ភ្នំពេញៈ កម្ពុជា និង​សា​ធា​​រណ​រដ្ឋ​គុយបា ឯកភាពគ្នា​ពង្រឹង និង​ជំរុញ​បន្ថែម​លើ​កិច្ច​សហ​​ប្រតិបត្តិការ​ក្នុង​វិស័យ​សុខា​ភិ​បាល រវាង​ប្រទេស​ទាំង​ ២ ព្រមទាំង បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​វេជ្ជសាស្ត្រ និង​ឯកទេស ដែល​កិច្ចសហការ​នេះ នឹង​ចាប់​ផ្តើម​អនុវត្ត នៅ​ឆ្នាំ​ ២០២៣​។​

​ការឯកភាព​នេះ​ត្រូវបាន​សម្រេច នៅពេល​រដ្ឋលេខាធិការ​ក្រសួង​​សុខាភិបាល និង​ជា​ប្រធាន​គណៈ​​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​លោកស្រី​ឱ វណ្ណឌី​ន អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា ពីថ្ងៃ​ទី​ ១១-១៩ ខែធ្នូ ឆ្នាំ​ ២០២២​។ ទស្សនកិច្ច​នេះ ដើម្បី​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ផ្នែក​សុខាភិបាល តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់ រវាង​ក្រសួង សុខាភិបាល​កម្ពុជា និង​ក្រសួង​សុខភាព​សា​ធា​រណៈ​នៃ​សាធារណរដ្ឋ​គុយបា ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ ២០២២​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ពីថ្ងៃ​ទី​ ១៧ ធ្នូ ឱ្យដឹងថា អនុស្សរណៈ​នេះ ផ្ដោតលើ​ការពិនិត្យ​លទ្ធភាព​ធ្វើ​កិច្ច​​សហការ​ផ្នែក​ឱសថ ​(​សម្រាប់​ការព្យាបាល​ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​)​។ វ៉ាក់សាំង ​(​សម្រាប់​បង្ការ​ជំងឺ​កុមារ និង​ជំងឺ​​កូ​វីដ​ ១៩)​ ឧបករណ៍ បរិក្ខារ​ពេទ្យ ព្រមទាំង​ការសិក្សា និង​ការបណ្តុះ​បណ្តាល​ស្វែងយល់​អំពី​ការងារ​ថែទាំ​សុខភាព​បឋម​របស់​ប្រទេស​គុយបា ធនធានមនុស្ស​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ និង​ឯកទេស​។​

​សេចក្តីប្រកាស​ឱ្យដឹងថា ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​លើ​ចំណុច មួយចំនួន​ដើម្បី​ជំរុញ​វិស័យ​សុខា​ភិ​បាល​ឱ្យ​ខ្លាំង​បន្ថែមទៀត​។ ចំណុច​ឯកភាព​នោះ គុយបា នឹង​ពិនិត្យ​លទ្ធភាព​បន្ថែម​អាហា​រូប​ករ​ណ៍​ដល់​និស្សិត​កម្ពុជា ទៅ​សិក្សា ផ្នែក​សុខាភិបាល​ឱ្យបាន​ច្រើន​ថែម​ទៀត ព្រមទាំង​ពិចារណា​ជាមួយ​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ នៃ​ប្រទេស​គុយបា ផ្តល់​អាហា​រូប​ករ​ណ៍​បន្ត​ការសិក្សា​ថ្នាក់​ឯកទេស ព្យាបាល​ជំងឺមហារីក ដល់​និស្សិត​ខ្មែរ ​៣ ​រូប កំពុង​សិក្សា​ថ្នាក់​វេជ្ជ​បណ្ឌិត​ទូទៅ​នៅ​ប្រទេស​គុយបា​។

​ក្រសួងសុខាភិបាល​ថា​៖ «​ភាគី​គុយបា​បាន​ឯកភាព​ក្នុងការ​បញ្ជូន ក្រុមគ្រូពេទ្យ​ឯកទេស​ជំងឺមហារីក និង​ទឹកនោមផ្អែម​ទៅ​បណ្តុះ​បណ្តាល​គ្រូពេទ្យ​កម្ពុជា ឬ​ទទួល​​យក​គ្រូពេទ្យ​កម្ពុជា​មក​ចូលរួម​បណ្តុះបណ្តាល​ដោយផ្ទាល់​នៅ​ប្រទេស​គុយបា ដែល​ក្រុមការងារ​ជំនាញ​នៃ​ភាគី​ទាំង​២​ត្រូវ​បន្ត​រៀបចំ គម្រោង​ជាក់លាក់​បន្ថែមទៀត​អំពី​តម្រូវការ និង​ពេលវេលា​»​។​

​កម្ពុជា លើកទឹកចិត្ត​ឱ្យ​គុយបា នាំយក​ផលិតផល​សម្រាប់​ព្យា​បាល​ដំបៅ បង្កដោយ​ជំងឺ​ទឹកនោម​ផ្អែម​សំដៅ​កាត់បន្ថយ ជា​អតិបរមា នូវ​អត្រា​ប្រឈម​ខ្ពស់​ទៅនឹង​ការ​កាត់​អវយវៈ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បន្តថា ការនាំយក​នូវ​ផលិតផល​ដ៏​សំខាន់​នេះ​នឹងត្រូវ​មានការ​បណ្តុះ​​បណ្តាល ជាពិសេស​លើ​បច្ចេក​ទេស​នៃ​ការប្រើប្រាស់​ឱសថ​នេះ​ពី​អ្នកជំនាញ​នៃ​ប្រទេស​គុយបា​។ ភាគី​គុយបា ក៏​នឹង​បំពេញ​ទស្សន​កិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍ មកកាន់ ប្រទេស​កម្ពុជា នា​ឆ្នាំ​ ២០២៣ ​ដើម្បី​ស្វែងរក​ឱកាស​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត​។​

​បន្ថែម​ពីនេះ គុយបានឹងធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបន្ត​សុពលភាព​បញ្ជិកា​ឱសថ និង​វ៉ា​ក់​សាំង ដែល​ធ្លាប់​ចរាចរ​នៅ កម្ពុជា និង​បន្ត​ជំរុញ​ការនាំយក​ឱសថ វ៉ាក់សាំង ឬ​សម្ភារ​បរិក្ខារ​ពេទ្យ​របស់​គុយបា​ទៅ​កម្ពុជា​ផងដែរ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បន្តថា​៖ «​ភាគី​គុយបា បាន​ឯកភាព​លើ ចំណុច​ខាងលើ ហើយ​ការងារ​ទាំងនេះ​នឹង​អាច​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​ ២០២៣ ​តទៅ ដោយ​ភាគី​កម្ពុជា ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់​លាស់​ជា​ផ្លូវការ និង​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​តម្រូវការ​ខាង​លើ​នេះ​តាម​យន្តការ​ការទូត​»​។

​លោកស្រី​ឱ វណ្ណឌី​ន បាន​បង្ហោះ លើ ​Twitter របស់លោក​ស្រី​ថា​៖ «​ខ្ញុំ​មានឱកាស​ទៅ​បំពេញ​ទស្សន​​កិច្ច​ផ្លូវការ​នៅ​ប្រទេស​គុយបា ជា​កន្លែង​ដែល​ខ្ញុំ​កំពុង​មើល​ពី​របៀប​នៃ ការថែទាំ​សុខភាព​បឋម​នៅ​ប្រ​​ទេស​គុយបា កំពុង​ត្រូវបាន​អនុវត្ត​។ យើង​បាន​ផ្លាស់ប្តូរ​ទស្សនៈ និង​ជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងអំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ ទៅកាន់​អាជ្ញាធរ​បទ​ប្បញ្ញត្តិ​ឱសថ​នៃ​ប្រទេស​គុយបា​»​។

​លោកស្រី​ថា នាយកដ្ឋាន​ផលិត និង​គ្រប់គ្រង​ឧបករណ៍​វេជ្ជសាស្ត្រ​គុយបា គឺជា​ផ្នែក​ ១ ​នៃ​មជ្ឈមណ្ឌល សហការ​របស់​អង្គការ WHO​។ ឱសថ​ព្យាបាល​ជំងឺមហារីក និង​ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​ផលិត និង​ចែកចាយ​ទូទាំង​ពិភពលោក​៕