងដោយមិនបូករួមចំនួនពលរដ្ឋចាកចេញពីមាត់ស្ទឹង ៩៤ គ្រួសារ»។
លោកស្រីបានឱ្យដឹងទៀតថា ក្រុមការងារអគ្គិសនីកំពុងនៅប្រចាំការសម្របសម្រួលនៅទីតាំងនោះផ្ទាល់ ហើយពលរដ្ឋបាន ដាក់ពាក្យស្នើសុំភ្លើងអគ្គិសនី និងរៀបចំការសាងសង់ភូមិឋានដោយធ្វើផ្ទះឈើតូចៗសមល្មមអាចរស់នៅបាន ចំណែកទឹកប្រើប្រាស់គឺពលរដ្ឋបុកអណ្តូងខ្នាតតូចប្រើប្រាស់បណ្តោះអាសន្ន។
ចំណែក លោក វិន រេន ជំទប់ទី ១ ឃុំពាក់ស្នែង បានឱ្យដឹងនៅថ្ងៃទី ១៥ ធ្នូថា ដីនៅតំបន់ពាក់ស្នែង កំពុងត្រូវបានឈូសឆាយជាបន្តបន្ទាប់ និងមិនទាន់បានរៀបចំចេញជាឡូត៍នៅឡើយទេ។ ការឈូសឆាយនោះទៀតសោតគឺបានអនុវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់ថា បានប៉ុន្មានហិកតាហើយនៅឡើយទេ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ លំនៅឋានដែលបានចាប់ឆ្នោតរួចមានចំនួន ៩ ៦១០ គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប៕