
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡជាតិសន្ដិសុខសង្គម។ រូបថត NSSF
ភ្នំពេញៈ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡជាតិសន្ដិសុខសង្គម (ប.ស.ស) បានឱ្យដឹងថា ក្រុមហ៊ុនឯកជនដែលជាប់កាតព្វកិច្ចបង់ប្រាក់សោធនក្នុងខែដំបូង ស្ទើរតែទាំងអស់ បានបំពេញកាត្វកិច្ចរួចរាល់ ដោយមានតែក្រុមហ៊ុនប្រមាណ ១០ ប៉ុណ្ណោះដែលខកខាន។
ខែតុលា ឆ្នាំ ២០២២ គឺជាខែដំបូង ដែល ប.ស.ស បានអនុវត្តការប្រមូលភាគទាន របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ចំនួន ៤ ភាគរយ ដោយក្នុងនោះ ២ ភាគរយកាត់ចេញពីបុគ្គលិកផ្ទាល់ និង ២ ភាគរយកាត់ពីក្រុមហ៊ុន។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ធ្នូថា ការកាត់ប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី ១ ខែតុលា ដែលការបង់ភាគទានគឺត្រូវប្រមូលនៅដើមខែវិច្ឆិកា។ លោកបានបន្តថា ដោយសារតែវិធានការនេះថ្មី បានធ្វើឱ្យ ក្រុមហ៊ុនដែលជាប់កាតព្វកិច្ចមួយចំនួន មានភាពយឺតយ៉ាវក្នុងការរៀបចំឯកសារ ខណៈមានក្រុមហ៊ុនដ៏ច្រើនលើសលប់ បានបំពេញកាតព្វកិច្ចរបស់ខ្លួនរួចរាល់។
លោក បានបញ្ជាក់ថា៖ «ជាលទ្ធផលយើងបានដឹងហើយថា ក្នុងចំណោមសហគ្រាសគ្រឹះស្ថានដែលបានជាប់ភាគទានផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារកន្លងមកមានប្រមាណជាង ១៣ ០០០ ក្រុមហ៊ុន គឺបានបង់ភាគទានផ្នែកប្រាក់សោធនស្ទើរតែទាំងអស់ ឬប្រមាណ ៩៩,៩ ភាគរយ។ នៅសល់ក្រុមហ៊ុនតូចៗ ប្រហែលជា ១០ ក្រុមហ៊ុនទេ ដែលគាត់មិនទាន់បានបង់។ ន័យនេះមិនមែនគាត់មិនបង់ទេ គឺគាត់ស្នើពន្យារពេលក្នុងការបង់ ព្រោះគាត់រៀបចំឯកសារយឺតយ៉ាវ។ យើងក៏បានអធ្យាស្រ័យឱ្យគាត់»។
ជាមួយនឹងការអះអាងនេះ លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងដែរថា បើទោះជាង ១០ ក្រុមហ៊ុន មិនទាន់បានបង់ភាគផ្នែកប្រាក់សោធន ក៏ក្រុមហ៊ុនសហគ្រាសទាំងជាង ១៣ ០០០ ក្រុមហ៊ុន បានចូលរួមបំពេញកាតព្វកិច្ចបង់ភាគទានផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារបាន ១០០ ភាគរយ។
គិតត្រឹមខែតុលា ឆ្នាំ ២០២២ មានកម្មករនិយោជិតចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុងសហគ្រាសជាង ១៣ ៣០០សហគ្រាស បានចុះបញ្ជីនៅក្នុងប្រព័ន្ធ ប.ស.ស. ដើម្បីទទួលបានអត្ថប្រយោជន៍ និងបង់ភាគទានទៅកាន់ ប.ស.ស.។ នេះបើយោងតាមលោកសុផាន់ណារិទ្ធ។
កាលពីឆ្នាំ ២០០៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យអនុវត្តផ្នែកហានិភ័យការងារ ហើយកាលពីឆ្នាំ ២០២១ ផ្នែកនេះបានដំណើរការសម្រាប់មន្ត្រីសាធារណៈ។ ចំណែកឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិតវិស័យឯកជន ហើយឆ្នាំ ២០១៨ បានដំណើរការសម្រាប់មន្ត្រីសាធារណៈ ដោយធ្វើការធានារ៉ាប់រងសុខភាព ២៤ ម៉ោងលើ ២៤ ម៉ោង។ សម្រាប់របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០២២ សម្រាប់វិស័យឯកជននេះ។
លោក ហេង សុផាន់ណារិទ្ធ បាននិយាយថា ជារួមមិនថាកម្មករនិយោជិត ឬមន្ត្រីសាធារណៈ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នា ដែលលោកលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនឯកជន ដែលមិនទាន់បានបំពេញកាតព្វកិច្ច គួរចូលរួមអនុវត្តឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់បុគ្គលិករបស់ខ្លួន។
ខណៈនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីណែនាំស្ដីពីនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន និងនីតិវិធីនៃការដាក់អ្នករាជការឱ្យចូលនិវត្តន៍។
សេចក្ដីប្រកាសព័ត៌មានគ.ជ.ប បានឱ្យដឹងថា គ.ជ.ប អនុវត្តសម្រាប់តែការចូលនិវត្តន៍ដោយដល់អាយុចូលនិវត្តន៍ (៦០ ឆ្នាំ) ការដាក់ឱ្យចូលនិវត្តន៍មុនអាយុកំណត់ តាមការស្ម័គ្រចិត្តរបស់អ្នករាជការ នៃ គ.ជ.ប ដែលមានអតីតភាពការងារចាប់ពី ៣០ ឆ្នាំឡើងទៅ និងការចូលនិវត្តន៍ដោយបាត់បង់សម្បទាវិជ្ជាជីវៈតែប៉ុណ្ណោះ។
គ.ជ.ប អះអាងថា ប្រាក់សោធននិវត្តន៍ ត្រូវបានបើកផ្តល់ជូនអ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដោយព្រះរាជក្រឹត្យសម្រាប់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្របខ័ណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់ ឬដោយសេចក្តីសម្រេច គ.ជ.ប សម្រាប់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្របខ័ណ្ឌបោះឆ្នោតមធ្យម និងបឋម។ ដូច្នេះអង្គភាពបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់អ្នករាជការនៃគ.ជ.បត្រូវធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព ស្ថានភាពនៃនិវត្តជនម្នាក់ៗឱ្យបានទៀងទាត់ និងជាប្រចាំនៅរៀងរាល់ ៦ ខែម្តង»។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងថា នាយកដ្ឋានរដ្ឋបាល នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវរៀបចំបែបបទដែលត្រូវចូលនិវត្តន៍ឱ្យបានឆាប់ មន្ត្រីអ្នករាជការដែលមានអាយុលើសពី ៦០ ឆ្នាំ មួយចំនួន នឹងត្រូវដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ ២០២៣ និងឆ្នាំបន្តបន្ទាប់៕