
អ្នកស្រី ហែម ស៊ីណាត ពេលកំពុងប្រឡងបាក់ឌុប កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២។ រូបថត ក្រសួងអប់រំ
បន្ទាយមានជ័យៈ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីថ្ងៃទី ៥-៦ ធ្នូ ឆ្នាំ ២០២២ អ្នកស្រី ហែម ស៊ីណាត ជាបេក្ខជនដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះប្រឡងសរុបចំនួន ១២ ៨ ១៣៥ នាក់ ក្នុងនោះមានបេក្ខជនអវត្តមានបោះបង់ចោលការប្រឡងចំនួន ២ ៤០០ នាក់។
អ្នកស្រី ហែម ស៊ីណាត ជាគ្រូអក្ខរកម្ម អាយុ ៥៦ ឆ្នាំ នៅភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាបេក្ខជនដែលមានអាយុច្រើនជាងគេដែលបានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២។ បេក្ខជនរូបនេះនិយាយថា ការតស៊ូប្រឡងនេះ គឺដើម្បីបានសញ្ញាបត្រទៅប្រឡងចូលធ្វើគ្រូបង្រៀន រកចំណូលដោះស្រាយជីវភាពដែលកំពុងក្រខ្សត់ និងដើម្បីឱ្យក្មេងៗជំនាន់ក្រោយយកតម្រាប់តាម យល់ពីតម្លៃនៃការសិក្សា និងធ្វើយ៉ាងណាកុំបោះបង់ការសិក្សាចោល។
ស្ត្រីដែលបច្ចុប្បន្នកំពុងចិញ្ចឹម មើលថែចៅតូចៗចំនួន ៧ នាក់នេះ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីបានជិះម៉ូតូឌុបទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌល សាកលវិទ្យាល័យជាតិមានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ តាមរយៈការប្រឡងនេះ អ្នកស្រីមានក្តឹសង្ឃឹម ៥០ ភាគរយអាចនឹងជាប់។
អ្នកស្រីថ្លែងថា៖ «គោលដៅសំខាន់នៃការប្រឡងបាក់ឌុបនេះ ដើម្បីបានធ្វើជាគ្រូបង្រៀនបន្តទៀតដើម្បីយកកម្រៃ ចិញ្ចឹមខ្លួន និងចៅៗ ម្យ៉ាងទៀត ទង្វើនេះក៏ដើម្បីឱ្យក្មេងៗជំនាន់ក្រោយយកតម្រាប់តាមត្រង់ថា ធ្វើយ៉ាងណាកុំបោះបង់ការសិក្សាចោល»។
អ្នកស្រីបានឱ្យដឹងថា ការពិតអ្នកស្រី មានស្រុកកំណើតនៅ ភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ អ្នកស្រីបានផ្លាស់ប្តូរទៅរស់នៅខេត្តបាត់ដំបងតាំងពីឆ្នាំ ១៩៨៤ ហើយនៅឆ្នាំ ២០០៨ ទើបបានផ្លាស់ទៅរស់នៅខេត្តបន្ទាយមានជ័យ។ អ្នកស្រីមានកូន ៤ នាក់ ហើយបច្ចុប្បន្នកូនៗទាំងអស់បានចេញទៅធ្វើការងារដោយទុកចៅៗទាំងអស់ ៧ នាក់ឱ្យអ្នកស្រីមើលថែ។
អ្នកស្រីថ្លែងថា៖ «កូនៗកាលមុននៅជុំគ្នាទាំងអស់ ប៉ុន្តែដោយសារខ្សត់ខ្សោយខ្លាំងពេកទៅក៏ចែកផ្លូវគ្នាទៅរកការងារធ្វើដើម្បីយកប្រាក់ចិញ្ចឹមកូន។ ការដែលទុកកូនៗឱ្យខ្ញុំមើលថែនេះ ដោយសារយកកូនតូចៗទៅជាមួយ ធ្វើការមិនកើត ព្រោះចៅៗអាធំទើបអាយុជិត ១០ ឆ្នាំ ហើយអាអូនតូចជាងគេទើប ១ ខួបជាង»។
អ្នកស្រីបានឱ្យដឹងទៀតថា កាលនៅស្រុកកំណើត អ្នកស្រីបានសិក្សារៀនសូត្រនៅស្រុកទូកមាស និងបានប្រឡងជាប់ឌីប្លូមនៅឆ្នាំ ១៩៨៣ ប៉ុន្តែសញ្ញាបត្រនោះបានបាត់បង់ពេលភ្លើងឆេះផ្ទះ នៅបន្ទាយមានជ័យ។
ពេលផ្លាស់ទៅរស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្នា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅឆ្នាំ ២០០៨ អ្នកស្រីត្រូវបានជ្រើសរើសឱ្យធ្វើជាគ្រូបង្រៀននៅសាលាចំណេះទូទៅ ឈ្មោះថា សាលាបឋមសិក្សាថ្មរមៀល។ សាលារៀននេះដើមឡើយ អ្នកស្រី និងអ្នកភូមិបាននាំគ្នាកាប់ឈើធ្វើជាសាលាប្រក់ស្បូវ ប៉ុន្តែក្រោយមក នៅឆ្នាំ ២០១១ ទើប មានសប្បុរសជននៅកាណាដាមកជួយធ្វើសាលាបាន ១ ខ្នង និងអង្គការអូរកណ្តឹងក៏បានជួយ ១ ខ្នងសរុបបាន ២ ខ្នងហើយ សម្រាប់បង្រៀនពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ៦ ដែលមានសិស្សកំពុងសិក្សារាល់ថ្ងៃជាង ៣០០ នាក់។
អំឡុងពេលធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាថ្មរមៀល អ្នកស្រីបានបន្តកិច្ចខិតខំប្រឹងប្រែង ដោយបង្រៀនផង និងលក់នំចំណី និងសម្ភារសិក្សាមួយចំនួនផងនៅក្នុងសាលារៀនដើម្បី បានប្រាក់ចំណូលសម្រាប់ចិញ្ចឹមកូនចៅជាបន្តបន្ទាប់។
ក្រោយមកនៅឆ្នាំ ២០១៨ អ្នកស្រីមិនបានបង្រៀនក្មេងៗទៀតទេ និងបានប្តូរមកបង្រៀនអក្ខរកម្មតាមភូមិវិញ ព្រោះការបង្រៀននៅសាលាចំណេះទូទៅ គេត្រូវការគ្រូដែលមានសញ្ញាបត្រឌីប្លូម ឬសញ្ញាបត្របាក់ឌុបទៅប្រឡង។
ចំពោះការធ្វើជាគ្រូអក្ខរកម្មជាប់កិច្ចសន្យា អ្នកស្រី ហែម ស៊ីណាត បានឱ្យដឹងថា ការងារនេះមិនបានជាប់លាប់រាល់ឆ្នាំដូចគ្រូជាប់កិច្ចសន្យានៅសាលាចំណេះទូទៅរបស់រដ្ឋនោះទេ ជួនកាលឆ្នាំខ្លះគេរើស ជួនកាលឆ្នាំខ្លះគេមិនរើសទេ ហើយការបង្រៀនអក្ខរកម្មនេះ ក្នុង ១ ឆ្នាំ បង្រៀនតែ ៨ ខែទេ ដោយទទួលបានប្រាក់ប្រចាំខែ ៥០ ម៉ឺនរៀល។
អ្នកស្រីថា៖ «ខ្ញុំទៅបង្រៀនអក្ខរកម្ម អត់មានអីជិះជួនកាលខ្ចីកង់គេជិះ ជួនកាលក៏អត់មានអីជិះទៅ ខ្ញុំអូសរទេះដាក់ចៅទៅបង្រៀន។ ខ្ញុំបង្រៀន ២ ម៉ោង គឺម៉ោង ៥ ដល់ម៉ោង ៧ [យប់] ខ្ញុំត្រឡប់មកផ្ទះវិញ»។
ដោយក្តីបំណងចង់ធ្វើជាគ្រូបង្រៀន នៅក្នុងភូមិដែលខ្លួនរស់នៅ អ្នកស្រីបានស្វះស្វែងធ្វើការដាក់ពាក្យប្រឡងយកសញ្ញាបត្រឌីប្លូមម្តងទៀត ដោយបានទៅសាកសួរនាយកសាលា ប៉ុន្តែកាលនោះត្រូវបាននាយកសាលាបញ្ជាក់ថា មិនបានទេ ដោយសារលើសអាយុ។ ប៉ុន្តែនៅពេលសួរទៅមន្ទីរអប់រំក្រៅប្រព័ន្ធគេបញ្ជាក់ថា អាចចុះឈ្មោះចូលប្រឡងបានព្រោះការសិក្សាគឺពេញ ១ ជីវិត មិនកំណត់អាយុនោះទេ។ អ្នកស្រីបានប្រឡងជាប់សញ្ញាបត្រឌីប្លូមនៅឆ្នាំ ២០១៩ និងបានបន្តមកប្រឡងយកសញ្ញាបត្របាក់ឌុបនៅឆ្នាំ ២០២២ នេះ។
អ្នកស្រីថ្លែងថា៖ «ក្រោយពីបានប្រឡងឌីប្លូមជាប់ខ្ញុំបានស្វ័យសិក្សាបន្ថែមទៀតហើយនៅឆ្នាំ ២០២២ នេះ បានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅអាយុ ៥៦ ឆ្នាំ។ ចំពោះការប្រឡងលើកនេះ ខ្ញុំសង្ឃឹមថា អាចនឹងជាប់ ៥០ ភាគរយ»។
អ្នកស្រីបានរៀបរាប់ប្រាប់ថា រាល់ថ្ងៃមានជីវភាពខ្វះខាតខ្លាំង ដោយត្រូវចិញ្ចឹមបីបាច់ថែរក្សាចៅៗ ៧ នាក់ក្នុងបន្ទុក ព្រោះកូនៗមិនអាចយកទៅជាមួយបានដោយសារនៅក្មេងៗពេក ជាមួយគ្នានេះចំណូលដែលបានមកពីកូនៗសម្រាប់ចិញ្ចឹមចៅក៏មិនអាចទ្រទ្រង់ឱ្យធូរស្រាលបានដែរ។ ហេតុនេះហើយទើបអ្នកស្រីខិតខំស្វះស្វែងស្វ័យសិក្សា និងប្រឡងយកសញ្ញាបត្របាក់ឌុបដើម្បីប្រឡងធ្វើជាគ្រូបង្រៀន។
ប្តីអ្នកស្រី ហែម ស៊ីណាត បានស្លាប់តាំងពី ៨ ឆ្នាំមុន គឺនៅឆ្នាំ ២០១៤ ដោយរោគាពាធ។ ស្ថានភាពបន្ទាប់ពីប្តីបានស្លាប់ទៅអ្នកស្រីបានរស់នៅដោយលំបាកវេទនា រកទទួលទានមិនគ្រប់គ្រាន់ ប៉ុន្តែចេះតែបន្តទ្រាំរស់នៅ។ កាលនោះទោះបីជាបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាចំណេះទូទៅក្តី ប៉ុន្តែក្នុងរយៈពេល ១ ឆ្នាំពេញ មិនមានប្រាក់ខែនោះទេ បន្ទាប់ពីរយៈពេល ១ ឆ្នាំ ទើបអ្នកស្រីបានទទួលប្រាក់ប្រចាំខែ ១៤ ម៉ឺនរៀល។
អ្នកស្រីបញ្ជាក់ថា កាលនោះអ្នកស្រីបានទទួលព័ត៌មានថា គ្រូជាប់កិច្ចសន្យានៅសាលាចំណេះទូទៅ បើធ្វើគ្រប់ ១០ ឆ្នាំ អាចនឹងក្លាយទៅជាគ្រូពេញសិទ្ធិបាន ប៉ុន្តែក្រោយមកអ្វីៗក៏បានប្រែប្រួលវិញ។ បច្ចុប្បន្ន ការធ្វើជាគ្រូបង្រៀន គឺទាមទារឱ្យមានសញ្ញាបត្រត្រឹមត្រូវ ហើយដើម្បីក្លាយជាគ្រូបង្រៀនបាន ត្រូវប្រឡងជាប់សញ្ញាបត្រឌីប្លូម ឬបាក់ឌុបតែម្តង។
អ្នកស្រី ហែម ស៊ីណាត ប្រាប់ទៀតថា អ្នកស្រីបានជួបគ្រោះភ្លើងឆេះផ្ទះអស់នៅឆ្នាំ ២០១៤ និងបានផ្លាស់ទៅនៅលើដីរបស់កូន ក្នុងភូមិជាមួយគ្នាដែលមានផ្ទះខ្ទមតូចដំបូលរហែក ពិបាករស់នៅជាពិសេសពេលភ្លៀងមករកដេកពួនមិនកើត។ យ៉ាងណាក៏ដោយ អ្នកស្រីថា បច្ចុប្បន្ន មានអង្គការ ១ ឈ្មោះថា អង្គការអូរកណ្តឹង បានមកធ្វើរោងឱ្យអ្នកស្រីចិញ្ចឹមជ្រូកនៅជិតសាលារៀន ហើយអ្នកស្រីក៏បានទៅនៅក្នុងរោងនោះឯង៕