ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា (​វ​.​ន​.​ស​.​ក​.)​យក​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពង្រឹង​ក្រមសីលធម៌​សារព័ត៌មាន ដើម្បី​រក្សា​គុណ​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ​របស់​សា្ថ​ប័ន​សារព័ត៌មាន ដោយ​លោក​អះអាងថា នៅមាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​កំពុង​បំពាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។​

​តាមរយៈ​សារលិខិត​ផ្ញើជូន វ​.​ន​.​ស​.​ក​.​ លើក​ទី​​១៩ ដែល​ប្រា​ព្ធ​ធ្វើឡើង​កាល​​ពីថ្ងៃ​ទី​ ១៧ ខែធ្នូ នៅ​រាជធានី​ភ្នំពេញ​លោក ហ៊ុន សែន លើកឡើងថា​៖ «​នៅមាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​បាន និង​កំពុង​បំពេញការងារ​ដោយ​បំពាន​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ ដោយ​គិតតែ​ផល​​ប្រយោជន៍​ផ្ទាល់ខ្លួន​»​។​

​លោក​បន្តថា អ្នកសារព័ត៌មាន​មួយ​ចំនួន​តូច​ទាំងនោះ​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត បំពុលសង្គម ជេរ​ប្រមាថ អុជអាល ដែល​បង្ក​នូវ​អរិភាព​នៅក្នុង​សង្គម​ធ្វើឱ្យ​កើតមាន​ជម្លោះ ការបែកបាក់​សាមគ្គីភាព បង្ក​អស្ថិរភាព សន្តិ​សុខ សណ្តាប់ធ្នាប់​សង្គម​ដែល​ធ្វើឱ្យប៉ះពាល់​តម្លៃ និង​កិត្យានុភាព​របស់​អ្នក​សារព័ត៌មាន​អាជីព និង​ធ្វើឱ្យ​សាធារណ​ជន​បាត់បង់​ជំនឿ​លើ​អ្នកសារព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន​ទាំងមូល​។​

​លោក​ហ៊ុន សែន បានផ្ដល់​អនុសាសន៍​មួយចំនួន​ដល់ វ​.​ន​.​ស​.​ក​.​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​និង​រៀបចំ​ទិសដៅ​សម្រាប់​អនុវត្ត​ដោយ​ធ្វើការ ​«​ពង្រឹង​យន្តការ​ប្រតិ​ប​ត្តិ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ឱ្យបាន​ខ្ជាប់​​ខ្ជួន និង​ប្រឆាំង​ជន​ឱកាសនិយម​ជ្រក​​ក្រោម​ស្លាក​សារព័ត៌មាន​ដើម្បី​រក្សា​គុណ​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ​របស់​សា្ថ​ប័ន​សារ​​ព័ត៌មាន​»​។​

​លោក​បានផ្ដល់​អនុសាសន៍​ដល់​វ​.​ន​.​ស​.​ក​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​ទាំង​ផ្នែក​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដើម្បីឱ្យ​អ្នកសារព័ត៌មាន​ដើរទា​ន់​ការ​វិ​វ​ឌ្ឍ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​នាពេល​បច្ចុប្បន្ន​។​

​ជាមួយនេះដែរ លោក​បាន​រំឭក​ដល់ វ​.​ន​.​ស​.​ក ឱ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​មិនត្រូវ​ធ្វើជា​ភ្នាក់ងារចែកចាយ​ព័​ត៌​មាន​ក្លែងក្លាយ​បំពុលសង្គម​ដែល​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​ចលា​ច​ល​បាត់បង់​សណ្តាប់ធ្នាប់​សង្គម​។​

​លោកនាយក​រដ្ឋមន្ត្រី​ផ្ដល់​អនុ​សាសន៍​ដល់ វ​.​ន​.​ស​.​ក បន្ត​ផ្សព្វ​ផ្សាយ​វិធានការ​ការពារ និង​ទប់​​ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​និង​ណែនាំ​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ា​ក់​សាំង​កូ​វីដ​ ១៩​ បាន​គ្រប់ៗ​គ្នា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ផ្សព្វ​ផ្សាយ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ឱ្យបាន​ទូលំទូលាយ និង​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​មហាជន​»​។​

​នៅក្នុង​វេទិកា​នេះ ចាងហ្វាង និពន្ធ​នាយក តំណាង​សមាគម និង​ជា​អ្នកដឹកនាំ​សារព័ត៌មាន​សរុប​ ៩២​ នាក់​មកពី​ ៦០ ​អង្គភាព​បាន​ជួបជុំគ្នា​ដើម្បី​ជជែក​ពិភាក្សា​ពី​ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា និង​បានអនុម័ត​សេចក្តីថ្លែងការណ៍​រួម​ស្ដីពី​ «​ការពង្រឹង​យន្តការ​ប្រតិបត្តិ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​»​។​

​អង្គភាព​សារព័ត៌មាន​ចំនួន ​៦០​ នេះ​បាន​ជំរុញឱ្យមាន​ការបង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ដាក់ពិន័យ​និង​កែលម្អ​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយសារតែ​ក្លិប និង​សមាគម​អ្នកសារព័ត៌មាន​មិនមាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ព្រមាន​ដល់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​នៅពេល​ពួកគេ​ប្រព្រឹត្ត​ខុស​។​

​សេចក្តីថ្លែងការណ៍​រួម​បញ្ជាក់ថា ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​លើកស្ទួយ​តម្លៃ​របស់​អ្នក​សារ​ព័ត៌មាន និង​ជំនឿ​របស់​មហាជន​មកលើ​សារព័ត៌មាន ជាពិសេស​ក្នុង​បរិបទ​នៃ​ការរីកដុះដាល​ខ្លាំង​នៃ​សារព័ត៌មាន​អន​ឡាញ​។​

​សេចក្តីថ្លែងការណ៍​រួម​បន្តថា ​«​វ​.​ន​.​ស​.​ក​.​យល់ឃើញថា ក្លិប​ឬ​សមាគម​អ្នកសារព័ត៌មាន​ដែលមាន​សព្វថ្ងៃ គ្មាន​ឥទ្ធិពល​គ្រប់​​គ្រាន់​ក្នុងការ​តម្រង់ទិស​អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​នោះឡើយ ដោយសារតែ​ក្លិប និង​សមាគម​ទាំងអស់​គ្មាន​សិទ្ធិ​ស្របច្បាប់​ឬ​ឥទ្ធិពល​ស្តីបន្ទោស ណែនាំ ព្រមាន​ដល់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​នៅពេល​ពួកគេ​ប្រព្រឹត្ត​ខុស​»​។​

​ប្រភព​ដដែល​បន្តថា​៖ «​វ​.​ន​.​ស​.​ក​.​យល់ឃើញថា ការបង្កើត​ក្រុមប្រឹក្សា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​មួយ​ដែលមាន​មុខងារ​ច្បាស់លាស់​ក្នុងការ​តម្រង់ទិស ដាក់ពិន័យ ក៏ដូចជា កែលម្អ​វិជ្ជាជីវៈ​សារព័ត៌មាន​ពិតជា​តម្រូវ​​ការចាំបាច់​សម្រាប់​ស្ថានភាព​សារ​​ព័ត៌មាន​នៅ​កម្ពុជា​បច្ចុប្បន្ន​»​។​

​អង្គភាព​សារព័ត៌មាន​ទាំង​ ៦០​ នេះ អំពាវនាវ​ដល់​សមាគម​អ្នក​​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ទាំងអស់​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​នេះ ហើយ​គាំទ្រ​ដំណើរការ​ក្រុមប្រឹក្សា​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​បញ្ជាក់ថា វា​ពិត​ជាមាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការលើក​​កម្ពស់​គុណភាព​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ឱ្យទទួល​បាន​នូវ​ការគោរព ផ្តល់​តម្លៃ​ពី​សាធារណជន និង​អាជ្ញាធរ​គ្រប់​មជ្ឈដ្ឋាន​។​

​លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែង​ក្នុង​វេទិកា​នោះ​ថា បច្ចុប្បន្ននេះ​នៅក្នុង​ក្រប​​ខ័​ណ្ឌ​អាស៊ាន​គឺមាន​ ៣ ​ប្រទេស​មាន​ថៃ ឥណ្ឌូនេស៊ី និង​ភូមា​ដែល​បាន​បង្កើត​ក្រុមប្រឹក្សា​ក្រម​សីលធម៌​សារព័ត៌មាន ​(Press council) ដើម្បី​កម្រិត ​(regulate)​ ខ្លួនឯង ដោយ​មិនចាំបាច់​ឱ្យ​រដ្ឋាភិបាល​ឬក៏​ក្រសួង​កម្រិត​ដាក់​ការព្រមាន​ឬក៏​ដក​អាជ្ញា​​ប័ណ្ណ​សារព័ត៌មាន​នោះទេ​។​

​លោក​ថ្លែងថា​៖ «​មានន័យថា​គាត់ ​[​អ្នកសារព័ត៌មាន​] ​មាន​បញ្ហា​អី Press council ហ្នឹង​ដើរតួនាទី​សំខាន់​នៅក្នុង​ការពន្យល់​ប្រាប់​គាត់​នៅក្នុង​ការកែតម្រូវ​ឬមួយ​ក៏​តម្រង់ទិស​។​អ៊ីចឹង​គោល​​បំណង​សំខាន់​នៃ​ការបង្កើត​ក្រុម​​ប្រឹក្សា​ក្រមសីលធម៌​អ្នក​សារព័ត៌​មាន​នេះ​គឺ​ក្នុងន័យ​ហ្នឹងឯង​»​។​

​លោក ពុ​យ គា បន្តថា ក្រម​​សីលធម៌​សារព័ត៌មាន​គឺជា​បញ្ហា​មួយ​ធំ​សម្រាប់​អ្នកសារព័ត៌មាន​ដោយសារ​កន្លងមក អ្នក​សារ​​ព័ត៌មាន​មួយចំនួន​បានដឹង​អំពី​ក្រមសីលធម៌​សារព័ត៌មាន និង​បានធ្វើ​ការអនុវត្ត​ក្រម​សីល​​ធម៌​នេះ​បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​សិក្សា​រួចមក ដោយ​លោក​បន្ថែមថា​៖ «​ក៏ប៉ុន្តែ​អ្នកសារព័ត៌មាន​យើង​មួយចំនួន​តូច លោក​អត់​ដែល​បានដឹងថា​ក្រមសីលធម៌​អ្នក​សារព័ត៌​ហ្នឹង​មានអី​ទេ​។ អ៊ីចឹង គាត់​ដើរតួនាទី​ទៅ​វា​ហួស​»៕